រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិកចិន បានផ្តល់ជំនួយឥតសំណង៤.៤លានដុល្លារ សម្រាប់គាំទ្រដល់ការបោសសម្អាតមីននៅខេត្តចំនួន៧របស់ប្រទេសកម្ពុជា ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា បានលើកឡើងថា «នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយឥតសំណងជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់អង្គភាពCMAC ក្នុងការបោសសម្អាតមីននៃ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» (The China-Aided Cambodia Landmine Elimination Projection) មានថវិកាសរុបចំនួន៤.៤០០.០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៨ កុម្ភៈ ២០២៦) ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង»។
ឯកឧត្តមបានបន្ដថា គម្រោងជំនួយនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង៤០០នាក់របស់អង្គភាពCMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ ១-ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រាម ចំនួនជាង៣.៤០០ហិកតា ២-ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលើ ៣-ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ ៤-ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា គម្រោងជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន«គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា»ក្នុងឆ្នាំ២០២៥នេះ ជាជំនួយឆ្នាំទី៣នៃដំណាក់កាលទី៣ (មីនា ឆ្នាំ២០២៣ ដល់កុម្ភៈ ឆ្នាំ២០២៦) ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣.២០០.០០០ដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹងនឹងនេះ បើគិតចាប់ពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ អង្គភាពCMACសម្រេចបាននូវលទ្ធផល ដូចជា៖ រំដោះផ្ទៃដីសរុបចំនួនជាង១៥.០៦០ហិកតា, រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្គ្រាមសរុបចំនួន៨២.៨៤៤គ្រាប់, ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦.៦៦៨សំណើ, អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង១.៨៦៦.៧០០នាក់, ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២.៤៨៥.៣០០នាក់។
សូមជម្រាបផងដែរថា ការផ្ដល់ជំនួយរបស់មិត្តចិនមកដល់កម្ពុជានេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចផ្អាកផ្តល់ជំនួយជាបណ្ដោះអាសន្នក្នុងប្រតិបត្តិការដោះមីននៅកម្ពុជាក្នុងខេត្តចំនួន៨រួមមាន ខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។
សូមរំលឹកថា ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនអង្គភាពស៊ីម៉ាក់តាមរយៈអង្គការដៃគូក្នុងរយៈពេល៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន៦.៣៥៥.៧២០ ដុល្លារអាមេរិក គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត២០០នាក់។
បើគិតក្នុងរយ:ពេលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ចុងខែមករា ឆ្នាំ២០២៥ អង្គភាពស៊ីម៉ាក់ទិសខេត្តខាងលើ បានធ្វើការបោសសម្អាតចម្ការគ្រាប់សរុបចំនួន៥៦១ពហុកោណ មានទំហំផ្ទៃដីចំនួន១១.១៩៥ហិកតារុករកឃើញកម្ទេចចោលគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន២៧.០២២គ្រាប់ ក្នុងនេះមានគ្រាប់បែកចង្កោមចំនួន១៧.៩៧១គ្រាប់ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំចំនួន៦៩គ្រាប់៕
ចែករំលែកព័តមាននេះ