ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំស្តីពី លទ្ធភាពពង្រីកប្រភពឥណទានសម្រាប់ពង្រីក សហគមន៍កសិកម្មទំនើប ដើម្បីជំរុញការអភិវឌ្ឍជនបទ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម យឹ​ម លាត ទេសាភិបាល​រង ធនាគារជាតិ​នៃ​កម្ពុជា និង ឯកឧត្តម ឃឹម…

រាជធានីភ្នំពេញ ៖ ឯកឧត្តម យឹ​ម លាត ទេសាភិបាល​រង ធនាគារជាតិ​នៃ​កម្ពុជា និង ឯកឧត្តម ឃឹម ហ្វី​ណ​ង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ធ្វើ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី “​ឥណទាន​កសិកម្ម​” នា​ថ្ងៃ​ទី​ ៥ ខែកុម្ភៈ ឆ្នាំ​ ២០២៥ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​សែន​សុខ ។ កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ ធនាគារជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​នៃ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​សរុប​ប្រមាណ ៤០ រូប​ ។

គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​អំពី លទ្ធភាព​ពង្រីក​ប្រភព​ឥណទាន​សម្រាប់ “​សហគមន៍​កសិកម្ម​ទំនើប​” ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ជនបទ និង​វិស័យ​កសិកម្ម​ដាំ​ដុះ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​ការ​នាំ​ចេញ​នៅ​កម្ពុជា ​។

ឯកឧត្តម ឃឹម ហ្វី​ណ​ង់ បាន​ជម្រាប​ជូន​ថា សហគមន៍​កសិកម្ម​ទំនើប​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ផលិតកម្ម​កសិកម្ម សម្រាប់​ការ​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​និង​ការ​នាំ​ចេញ ​។ ក្នុង​ទិស​ដៅ​នេះ ដើម្បី​គាំទ្រ​ដល់​សហគមន៍​កសិកម្ម​ទំនើប ឯកឧត្តម​បាន​ស្នើ​សុំ​កិច្ចសហការ​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ដោយ​ពិនិត្យ​លទ្ធភាព​ផ្តល់​ឥណទាន ដែល​មាន​លក្ខខណ្ឌ​អំណោយផល និង​ផ្តល់​ការ​អនុគ្រោះ​បន្ថែម ដើម្បី​ប្រែក្លាយ​វិស័យ​កសិកម្ម​កម្ពុជា ពី​លក្ខណៈ​គ្រួសារ​ឱ្យទៅ​ជា​សហគ្រាស​សេដ្ឋកិច្ច​កសិកម្ម​ដ៏​រឹង​មាំ នឹង​ជួយ​លើកកម្ពស់​កម្រិតជីវភាព​ប្រជា​កសិករ​ ។

ជាមួយ​គ្នា​នេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ស្មារតី​ចូលរួម​គាំទ្រ និង​ជ្រោមជ្រែង​គំនិត​ផ្តួចផ្តើម​បង្កើត​និង​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ទំនើប​នេះ តាម​រយៈ​ការ​ជំរុញ​លើ​ការ​រៀបចំ​កម្មវិធី គោលនយោបាយ​ផ្សេង​ៗ​ដែល​អាច​ផ្តល់​ការ​អនុគ្រោះ​បន្ថែម​និង​លក្ខខណ្ឌ​ពិសេស លើ​ឥណទាន​កសិកម្ម​ ។

បន្ទាប់​ពី​កិច្ចប្រជុំ​ខាងលើ ឯកឧត្តម យឹ​ម លាត ក៏​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ដាច់​ដោយឡែក​មួយទៀត ទាក់ទង​នឹង​ការ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ធនាគារជាតិ​នៃ​កម្ពុជា និង​តំណាង​ក៏​ដូច​ជា​សមាជិកសមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ ផង​ដែរ​ ៕ អត្ថបទសហការ