ជារឿងល្អប្រសើរបំផុតសម្រាប់បុគ្គលដែលចង់ឱ្យសុខភាពបេះដូងបានល្អប្រសើរ ។ ចូរកុំគិតថា លោកអ្នកត្រូវធ្វើការផ្លាស់ប្តូរអ្វីមួយជាដុំកំភួន ទើបអនុវត្តឱ្យមានប្រសិទ្ធភាពនោះឱ្យសោះ ។ ជំហានមូលដ្ឋានគ្រឹះ ការផ្លាស់ប្តូរទម្លាប់រស់នៅសូម្បីបន្តិចបន្តួចក៏មានប្រសិទ្ធភាពបានដែរ ។
យើងត្រូវដឹងថា មូលហេតុមួយក្នុងចំណោមមូលហេតុធំៗនៃអត្រាប្រឈមនឹងជំងឺបេះដូងកើតមាននៅពេលដែលលោកអ្នកចាប់យកបែបបទរស់នៅប្រចាំថ្ងៃដែលរាងកាយមិនដែលធ្វើសកម្មភាពចេញញើសឬធ្វើសកម្មភាពដែរ ប៉ុន្តែតិចតួចពេក ។ ជាក់ច្បាស់ណាស់ រាងកាយរបស់អ្នកកាន់តែមានសកម្មភាពនោះ សុខភាពបេះដូងរបស់អ្នកក៏កាន់តែល្អប្រសើរឡើងផងដែរ ។ ចំពោះអ្នកដែលមមាញឹកខ្លាំងនឹងការងារចិញ្ចឹមជីវិត ការធ្វើសកម្មភាពរាងកាយរយៈពេលខ្លីក៏អាចធ្វើឱ្យសុខភាពបេះដូងល្អប្រសើរបានដែរ ។ ទោះជាយ៉ាងនេះក្តី របបអាហារទទួលទានប្រចាំថ្ងៃនិងរយៈពេលសម្រាកពេលយប់នៅតែជាកត្តាមិនអាចខ្វះបាន ។
លោកស្រីវេជ្ជបណ្ឌិត Martha Grogan ឯកទេសខាងបេះដូងមកពីអង្គការស្រាវជ្រាវវេជ្ជសាស្ត្រ Mayo Clinicមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញនូវវិធីសាស្ត្រអនុវត្តប្រចាំថ្ងៃជាជំហានដំបូង៣ចំណុចដូចខាងក្រោម ៖
១- ទទួលទាន៥ដងក្នុងមួយថ្ងៃ ៖ ទទួលទានបន្លែនិងផ្លែឈើឱ្យបាន៥ដងក្នុងមួយថ្ងៃជួយជំរុញដល់សុខភាពបេះដូង ។ គួរចាប់ផ្តើមនៅពេលទទួលទានអាហារពេលព្រឹកម្តង និងបន្ទាប់មកចន្លោះពេលបាយ ។ ចូរព្យាយាមដាក់បញ្ចូលបន្លែក៏ដូចផ្លែឈើទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកផង ។
២- ធ្វើចលនារាងកាយយ៉ាងហោច១០នាទី៖ ចូរហាត់ប្រាណយ៉ាងហោចណាស់១០នាទីឱ្យបានរៀងរាល់ថ្ងៃ ។ ពិតណាស់ គេធ្លាប់តែឮថា ហាត់ប្រាណយ៉ាងហោចពី៣០នាទីទៅ៦០នាទីក្នុងមួយថ្ងៃទើបធ្វើឱ្យសុខភាពល្អប្រសើរ ប៉ុន្តែ១០នាទីគឺជាចំនួនដែលទាបបំផុតល្មមអាចឱ្យមានការផ្លាស់ប្តូរបាន ។ ជាក់ស្តែង ការសិក្សាកន្លងមកធ្លាប់រកឃើញថា ហាត់ប្រាណចាប់ពី៦០ទៅ៩០នាទីក្នុងមួយសប្តាហ៍អាចកាត់បន្ថយហានិភ័យពីជំងឺបេះដូងបានពាក់កណ្តាល។
៣- ទទួលទានដំណេកឱ្យបាន៨ម៉ោងក្នុងមួយយប់ ៖
ដំណេកស្កប់ស្កល់គឺពិតជាផ្តល់ផលល្អចំពោះសុខភាពបេះដូង ។ វាអាចជារឿងពិបាកដើម្បីធ្វើរឿងនេះបាន ប៉ុន្តែ វាពិតជាសំខាន់ខ្លាំងណាស់។ បើទោះណា ដំណេករបស់បុគ្គលម្នាក់ៗខុសគ្នា តែដំណេករយៈពេល៨ម៉ោងក្នុងមួយយប់គឺជាជម្រើសមួយល្អ ៕
ចែករំលែកព័តមាននេះ