ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចទាំងវៀតណាម និងថៃបានស៊ើបអង្កេត និងឈានទៅចាត់វិធានការច្បាប់ប្រឆាំងនឹងជនខិលខូចដែលក្លែងបន្លំអត្តសញ្ញាណជាសមត្ថកិច្ចរបស់ពួកគេ ហើយជំរិតទារប្រាក់ជនស្លូតត្រង់ដោយប្រតិបត្តិការនេះត្រូវបានគេរាយការណ៍ថា បានធ្វើសកម្មភាពចេញពីមជ្ឈមណ្ឌលទូរស័ព្ទដែលគេសង្ស័យថា គឺនៅក្នុងទឹកដីកម្ពុជា ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅវៀតណាម និងថៃ ។…

សមត្ថកិច្ចទាំងវៀតណាម និងថៃបានស៊ើបអង្កេត និងឈានទៅចាត់វិធានការច្បាប់ប្រឆាំងនឹងជនខិលខូចដែលក្លែងបន្លំអត្តសញ្ញាណជាសមត្ថកិច្ចរបស់ពួកគេ ហើយជំរិតទារប្រាក់ជនស្លូតត្រង់ដោយប្រតិបត្តិការនេះត្រូវបានគេរាយការណ៍ថា បានធ្វើសកម្មភាពចេញពីមជ្ឈមណ្ឌលទូរស័ព្ទដែលគេសង្ស័យថា គឺនៅក្នុងទឹកដីកម្ពុជា ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅវៀតណាម និងថៃ ។

កាសែត Vietnam News កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា សមត្ថកិច្ចនៅខេត្ត បាក់និញ បានបង្រ្កាបបណ្តាញឧក្រិ.ដ្ឋជនមួយក្រុមដែលមានគ្នាដល់ទៅ៦នាក់ រួមទាំងនារីដ៏ស្រស់ស្អាតវ័យក្មេងម្នាក់ផងដែរ ។ ក្រុមនេះបានធ្វើសកម្មភាពបោកប្រាស់ និងជំរិតជនជាតិវៀតណាមគ្នាឯងមានទឹកប្រាក់រហូតដល់ទៅ៤០លានដុល្លារ ដោយសកម្មភាពក្រុមនេះត្រូវបានគេអះអាងថា បានធ្វើសកម្មភាពចេញពីខេត្តស្វាយរៀង តាមរយៈការរៀបចំជាមជ្ឈមណ្ឌលទូរស័ព្ទមួយ​ ។

ពួកគេបានបន្លំបោកប្រាស់ជនស្លូតត្រង់តាមវិធីបន្លំធ្វើសមត្ថកិច្ច និង​ធ្វើជាមន្រ្តីជំនាញ មានតាំងពីពន្ធដាឡើងពីជនរងគ្រោះប្រមាណជា១៣ពាន់នាក់ ។

ដោយឡែកសារព័ត៌មាន the Nation វិញបានផ្សាយថា សមត្ថកិច្ចប៉ូលិស​ថៃក៏បាន​ចាប់​ខ្លួន​ជន​សង្ស័យ​សំខាន់​ពីរ​នាក់​ក្នុង​ការ​បង្ក្រាប​ករណីជំរិតទារប្រាក់តាមមជ្ឈមណ្ឌល​ទូរស័ព្ទ ហើយជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ធ្វើ​សកម្មភាព​ចេញពី​ប៉ោយប៉ែត​ឆ្លង​ព្រំដែនដោយពួកគេក្លែង​ខ្លួន​ជា​មន្ត្រី​នគរបាល ​ដើម្បី​ឆបោក​ជនរងគ្រោះ​រាប់សិន​នាក់ ។​​

ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ថៃ បានចាប់ខ្លួនជនសង្ស័យសំខាន់ទាំងពីរនាក់កាលពីថ្ងៃចន្ទ ក្រោមដីកាចាប់ខ្លួនដែលចេញដោយតុលាការព្រហ្មទណ្ឌលើបទចោទប្រកាន់ជាច្រើន រួមទាំងការក្លែងបន្លំសាធារណៈដោយការក្លែងបន្លំជាបុគ្គលផ្សេងទៀត ។ ជន​សង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ រ៉ាមីល ផាន់ថាវង្ស (Ramil Phanthawong ) អាយុ៣១ ឆ្នាំ និងថាណាវុធ កាន់យ៉ាផាន់ (Thanawut Kanyaphan) អាយុ ២៨ឆ្នាំ ។

លោក ឧត្តមសេនីយ៍ទោ ជីរ៉ាផូប ភូរីដិច (Jiraphop Phuridech ) នាយប៉ូលិសនៃការិយាល័យសើបអង្កេតបានឲ្យដឹងថា ការចាប់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលអះអាងថា ជនម្នាក់ក្លែងខ្លួនជាមន្ត្រីប៉ូលិសបានទូរស័ព្ទមកចោទប្រកាន់ពួកគេពីបទលាងលុយកខ្វក់ និងករណីគ្រឿងញៀ.ន ។ អ្នកទូរស័ព្ទចូលបង្ហាញឯកសារក្លែងក្លាយ ដើម្បីបង្កការភ័យខ្លាច និងបង្ខិតបង្ខំជនរងគ្រោះឱ្យផ្ទេរប្រាក់ជាង៤លានបាត ដើម្បីបញ្ជាក់ពីភាពគ្មានកំហុសរបស់ពួកគេ ។

ការស៊ើបអង្កេតបន្ថែម រួមទាំងទិន្នន័យពីរបាយការណ៍របស់ប៉ូលិសដែលមានជំនាញអនឡាញ បានបង្ហាញថា មានជនរងគ្រោះ១៦៣នាក់ផ្សេងទៀត ដែលមានបទពិសោធន៍ស្រដៀងគ្នា ។ អាជ្ញាធរ​បាន​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​យ៉ាង​ឆាប់​រហ័ស និងឈាន​ដល់​ការ​ចេញ​ដីកា​ចាប់​ខ្លួន​អ្នកទាំងពីរពីបទ​ឆបោក​ជនរងគ្រោះ​តាម​ការទំនាក់ទំនងជាការសន្ទនាតាមរូបភាពវីដេអូ ។

សមត្ថកិច្ច​បាន​រក​ឃើញ​ថា ជន​សង្ស័យបាន​ហៅ​ទូរស័ព្ទ​ចូល​ទៅជនរងគ្រោះពី​អគារ​កម្ពស់១៨​ជាន់ ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ជាប់​ព្រំដន​ថៃ ។ ក្រុម​បងធំ​នោះ​មាន​សមាជិក​ចំនួន៥០ នាក់ ហើយ​មាន​មូលដ្ឋាន​នៅ​ជាន់​ទី១៣ ។ ជនសង្ស័យទាំងពីរនាក់បាននិយាយថា ពួកគេត្រូវបានជ្រើសរើសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសន្យាថា នឹងធ្វើការជាអ្នកគ្រប់គ្រងគេហទំព័រល្បែ.ងស៊ីសង ។ ពេលមកដល់ លិខិតឆ្លងដែន និងទូរស័ព្ទរបស់ពួកគេត្រូវបានរឹបអូស ហើយពួកគេត្រូវបានបង្ខំឱ្យធ្វើការឱ្យក្រុមបងធំនៅទីនោះ ។

លោក ឧត្តមសេនីយ៍ទោ ជីរ៉ាផូប  បាននិយាយថា រដ្ឋាភិបាលបាននឹងកំពុងដោះស្រាយបញ្ហាក្រុមជនខិលខូចទាំងនេះ ប៉ុន្តែដោយសារលក្ខណៈឆ្លងដែនសមត្ថកិច្ចចាំបាច់ត្រូវសហការជាមួយក្រសួងការបរទេស ដើម្បីដោះស្រាយ ។

នេះ គឺជាបទពិសោធន៍ដែលបានកើតមានឡើងនៅក្នុងប្រទេសវៀតណាម និងថៃ ដូច្នេះសង្ឃឹមថាកម្ពុជា នឹងមិនមានករណីដូចដែលបានកើតមានឡើងនៅក្នុងប្រទេសជិតខាងទាំងពីរ ហើយក៏សង្ឃឹមថា សមត្ថកិច្ចកម្ពុជានឹងរួមសហការជាមួយនឹងសមត្ថកិច្ចប្រទេសជិតខាង ដើម្បីរួមគ្នាបង្រ្កាប និងទប់ស្កាត់រាល់បណ្តាញឧក្រិ.ដ្ឋកម្មដែលយកឈ្មោះកម្ពុជាទៅប្រឡាក់ប្រឡូកនឹងឧក្រិ.ដ្ឋកម្មតាមអនឡាញទាំងនេះ ។

ផ្អែកតាមករណីទាំងនេះ សម្រាប់ពលរដ្ឋកម្ពុជានៅពេលដែលមានការទំនាក់ទំនងគំរា.មកំហែងរឿងផ្សេងៗយើងត្រូវតែប្រុងប្រយ័ត្នហើយធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណនៃសមត្ថកិច្ចជំនាញនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីបង្ការ និងការពារជនខិលខូចមកកកូរកកាយហើយទារប្រាក់ដូចជា ករណីដែលបានកើតឡើងនៅវៀតណាម និងថៃ ។​ នៅពេលនេះ គេដឹងថា សមត្ថកិច្ចបានព្យាយាមធ្វើបច្ចុប្បន្នភាពនៃបេសកម្មរបស់ពួកគេ តែជនខិលខូចក៏បានធ្វើបច្ចុប្បន្នកម្មនៃជំនាញឧក្រិ.ដ្ឋកម្មរបស់ពួកគេដែរ ដើម្បីផលប្រយោជន៍ ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្ន ។ រឿងរ៉ាវនៅវៀតណាម និងថៃ ក៏ជាសារមួយប្រាប់យើងឲ្យលើកកម្ពស់ការប្រុងប្រយ័ត្នបន្ថែមទៀតពីព្រោះក្រុមឧក្រិ.ដ្ឋជន គឺបានវិនិយោគដល់ថ្នាក់បើកវគ្គបង្រៀនការតួនាទីជាសមត្ថកិច្ច និងមន្រ្តីជំនាញផ្នែកច្បាប់ពាក់ព័ន្ធថែមទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ