រាជធានីភ្នំពេញ៖ គ្មានអ្វីប្រែប្រួលទេ សម្រាប់ការគ្រោងទុកក្នុងការចរចាគ្នារវាងក្រុមបច្ចេកទេសរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីឈានដល់ជំនួបថ្នាក់ដឹកនាំកំពូលសាជាថ្មីរវាងគណបក្សទាំង២ក្នុងការដោះស្រាយបញ្ហានយោបាយក្រោយថ្ងៃបោះឆ្នោត ។ ទោះជាយ៉ាងណា ជំនួបពិភាក្សាដែលចំណាយពេលជាង៣ម៉ោងរវាងក្រុមការងារបច្ចេកទេសរបស់គណបក្សទាំង២ មិនទទួលបានផ្លែផ្កាអ្វីជាការគួរឱ្យកត់សម្គាល់សម្រាប់ការដោះស្រាយបញ្ហានយោបាយដែលជាការទាមទាររបស់គណបក្សសង្គ្រោះជាតិដែលលើកឡើងថា គោរពតាមឆន្ទៈប្រជាពលរដ្ឋនោះឡើយ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពីចប់ជំនួបចរចាគ្នានាព្រឹកថ្ងៃទី៥ វិច្ឆិកា នៅវិមានរដ្ឋសភា លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា ជំនួបរវាងក្រុមការងារបច្ចេកទេសគណបក្សទាំងពីរបានពិភាក្សាគ្នាអំពីការងារបោះឆ្នោត ។ ការជជែកគ្នាថ្ងៃនេះ ក្រុមបច្ចេកទេសមិនអាចអារកាត់ថាយ៉ាងណានោះទេ គឺក្រុមការងារនឹងយករាល់ការជជែកគ្នានេះជូនថ្នាក់ដឹកនាំកំពូល ។ ទោះបីជាមិនទាន់ទទួលបានលទ្ធផលយ៉ាងណាក្ដី ក៏ក្រុមការងារបច្ចេកទេសគណបក្សទាំងពីរនឹងជួបគ្នាលើកក្រោយទៀត នៅថ្ងៃខាងមុខឆាប់ៗនេះ ។ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ជំនួបចរចាគ្នារវាងក្រុមបច្ចេកទេសគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនេះបានពិភាក្សាគ្នាលើកិច្ចការមួយចំនួន ។ ពិសេសនោះផ្អែកលើការឯកភាពគ្នាលើចំណុចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលកាលពីថ្ងៃទី១៦ កញ្ញា កន្លងមក ។ លោក ព្រុំ សុខា បន្តថា កិច្ចពិភាក្សានៅថ្ងៃនេះក្រុមបច្ចេកទេសគណបក្សទាំងពីរមិនបានឯកភាពគ្នាអ្វីមួយនោះទេ ហើយក្រុមបច្ចេកទេសទាំងពីរបានសន្យានឹងជួបពិភាក្សាគ្នានៅពេលឆាប់ៗខាងមុខ ។ ទោះបីជាក្រុមបច្ចេកទេសជួបពិភាក្សាគ្នាយ៉ាងណាក្ដី មិនអាចសម្រេចរឿងនយោបាយចុងក្រោយជំនួសថ្នាក់ដឹកនាំបានដែរ ។
យើងគ្រាន់តែជួបគ្នា ជជែកគ្នាលើលទ្ធភាពបច្ចេកទេសប៉ុណ្ណោះ ដូច្នេះទោះបីជារបៀបវារៈរបស់តំណាងគណបក្សទាំងពីរលើកយកមកលាតត្រដាងយ៉ាងណាក្ដី ចុងក្រោយនោះត្រូវសម្រេចដោយថ្នាក់ដឹកនាំទាំងពីរដដែល ។ ពេលនេះយើងបានលើកយករបៀបវារៈមួយដែលថ្នាក់ដឹកនាំកំពូលបានឯកភាពគ្នា គឺកំណែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ ។ លោក ព្រុំ សុខា បញ្ជាក់ថា ការជជែកគ្នានេះបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សទាំង២បានស្នើឱ្យក្រុមបច្ចេកទេសជួបគ្នា ហើយការជួបគ្នានេះយកអ្វីដែលថ្នាក់ដឹកនាំពិភាក្សា និងឯកភាព និងអ្វីដែលមិនទាន់ឯកភាពគ្នាមកជជែកគ្នាតែប៉ុណ្ណោះ។ ការជជែកគ្នារវាងក្រុមបច្ចេកទេសមិនបានជជែកគ្នាពីរឿងបោះឆ្នោតទេ ព្រោះថា កាលប្រជុំថ្នាក់កំពូលបានជជែកគ្នារួចហើយ យើងនិយាយតែការកែទម្រង់ការបោះឆ្នោត ។ កំណែទម្រង់ការបោះឆ្នោតមានច្រើន ប៉ុន្តែយើងមិនបានលើកយកមកជជែកគ្នាទំាងអស់ទេ ហើយប្រសិនបើក្រុមបច្ចេកទេសរកឃើញចំណុចរួមនោះ យើងនឹងពិភាក្សាតាមក្រោយ ។ ទោះបីជាយ៉ាងណាក្តី លោកព្រំុ សុខា មិនអាចបញ្ជាក់ពីចំណុចដែលគ្រោងនឹងលើកយកមកពិភាក្សារវាងក្រុមបច្ចេកទេសនៅលើកក្រោយទេ ។ លោក យឹម សុវណ្ណ បានលើកឡើងថា គណបក្សសង្គ្រោះជាតិបានដាក់នូវរបៀបវារៈចំនួន៣ គឺទី១-ការរៀបចំគណៈកម្មការស្វែងរកការពិតសម្រាប់ម្ចាស់ឆ្នោតដើម្បីឈានទៅកែទម្រង់ការបោះឆ្នោត ។ ទី២-គណបក្សសង្គ្រោះជាតិទាមទារឱ្យថ្នាក់ដឹកនាំ គ.ជ.ប លាលែងពីតំណែងរបស់ខ្លួន និងទី៣-ទាមទារឱ្យកែទម្រង់ប្រព័ន្ធបោះឆ្នោតតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ។
លោក យឹម សុវណ្ណ បញ្ជាក់ថា ទោះបីជាភាគីម្ខាងមានលើកយកបញ្ហាមកបញ្ជាក់យ៉ាងណាក៏ដោយ ក៏ភាគីម្ខាងទៀតមិនចាប់អារម្មណ៍ បែរជាលើកបញ្ហាផ្សេងមកពិភាក្សា វាប្រៀបដូចមិនស៊ីគ្នា ។ យ៉ាងណាក៏ដោយ សេចក្តីសម្រេចក្នុងកិច្ចពិភាក្សាមានពីរគឺ ទី១-ពិភាក្សាកម្រិតនយោបាយ និងទី២-កម្រិតបច្ចេកទេស ។ កម្រិតនយោបាយអាចដោះស្រាយមានតែថ្នាក់ដឹកនាំកំពូលទើបអាចដោះស្រាយបាន ហើយកម្រិតបច្ចេកទេសវិញ ក្រុមបច្ចេកទេសបានលើកនូវចំណុចសំខាន់ៗមួយចំនួនដែលទាក់ទងនឹងកំណែទម្រង់ការបោះឆ្នោត ។ លោក យឹម សុវណ្ណ លើកឡើងថា ចំណុចនយោបាយដែលត្រូវដោះស្រាយនោះ គឺការកែទម្រង់ស្ថាប័នជាតិសំខាន់ៗរបស់រដ្ឋ ប៉ុន្តែប្រសិនបើយើងសិក្សាពីរបៀបកែទម្រង់ឱ្យសីុជម្រៅនោះវានឹងចូលក្នុងរឿងបច្ចេកទេស ។ ក្រោមការសួរពីអ្នកសារព័ត៌មានថា តើគណបក្សសង្គ្រោះជាតិបានដាក់គោលការណ៍អ្វីក៏ដូចជាសមាសភាពក្នុងកំណែទម្រង់ស្ថាប័នយា៉ងណានោះ? និងការដាក់របៀបវារៈរបស់គណបក្សសង្គ្រោះជាតិសម្រេចបានយា៉ងណា ក្នុងកិច្ចពិភាក្សានោះ ? លោក យឹម សុវណ្ណ បានលើកឡើងថា ការជជែកគ្នាមានកន្លែងទទួលយកបាន និងទទួលយកមិនបាន ហើយការបញ្ចូលសមាសភាពក្នុងការកែទម្រង់ស្ថាប័នរដ្ឋនោះ លោក យឹម សុវណ្ណ មិនបានប្រាប់ឱ្យដឹងច្បាស់ទេ គ្រាន់តែលើកឡើងថា ទុកឱ្យថ្នាក់ដឹកនាំកំពូលជាអ្នកសម្រេច ។ លោកយឹម សុវណ្ណ បានឱ្យដឹងថា ការជជែកគ្នារបស់ក្រុមបច្ចេកទេសគណបក្សទាំងពីរមិនបានជជែកគ្នាពីការប្រជុំសភាទេ ហើយលោកបានប្រកែក និងប្រកាន់ជំហរថា ដរាបណាមិនទាន់មានផែនការ និងសកម្មភាពច្បាស់លាស់នោះគណបក្សសង្គ្រោះជាតិមិនចូលប្រជុំសភាជាដាច់ខាត ។
លោក ព្រុំ សុខា បញ្ជាក់ថា ជំនួបចរចាគ្នាអស់រយៈពេលជាង៣ម៉ោងនេះ មិនមានអ្វីជាផ្លែផ្កានោះទេ ហើយក្រុមបច្ចេកទេសគណបក្សទាំងពីរ នឹងជួបគ្នានៅពេលឆាប់ៗនេះទៀត ។ ការជជែកគ្នាថ្ងៃនេះ និយាយពីការឯកភាពគ្នារបស់ថ្នាក់ដឹកនាំដែលបានឯកភាពគ្នា កាលពីថ្ងៃទី១៦ កញ្ញាកន្លងមក និងនិយាយពីការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅពេលខាងមុខ ។ ការជួបចរចាគ្នារវាងក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរបានចាប់ផ្តើមពីម៉ោង៩ព្រឹក រហូតដល់ម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៥ វិច្ឆិកា ធ្វើឱ្យអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋទន្ទឹងរង់ចាំពីលទ្ធផលដែលសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ ។ ផ្ទុយពីអ្វីដែលរង់ចាំនោះ ត្រូវបានទទួលការរិះគន់ថា ការប្រជុំនេះគឺជាអ្វីមួយដែលធ្វើឱ្យល្អមើលតែប៉ុណ្ណោះ ព្រោះតែមិនមាននរណាម្នាក់ជាអ្នកសម្រេចនោះទេ ។ សូមបញ្ជាក់ថា ក្រុមការងារបច្ចេកទេសចំនួន៥រូប មកពីគណបក្សសង្គ្រោះជាតិ ដែលត្រូវជួបចរចា ជាមួយក្រុមការងារបច្ចេសរបស់គណបក្សប្រជាជនកម្ពុជា រួមមាន លោក សុន ឆ័យ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាល លោក គួយ ប៊ុនរឿន អគ្គនាយករងរដ្ឋបាល លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការនាយក និងលោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ ។
ចំណែកក្រុមការងារបច្ចេកទេសរបស់គណបក្សប្រជាជនកម្ពុជា មានចំនួន៥រូបដែរ រួមមាន លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សម សឿន នាយករងខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា និងលោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕
ចែករំលែកព័តមាននេះ