ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំទូលព្រះមហាក្សត្រប្រទេសហ្សកដានី (Jordan) ថាអាមេរិកត្រូវតែកាន់កាប់តំបន់ហ្កាហ្សាឱ្យបាន។ មិននិយាយលេងសើចទេ លោកចង់ប្រែក្លាយទីកន្លែងដែលធ្លាប់កើតមានសោកនាដកម្ម និងសង្គ្រាមដ៏បង្ហូរឈាមទៅជាតំបន់រមណីយដ្ឋានលំហែកាយមាត់សមុទ្រប្រកបដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបំផុតប្រចាំតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែលោកក៏បង្ហើបឱ្យដឹងផងដែរថាអ្នកដែលទទួលរ៉ាប់រងអភិវឌ្ឍតំបន់ហ្កាហ្សាអាចជាបណ្ដាប្រទេសនៅក្នុងតំបន់។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/74d10a0a4b8d7cf89a7d8da506f75e0f.jpg)
នៅក្នុងកិច្ចជំនួបជាមួយព្រះចៅអាប់ឌុលឡោះ លោកត្រាំនិយាយយ៉ាងទទូចថាប្រទេសហ្សកដានីគួរណាស់យល់ព្រមទទួលយកជនជាតិប៉ាឡេស្ទីនឱ្យរស់នៅ។ ប៉ុន្តែព្រះអង្គបានចេញមុខជំទាស់នឹងសំណើនេះ។ ជាថ្មីម្ដងទៀត លោកត្រាំថាលោកនឹងមិនដកពាក្យសម្ដីនេះមកវិញទេ។ លោកត្រូវតែរុះរើទីតាំងរស់នៅរបស់ជនស៊ីវិលប៉ាឡេស្ទីនដែលបានផ្លាស់ប្ដូរទីលំនៅដោយសារសង្គ្រាម។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/7489d7d94b34ca54fdbd12a5903a57cd.jpg)
ក្ដីប្រាថ្នារបស់ត្រាំចាប់ផ្ដើមធ្វើឱ្យពិភពអារ៉ាប់ផ្ទុះកំហឹងជាបណ្ដើរៗបន្ទាប់ពីលោកមិនអនុញ្ញាតឱ្យជនស៊ីវិលប៉ាឡេស្ទីនវិលទៅរស់នៅលើទឹកដីកំណើតរបស់ពួកគេវិញឡើយដោយយោងទៅតាមផែនការរៀបចំជោគវាសនា-អនាគតសម្រាប់តំបន់ហ្កាហ្សា។ កាលពីយប់មិញនេះទៀត លោកនៅតែនិយាយដដែលឡើងវិញថាយើងត្រូវតែយកតំបន់ហ្កាហ្សាមកគ្រប់គ្រងឱ្យខាងតែបាន។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/bf19cafbba7595bd55ab8c56fc16d762.jpg)
លោកនឹងអភិវឌ្ឍតំបន់នោះឱ្យរីកចម្រើន។ នៅពេលនោះ ប្រជាជននៅមជ្ឈិមបូព៌ានឹងមានការងារធ្វើកាន់តែច្រើនតាមរយៈគម្រោងអភិវឌ្ឍនេះ។ លោកត្រាំអះអាងថាផែនការរបស់គាត់នឹងនាំយកសន្តិភាពសម្រាប់តំបន់មជ្ឈិមបូព៌ា។ ថ្វីដ្បិតនៅពេលនេះ ហ្សកដានីចេញមុខជំទាស់ ប៉ុន្តែលោកត្រាំជឿជាក់ថានៅទីបញ្ចប់ហ្សកដានី និងអេហ្ស៊ីបត្រូវតែយល់ព្រមទទួលយកជនស៊ីវិលប៉ាឡេស្ទីនឱ្យរស់នៅ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/8abb0019b006d7d1e94d1a7744b707ec.jpg)
ប្រទេសទាំង២ពឹងផ្អែកខ្លាំងទៅលើជំនួយសេដ្ឋកិច្ច និងយោធារបស់អាមេរិក។ មានន័យថាជាប្រទេសដែលរស់នៅពឹងលើដង្ហើមរបស់គេសម្រាប់ដក។ លោកត្រាំជឿជាក់ថាហ្សកដានីអាចនឹងឆ្លៀតឈ្លករកដី១ដុំសម្រាប់ឱ្យជនជាតិប៉ាឡេស្ទីនរស់នៅ។ ហើយលោកជឿជាក់ថាអេហ្ស៊ីបក៏ដូចគ្នាដែរ។ ក្រៅពីនេះ លោកនឹងពិនិត្យមើលដីនៅប្រទេសដទៃទៀតដើម្បីទទួលយកជនជាតិប៉ាឡេស្ទីន។ យើងនឹងស្វែងរកទីកន្លែងដើម្បីឱ្យពួកគេរស់នៅប្រកបដោយសុភមង្គល និងសុវត្ថិភាពជាទីបំផុត។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/dd2efb30bf0a0a03d7fc7bcdb98fce0b.jpg)
ថ្វីដ្បិតលោកត្រាំធ្លាប់បង្ហើបឱ្យដឹងថាលោកអាចនឹងពិចារណាកាត់ផ្ដាច់ជំនួយសម្រាប់ហ្សកដានីបើហ៊ានរឹងទទឹងនៅក្នុងចំណុចនេះ។ ប៉ុន្តែលោកបញ្ជាក់ថាលោកនិយាយនេះមិនមែនប្រើប្រាស់ជំនួយជាលក្ខខណ្ឌដើម្បីគំរាមហ្សកដានីទេ។ យើងបានចំណាយលុយច្រើនណាស់សម្រាប់ហ្សកដានី និងអេហ្ស៊ីប។ ប៉ុន្តែយើងមិនចាំបាច់ប្រើប្រាស់ការគំរាមតាមវិធីនេះទេ។ លោកមានវិធីប្រសើរជាងនេះទៅទៀត៕
ចែករំលែកព័តមាននេះ