រាជធានីភ្នំពេញ ៖ បុរសជនជាតិអង់គ្លេសម្នាក់តូចចិត្តអត់ការងារធ្វើបានចង.កធ្វើអត្តឃាត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ វិច្ឆិកា ២០១៣ នៅចំណុចផ្ទះលេខ២០២Eo ផ្លូវលេខ៥១ ក្រុមទី៦១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសជនជាតិអង់គ្លេសរូបនេះឈ្មោះ MCCANN MICHAEL PATRICK អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ១០៦២៤៨៩២១ មកកម្ពុជាជាអ្នកទេសចរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ស្ត្រីម្នាក់ឈ្មោះសិត ចាន់ធឿន អាយុ៣០ឆ្នាំ ដែលអះអាងថា ជាសង្សារបុរសជនជាតិអង់គ្លេសបានប្រាប់ថា មុនពេលកើតហេតុបុរសជាសង្សារជនជាតិអង់គ្លេសនេះបាននិយាយប្រាប់នាងថា រូបគេលែងចង់រស់ទៀតហើយ ព្រោះត្រូវមេការបញ្ឈប់ពីការងារ ពេលនោះនាងមិនបានចាប់អារម្មណ៍ទេ។ លុះនៅថ្ងៃកើតហេតុ នាង និងសង្សារបានចេញពីផ្ទះទៅផ្សារសូរិយាម៉លដើម្បីទិញបាយហូបស្របពេលនោះក៏កើតមានទំនាស់ពាក្យសម្តីគ្នាដោយសារគ្មានការងារធ្វើ និងគ្មានប្រាក់ចាយ ខណៈនោះបុរសជាសង្សារបានត្រឡប់ទៅផ្ទះ ដោយឡែករូបនាងបានទៅលេងហ្គេមក្នុងផ្សារសូរិយាម៉លរហូតដល់ម៉ោងជាង១២រំលងអធ្រាត្រក៏ត្រឡប់មកផ្ទះវិញ ហើយបានច្រានទ្វារបន្ទប់ដែលពុំមានចាក់សោចូលទៅស្រាប់តែឃើញបុរសជនជាតិអង់គ្លេសរូបនេះចង.កនឹងដែកដំបូលផ្ទះដោយខ្សែកាបូបពណ៌ខ្មៅស្លាប់បាត់ទៅហើយ ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តងទៅ ។
នគរបាលជំនាញដែលចុះពិនិត្យសពបានបញ្ជាក់ថា បុរសជាតិជាតិអង់គ្លេសនេះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតមែន ដោយបុរសរូបនេះបានសរសេរសំបុត្រមួយជាភាសាអង់គ្លេសថា «លាហើយសង្សារ លាហើយឪពុក ម្តាយ ខ្លួនធ្វើអត្តឃាតព្រោះតែពិបាកចិត្តមិនមានការងារធ្វើ»។ ក្រោយពីនគរបាលជំនាញពិនិត្យសពរួចត្រូវបានតំណាងស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាឯកភាពដឹកយកទៅតំកល់នៅមន្ទីរពេទ្យរុស្ស៊ីរង់ចាំក្រុមគ្រួសារមកទទួលយក៕
ចែករំលែកព័តមាននេះ