ខេត្តកណ្តាល ៖ មានហេតុការណ៍មួយបានភ្ញាក់ផ្អើលដោយសារតែសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋានបានចូលធ្វើការត្រួតពិនិត្យ និងឆែកឆេរផ្ទះជួលមួយកន្លែង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៩ តុលា ២០១៣ នេះ ដែលមានទីតាំងស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ បន្ទាប់ពីមានសេចក្តីរាយការណ៍តាមទូរស័ព្ទ និងប្រជាពលរដ្ឋនៅជិតខាងនោះថា បានឮសូរសំឡេងមនុស្សស្រីស្រែកទ្រហោយំរាល់យប់ និងស្រែកឱ្យគេជួយផង ។ ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចបានចូលឆែកឆេរ និងត្រួតពិនិត្យជាមួយម្ចាស់ផ្ទះខាងលើនោះរួច គឺនៅក្នុងផ្ទះមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ។
ម្ចាស់ផ្ទះខាងលើឈ្មោះអ៊ឹង ចាន់ សព្វថ្ងៃបានជួលផ្ទះនេះទៅឱ្យបរទេសម្នាក់ជាជនជាតិអូស្ត្រាលីស្នាក់នៅ ។ បើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់ពិតជាបានឮសំឡេងស្រែកយំ និងឱ្យគេជួយល្វើយៗស្ទើររាល់យប់មែន ហើយពេលថ្ងៃរះភ្លឺឡើង ក៏បាត់ស្ងាត់ទៅវិញដែរ ។ ពួកគាត់ខ្លាចក្រែងមានករណីចាប់ជំរិត ឬបង្ខាំងមនុស្សទុក ទើបពួកគាត់រាយការណ៍ជូនដល់សមត្ថកិច្ចឱ្យចុះឆែកឆេរផ្ទះនេះ ។
សមត្ថកិច្ចចម្រុះបានបញ្ចប់ការត្រួតពិនិត្យក្នុងផ្ទះនោះនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ តុលា តែនៅតែរកមិនឃើញអ្វីទាក់ទងនឹងសំឡេងស្រែកយំឱ្យជួយដូចគេរាយការណ៍នោះទេ ។ ករណីនេះបានធ្វើឱ្យគេសង្ស័យថា ផ្ទះនេះមានខ្មោចលងហើយ ។
ចែករំលែកព័តមាននេះ