រាជធានីភ្នំពេញ ៖ ជំងឺភ្នែកក្រហមកំពុងឆ្លងរាលដាលគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន និងធ្វើឱ្យមានការចោទសួរគ្នាថា តើបណ្ដាលមកពីមូលហេតុអ្វីបានជាមានការផ្ទុះជំងឺភ្នែកក្រហមគួរឱ្យភ្ញាក់ផ្អើលបែបនេះ ។ ជាក់ស្ដែង កន្លែងណា ឬលំនៅឋានណាដែលកើតជំងឺភ្នែកក្រហម តែងតែមានការឆ្លងរាលដាលពីម្នាក់ទៅម្នាក់ ហើយករណីខ្លះបង្កឱ្យហើម ឬឈឺចុកចាប់ថែមទៀតផង ។
ជួបជាមួយលោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែកបានប្រាប់កោះសន្ដិភាពឱ្យដឹងថា ជំងឺភ្នែកក្រហមជាជំងឺដែលរលាកភ្នាស.សរបស់ភ្នែកបង្កឡើងដោយពពួកវីរុសឈ្មោះ ADENOVIRUS អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័សដែលភាសាអង់គ្លេសមានឈ្មោះថា Epidemic Keratoconjunctivitis ។
១-រោគសញ្ញានៃជំងឺភ្នែកក្រហមៈ ភ្នែកឡើងក្រហម រមាស់ រកាំ ត្របកភ្នែកហើម ហៀរទឹកភ្នែក និងចាញ់ពន្លឺខ្លាំង ។
២-ការចម្លងរោគនៃជំងឺភ្នែកក្រហមៈ តាមរយៈដៃដែលមិនស្អាត ឬមានមេរោគ ។ ការប្រើប្រាស់វត្ថុរួមគ្នា ដូចជាកន្សែងជូតមុខ វ៉ែនតា គ្រឿងសម្អាងភ្នែក ថ្នាំបន្ដក់ភ្នែក ស្រោមពូក ខ្នើយ និងរបស់ផ្សេងៗជាមួយអ្នកដែលមានជំងឺភ្នែកក្រហម ។ ការចម្លងដោយវត្ថុដែលអ្នកជំងឺបានប៉ះពាល់ទៅអ្នកដទៃដូចជា បង្កាន់ដៃទ្វារ តុ ទូ កៅអី សៀវភៅ និងរបស់ផ្សេងៗ ។
៣-វិធានការការពារជំងឺភ្នែកក្រហមៈ ចំពោះ អ្នកមានជំងឺភ្នែកក្រហម ក្រោយពីជូតសម្អាតភ្នែក ឬដាក់ថ្នាំបន្ដក់ភ្នែកហើយត្រូវលាងដៃឱ្យស្អាតជាមួយសាប៊ូរៀងរាល់១ទៅ២ម៉ោងម្ដង ទាំងអ្នកជំងឺ និងអ្នករស់នៅជាមួយអ្នកជំងឺមុនចាប់កាន់របស់ផ្សេងៗដែលអាចឆ្លងទៅអ្នកដទៃ។ ពេលហៀរទឹកភ្នែកត្រូវជូតសម្អាតដោយប្រើសំឡី ឬក្រដាសសម្អាត រួចបោះចោលក្នុងធុងសំរាម ។ ចៀសវាងប្រើសម្ភាររួមគ្នាដូចជាកន្សែង ថ្នាំបន្ដក់ភ្នែក ស្រោមពូក ខ្នើយ ជាដើម។ លាងសម្អាតដៃរបស់អ្នកឱ្យបានស្អាត ក្រោយពីបន្ដក់ថ្នាំដាក់ភ្នែកឱ្យអ្នកជំងឺ ឬភ្នែករបស់អ្នក ។
៤-ការព្យាបាលជំងឺភ្នែកក្រហមៈ ជាធម្មតា ភ្នែកក្រហមនេះនឹងជាសះស្បើយមកជាធម្មតាវិញ ក្រោយការព្យាបាលរយៈពេលពី៧ទៅ១២ថ្ងៃ ។ ប៉ុន្ដែអ្នកជំងឺចាំបាច់ត្រូវមកពិនិត្យភ្នែកជាមួយគ្រូពេទ្យឯកទេស ចៀសវាងប្រើប្រាស់ថ្នាំដោយខ្លួនឯង ឬពុំមានវេជ្ជបញ្ជាត្រឹមត្រូវ ។
សូមបញ្ជាក់ថា រយៈពេល៤សប្ដាហ៍នេះ គេសង្កេតឃើញមានប្រជាជនមកពិនិត្យភ្នែកនៅតាមមន្ទីរពេទ្យ និងគ្លីនិកឯកជនទូទាំងប្រទេសប្រហែល៤.០៨៩នាក់ ។ ក្រៅពីនេះ មានអ្នកជំងឺភ្នែកក្រហមមួយចំនួនទៀតនៅតាមភូមិ-ឃុំជាច្រើនមិនទាន់បានមកពិនិត្យភ្នែកនៅឡើយទេ ៕
ចែករំលែកព័តមាននេះ