រាជធានីភ្នំពេញ ៖ កម្មករនិយោជិតប្តេជ្ញាចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន ។ ទន្ទឹមនឹងនេះ កម្មករនិយោជិតអំពាវនាវឱ្យកម្មករនៅទូទាំងប្រទេសចូលរួមយុទ្ធនាការដ៏មានសារសំខាន់មួយនេះជាមួយរាជរដ្ឋាភិបាលដើម្បីសុខភាពខ្លួន គ្រួសារ និងសង្គមជាតិ ។ ការគាំទ្ររបស់កម្មករនេះ បន្ទាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៥ ។
លោកស្រី សន សាវឿន ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតនៅស្រុកអង្គស្នួល រាជធានីភ្នំពេញ បានគូសបញ្ជាក់ពីការគាំទ្ររបស់ខ្លួន និងការចូលរួមយ៉ាងពេញទំហឹងជាមួយក្រសួងការងារ និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងដល់បងប្អូនកម្មករនិយោជិត។ កម្មករូបនេះថា ការចូលរួមទប់ស្កាត់ជំងឺមិនឆ្លងនេះមានសារសំខាន់សម្រាប់គាំពារសុខមាលភាពដល់កម្មករនិយោជិតនៅទូទាំងប្រទេស ។
លោកស្រីបន្ថែមថា តាមរយៈការចូលរួមលើយុទ្ធនាការនេះផងដែរ លោកស្រីនឹងកាត់បន្ថយការបរិភាគអាហារផ្តេសផ្តាស កាត់បន្ថយអាហារផ្អែម និងប្រៃពេក ។ លើសពីនេះ លោកស្រីនឹងកែប្រែឥរិយាបទការរស់នៅ ដោយងាកមកចេះហាត់ប្រាណ ដើម្បីសុខភាព ហើយស្តាប់តាមការណែនាំរបស់ក្រសួង និងអាជ្ញាធរ ។ ការធ្វើឱ្យខ្លួនឯងមានសុខភាពល្អ គឺជាការជួយខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល ។
ដោយឡែកលោកស្រី ហម សុលាភ ជាកម្មការិនីម្នាក់ទៀត នៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ក៏បានលើកឡើងដែរថា ការដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន គឺជាការយកចិត្តទុកបន្ថែមទៀតរបស់រាជរដ្ឋាភិបាលលើសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត ។
កម្មការិនីរូបនេះយល់ឃើញថា បើទោះបីលោកស្រីមានបណ្ណ ប.ស.ស. ដែលអាចឱ្យកម្មករនិយោជិតទទួលសេវាថែរទាំសុខភាពដោយឥតគិតថ្លៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែការធ្វើឱ្យខ្លួនឯងមានសុខភាពល្អ គឺជារឿងដ៏សំខាន់ និងចម្បងបំផុត។ លោកស្រីប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិត ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់កម្មករនៅទូទាំងប្រទេស ។
គួរបញ្ជាក់ថា ជំងឺមិនឆ្លង គឺមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ តែជំងឺនេះនឹងឈឺបន្តិចម្តងៗ នាពេលខាងមុខ និងមានលក្ខណៈរ៉ាំរ៉ៃ និងស្មុគស្មាញ។ ជំងឺមិនឆ្លងនឹងប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ដូចនេះ យើងអាចអនុវត្តនូវចំនុចមួយចំនួន ដូចជា ៖
• ត្រូវកាត់បន្ថយការទទួលផ្អែម ភេសជ្ជៈប៉ូវកម្លាំង កាត់បន្ថយការទទួលទានអំបិល ឱ្យបានពាក់កណ្តាលនៃទម្លាប់ហូបប្រៃកន្លងមក កាត់បន្ថយអាហារចៀន ឬបំពង អាហារដែលមានខ្លាញ់ច្រើន និងជៀងវាងការពិសាគ្រឿងស្រវឹង ការពិសាថ្នាំជក់ (បារី)
• ត្រូវបេ្តជ្ញាចិត្តចៀសវាងការពារខ្លួនអ្នក និងក្រុមគ្រួសារ ពីជំងឺទឹកនោមផ្អែម គាំងបេះដូង ខ្សោយតំរង់នោម ស្ទះសរសៃឈាមបេះដូង និងជំងឺលើសឈាម (ដោយសារពិសាប្រៃ) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ