ខេត្តបាត់ដំបង ៖ ក្រុមក្មេងអន្ធពាលចំនួន០៧នាក់ដែលកម្លាំងអធិការក្រុងបាត់ដំបង ឃាត់ខ្លួនកាលពីសប្ដាហ៍មុន ត្រូវបានតំណាងអយ្យការអមសាលសដំបូងខេត្តសម្រេចចោទប្រកាន់ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ហើយត្រូវបានលោកចៅក្រមស៊ើបសួរបង្គាប់ឲ្យសមត្ថកិច្ចបញ្ជូនក្រុមទំនើងនេះ ទៅឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារហើយ ។ នេះបើតាមសមត្ថកិច្ចបាននិយាយ ។
លោក មាស ពិសិដ្ឋ នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានប្រាប់ថា ក្រុមក្មេងទំនើងទាំង០៧នាក់នោះ ត្រូវបានលោកចៅក្រមស៊ើបសួរបង្គាប់ឲ្យបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្នក្នុងពន្ធនាគារ កាលពីរសៀលថ្ងៃទី០៧ កុម្ភៈ ក្រោយបញ្ចប់ការសាកសួរ និងក្រោយតំណាងអយ្យការអមសាលាដំបូងខេត្ត ធ្វើការចោទប្រកាន់ជាផ្លូវ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្ត កាលពីថ្ងៃទី ០៦ កុម្ភៈ បានឲ្យដឹងថា អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់ក្រុមក្មេងទំនើងចំនួន០៧នាក់ រួមនឹងបក្ខពួកពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០២ឆ្នាំ ទៅ០៥ឆ្នាំ ។
ក្រុមក្មេងទំនើងចំនួន០៧នាក់មាន០២ក្រុម ដែលច្បាំងគ្នាគ្មានអ្នកឈ្នះគ្មានអ្នកចាញ់ ។ ហើយបក្សពួកគេទាំង០២ក្រុមនេះ នៅមានប្រមាណ០៨នាក់ទៀតកំពុងរត់គេចខ្លួន ។ ជនអន្ធពាលទាំង០២ក្រុមនេះ បានប្រើប្រាសដុំថ្ម និងមួកសុវត្ថិភាព វាយនិងគប់គ្នាទៅវិញទៅមក នៅម្ដុំក្បាលស្ពានខាងមុខសាលាខេត្តបាត់ដំបង ។
ក្រោយពីទទូលបានព័ត៌មាន កម្លាំងជំនាញដឹកនាំដោយចុះផទាល់ដោយ លោក ពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបងបានចុះស្រាវជ្រាវកំណត់បានមុខសញ្ញាជនអន្ធពាលទាំង០២ក្រុមនេះ រហូតឈានដល់ការឃាត់ខ្លួនជនទាំង០២ក្រុមនេះបានចំនួន០៧នាក់ជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី ០៤ កុម្ភៈ ខណៈបក្សពួកប៉ុន្មាននាក់ទៀតបានរត់គេចខ្លួន ។
យោងតាមរបាយការណ៍អធិការក្រុងបាត់ដំបង ជនអន្ធពាលទាំង០៧នាក់ដែលត្រូវបានចាប់ខ្លួនមាន៖ ក្រុមទី១ចាប់បាន០២នាក់ ១-ឈ្មោះ គឹម ប្រឹក្សា ហៅម៉ាប់ អាយុ១៧ឆ្នាំ ២-ឈ្មោះ វ៉ាត ដាវ័ន្ត អាយុ១៥ឆ្នាំ និងក្រុមទី២ ចាប់បាន០៥នាក់ ១-ឈ្មោះ វ៉េត ចាន់ អាយុ១៦ឆ្នាំ ២-ឈ្មោះ តី ចាន់ថា ហៅ ប្រូវី អាយុ១៦ឆ្នាំ ៣-ឈ្មោះ ឈឿង សុវណ្ណរាជ អាយុ១៦ឆ្នាំ ៤-ឈ្មោះ ជួប ហេងប៉េងលាភ អាយុ១៦ឆ្នាំ និង៥-ឈ្មោះ ខន វណ្ណា អាយុ១៧ឆ្នាំ ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់មានអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបានលើកឡើងថា ការចោទប្រកាន់នេះធ្វើឡើង បន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះ បានយកមួកសុវត្ថិភាព និងដុំថ្មគប់គ្នាទៅវិញ ទៅមកជាមួយបក្សពួកមួយក្រុមទៀត ដោយមូលហេតុ«ខឹងពេលជិះម៉ូតូមើលមុខ ឌឺដងដាក់គ្នា»។ ក្រៅពីចាប់ខ្លួនបានចំនួន០៧នាក់ នៅមានបក្ខពួកចំនួន០៨នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ អយ្យការអមសាលាដំបូងខេត្ត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ ក្នុងន័យផ្ដាំផ្ញើទៅកាន់ក្រុមក្មេងទំនើង ទាំងនៅក្នុងក្រុងបាត់ដំបង ទាំងនៅតាមបណ្ដាស្រុកនានា យ៉ាងដូច្នេះថា«យុទ្ធនាការបង្ក្រាបក្មេងទំនើង និងការអនុវត្តច្បាប់យ៉ាងតឹងរឹង លើករណីក្មេងទំនើង នៅតែបន្តជានិច្ចគ្មានការអត់អោនបានឡើយ ដើម្បីធានាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ជូនប្រជាពលរដ្ឋ» ។
ដូច្នេះ សូមយុវជន ឬយុវសិស្សទាំងអស់ ត្រូវបោះបង់នូវទង្វើទាំងឡាយណា ដែលជាការបំពានច្បាប់ ដើម្បីចូលរួមធ្វើជាយុវសិស្សល្អនៅក្នុងសាលា ធ្វើជាកូនល្អនៅក្នុងគ្រួសារ និងធ្វើជាពលរដ្ឋនៅក្នុងសង្គម។
យ៉ាងណាក្ដី ពេលនេះ ក្រុមក្មេងទំនើងទាំង០៧នាក់ខាងលើ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារជាបណ្ដោះអាសន្នហើយ ដើម្បីរង់ចាំទទូលទោសចន្លោះពី០២ឆ្នាំ ទៅ០៥ឆ្នាំ ខណៈកម្លាំងសមត្ថកិច្ចកំពុងតាមរកមុខបក្សពួកទាំង០២ក្រុមនេះចំនួន០៨នាក់ទៀត ដែលកំពុងសំងំលាក់ខ្លួន៕
ចែករំលែកព័តមាននេះ