រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ដែលគេស្គាល់ថា ជាកូនប្រុសលោកឧត្តមសេនីយ៍ឯកម្នាក់នៅក្រសួងមហាផ្ទៃត្រូវបានអ្នកជិតខាងដាក់ពាក្យបណ្តឹងពីបទរំលោភបំពានចូលលំនៅឋាន ជេរប្រមាថ និងប្រើប្រាស់អាវុធខ្លីគំរាមកំហែងកាលពីថ្ងៃទី១៩ កញ្ញា ២០១៣ ស្ថិតនៅផ្ទះលេខ១៥៥ វិថីព្រះមុនីរ៉េត ផ្លូវលេខ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
មន្ត្រីនគរបាលដែលប្រជាពលរដ្ឋជិតខាងដាក់ពាក្យប្តឹងនោះឈ្មោះស ម៉ូលីនីន មានឋានន្តរស័ក្តិជាវរសេនីយ៍ឯកនៅក្រសួងមហាផ្ទៃ មានទីលំនៅផ្ទះលេខ៦២ កន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យឈ្មោះស ម៉ូលីនីន ជេរប្រមាថ និងវាយទាត់ធាក់អិដ្ឋ ព្រមទាំងយកកាំភ្លើងខ្លីម៉ាកឡុកចង្អុល និងគំរាមដល់ក្រុមគ្រួសារ និងជាងសំណង់ដោយសារខឹងម្ចាស់ផ្ទះឱ្យជាងសំណង់សាងសង់ផ្ទះដោយមានដាក់ទរទឹកគងលើព្រំដីរបស់គេ។
ទាក់ទិនរឿងនេះ លោកធីម សំអាន អភិបាលខណ្ឌទួលគោកបានឱ្យដឹងថា បញ្ហាទំនាស់រឿងសាងសង់នេះត្រូវបានអាជ្ញាធរចុះទៅសម្របសម្រួលចំនួន៦លើកហើយ ហើយនៅថ្ងៃទី២៣ កញ្ញា ត្រូវហៅភាគីទាំង២ជួបដោះស្រាយម្តងទៀត។ លោកបន្ថែមថា រឿងនេះវាប៉ះពាល់តិចតួចទេ តែដោយសារការរស់នៅមិនចេះយោគយល់គ្នាទើបបណ្តាលឱ្យក្លាយទៅជារឿងធំបែបនេះ៕
ចែករំលែកព័តមាននេះ