សារព័ត៌មានរបស់ចិនផ្សាយថា អាជ្ញាធរខេត្តស៊ីឈួនរងការរិះគន់ចំពោះពិធីរៀបការឆ្កែពិការចំនួន២ក្បាល ក្នុងគោលបំណងដើម្បីបង្ហាញពីនិមិត្តរូបនៃក្តីសង្ឃឹម និងភាពថ្កុំថ្កើងជាថ្មីរបស់ខេត្ត ក្រោយពីរញ្ជួយដីកាលពីឆ្នាំ២០០៨ បង្កឱ្យមានអ្នកស្លាប់ជាង ៨៧.០០០នាក់ និងបំផ្លិចបំផ្លាញលំនៅឋានជាង៤,៨លានខ្នង ។
នៅក្នុងរបាយការណ៍បង្ហាញថា ឆ្កែ២ក្បាលនោះគឺ គុយគុយ និងឡានឡាន ត្រូវគេរៀបការឱ្យស្របតាមទំនៀមទម្លាប់បុរាណរបស់ចិនដោយឱ្យពួកវាជិះគ្រែស្នែងដង្ហែនៅលើដងផ្លូវ ។ អាជ្ញាធរក្នុងខេត្តស៊ីឈួនបានហៅពិធីនោះថា ជាអាពាហ៍ពិពាហ៍ដ៏សក្តិសិទ្ធិ ។ គុយគុយ ធ្លាប់ជាប់នៅក្នុងគំនរបាក់បែករយៈពេល៣ថ្ងៃ ហើយបានទទួលការជួយសង្គ្រោះពីអាជ្ញាធរ ក្រោយមកក៏បានជួបនឹងឡានឡាន ដែលរបួសធ្ងន់ ដោយរញ្ជួយដី និងត្រូវម្ចាស់បោះបង់ចោល ។ ក្រោយរញ្ជួយដី ឆ្កែទាំង២ក្បាលនោះធ្លាក់ខ្លួនពិការ ។
អ្នកស្រុករិះគន់ថា ជារឿងខ្ជះខ្ជាយមួយ និងគ្មានប្រយោជន៍ដែលអាជ្ញាធរចំណាយប្រាក់រៀបការឱ្យឆ្កែ ៕
ចែករំលែកព័តមាននេះ