ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ស៊ី​ម៉ាក់​រាវរក​ឃើញ​គ្រា.ប់.​មី.ន.​ធុន​៦៩​ជាង​៧០​គ្រា.ប់​នៅ​លើ​ដីចម្ការ​អ្នក​ភូមិ

22 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រី​អង្គភាព​កំចាត់​មីន «​ស៊ី​ម៉ាក់​» បាន​ចុះ​រាវរក​ឃើញ​គ្រាប់​មីន​ប្រភេទ​«៦៩»​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​នៅ​លើ​ដីចម្ការ​របស់​ប្រជាពលរដ្ឋ ដោយ​ប្រមូល​បាន​យ៉ាងតិច​ជាង​៧០​គ្រាប់ កាលពី​រសៀល​ថ្ងៃ​ទី​០៩ កុម្ភៈ នៅ​ចំណុច​ដីចម្ការ​មួយ​កន្លែង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អូរ​ព្រំដែន​ខ្មែរ​-​ថៃ…

ខេត្តបាត់ដំបង ៖ មន្ត្រី​អង្គភាព​កំចាត់​មីន «​ស៊ី​ម៉ាក់​» បាន​ចុះ​រាវរក​ឃើញ​គ្រាប់​មីន​ប្រភេទ​«៦៩»​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​នៅ​លើ​ដីចម្ការ​របស់​ប្រជាពលរដ្ឋ ដោយ​ប្រមូល​បាន​យ៉ាងតិច​ជាង​៧០​គ្រាប់ កាលពី​រសៀល​ថ្ងៃ​ទី​០៩ កុម្ភៈ នៅ​ចំណុច​ដីចម្ការ​មួយ​កន្លែង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អូរ​ព្រំដែន​ខ្មែរ​-​ថៃ ស្ថិត​ក្នុងភូមិ​ទូល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ក្រោយ​ពី​ម្ចាស់​ចម្ការ​បាន​ផ្ដល់​ព័ត៌មាន ។

តាម​រយៈ​របាយការណ៍ លោក​ទឹម វិ​ឆ័​យ អធិការ​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹង​ថា គ្រាប់​មីន​ទាំងនោះ​ស្ថិត​នៅ​លើ​ដីចម្ការ​របស់​ឈ្មោះ ស៊ុន ប្រុស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដែល​ម្ចាស់​ចម្ការ​រូប​នេះ អាស្រ័យ​ផល​រាល់​ឆ្នាំ ។ លោក​បាន​ប្រាប់​ថា ដំបូង​ម្ចាស់​ចម្ការ​ប្រទះ​ឃើញ​គ្រាប់​មីន​នេះ​តែ​០១​គ្រាប់​ទេ នៅ​លើ​ដី​របស់​គាត់ តែ​ដោយ​មានការ​សង្ស័យ ទើប​គាត់​រាយការណ៍​ទៅ​អាជ្ញាធរ ដើម្បី​រិះរក​វិធី​ដោះស្រាយ ផ្ដល់​ដំណឹង​ទៅ​មន្ត្រីស៊ី​ម៉ាក់ ។

​មន្ត្រី​មូ​ន​ដ្ឋា​ន​ដែល​បាន​ចុះ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​បាន​ប្រាប់​ថា ក្រោយ​ពី​ទ​ទូល​បាន​ព័​ត៏​មាន​ភ្លាម មន្ត្រី​ជំនាញ​ក្នុង​អង្គភាព​ស៊ី​ម៉ាក់​ក៏​បាន​ចុះ​ពិនិត្យ និង​បាន​រាវរក​ឃើញ​បន្ថែម​ទៀត ដែល​គ្រាប់​មីន​ខ្លះ​អណ្ដែត​នៅ​លើ​ដី និង​មួយ​ចំនួន​ធំ​រក​ឃើញ​កប់​នៅ​ក្នុង​ដី​នៅឡើយ ។

យោង​តាម​របាយការណ៍​គ្រាប់​យុទ្ធភណ្ឌ ដែល​មន្ត្រី​ស៊ី​ម៉ាក់​រាវរក​ឃើញ និង​ប្រមូល​បាន​ពី​ក្នុង​ដីចម្ការ​ប្រជាពលរដ្ឋ​នោះ​មាន​៖ គ្រាប់​មីន​«៦៩»​ចំនួន​៧២​គ្រាប់ និង​គ្រាប់កាំភ្លើង​ត្បាល់​ធុន​«៦០​ម​.​ម​»​ចំនួន​០១​គ្រាប់ ។ ម្ចាស់​ចម្ការ លោក ស៊ុន ប្រុស ត្រូវ​បាន​សមត្ថកិច្ច​ស្រង់​សម្ដី​ថា ដីចម្ការ​របស់​គាត់​ខាងលើ​នេះ គាត់​ធ្លាប់​អាស្រ័យ​ផល​រាល់​ឆ្នាំ តែ​មិន​ដែល​ប្រទះ​ឃើញ​កាក​សំណល់​សង្គ្រាម​ច្រើន​ស្អេកស្កះ​កប់​ក្នុង​ដី​បែប​នេះ​ទេ ។

ប៉ុន្តែ​ឆ្នាំ​នេះ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីន​៦៩ ដែល​ជា​ប្រភេទ​គ្រាប់​មីន​ដ៏​គ្រោះថ្នាក់​បំផុត តែ​សំណាងល្អ​វា​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ទេ ។ បើ​តាម​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា គ្រាប់​មីន​ទាំងនោះ ភាគ​ច្រើន​ខូចគុណភាព ហើយ​វា​ជា​គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ដែល​គេ​កប់​លាក់​ទុក​ក្នុង​ដី ។ ប៉ុន្តែ​នៅ​ពេល​ម្ចាស់​ចម្ការ​ធ្វើ​រាល់​ឆ្នាំ និង​ត្រូវ​ភ្លៀង​ជោកជាំ​ផង ទើប​មាន​គ្រាប់​មីន​មួយ​ចំនួន​ផុស​អណ្ដែត​ឡើង ។

យ៉ាងណា នេះ​ចាត់ទុកជា​គំរូ​ល្អ​មួយ​របស់​ម្ចាស់​ចម្ការ ដែល​ប្រទះ​ឃើញ​គ្រាប់​មិន​ប៉ះពាល់ ហើយ​មាន​មន្ទិល​សង្ស័យ​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ឲ្យ​ជួយ​ផ្ដល់​ព័​ត៏​មាន​បន្ត​ទៅ​អង្គភាព​កំចាត់​មីន​«​ស៊ី​ម៉ាក់​» ដើម្បី​ចុះ​រុករក​ប្រមូល​យក​អស់ពី​ក្នុង​ដី​យក​ទៅ​កម្ទេច​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ