ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ខ្មែរជិត​២​ពាន់​នាក់​ នឹង​ត្រូវ​បណ្តេញ​ចេញពី​ទឹកដី​អា​មេ​រិ​ក តែ​កម្ពុជា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​នៅឡើយ

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ​ចេញពី​អាម៉េរិក​…

រាជធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ​ចេញពី​អាម៉េរិក​ ប្រមាណ១​លាន​៤​សែន​នាក់ ទៅ​ប្រទេស​កំណើត​​វិញ ​ហើយ​ក្នុង​ចំណោម​ជាង​១​លាន​នាក់​នោះ ក៏​មាន​ប្រជាពលរដ្ឋ​កម្ពុជា ​ប្រមាណ​ជិត​២​ពាន់​នាក់​ ក៏​នឹង​ត្រូវ​បណ្តេញ​ពី​ទឹកដី​អា​មេ​រិ​ក​នេះ​ដែរ ​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ កម្ពុជា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​នៅឡើយ ​។

ពាក់ព័ន្ធ​ករណី​នេះ​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​កម្ពុជា ​ត្រូវ​បាន​សារព័ត៌មាន​មួយ ​ស្រង់​សម្ដី​ដោយ​បាន​បញ្ជាក់​ថា ​៖ “​កម្ពុជា មិន​ទាន់​ទទួល​បានការ​ជូនដំណឹង​ផ្លូវការ​ពី​ភាគី​អាម៉េរិក​នៅឡើយ​ទេ ហើយ​បាន​កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ ក្នុង​ការ​ទទួលយក​ប្រជាពលរដ្ឋ​ខ្មែរ ​មក​រស់នៅ​ប្រទេស​កំណើត​វិញ​” ​។

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា បាន​គូសបញ្ជាក់​ថា កម្ពុជា និងអាម៉េរិក មាន​កិច្ច​សហប្រតិបត្តិការ​ លើ​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​អាម៉េរិក​មក​កម្ពុជា បាន​ចាប់ផ្តើម​នៅ​ឆ្នាំ២០០២ ហើយ​បន្ទាប់​ពី​ការ​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំង​ពីរ ​លើ​កិច្ចព្រមព្រៀង ស្តី​ពី​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​កម្ពុជា​ ។

បើ​តាម​អ្នកនាំពាក្យ​ ក្រសួងការបរទេស​កម្ពុជា ​បាន​លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ​នេះ ត្រូវ​បាន​ពង្រឹង​បន្ថែម​ដោយ​ការ​ចុះហត្ថលេខា​លើ អនុស្សា​រណៈ​ នៃ​ការ​យោគយល់ ក្នុង​ខែឧសភា ឆ្នាំ​២០២៣ កន្លង​មកនេះ ហើយ​ត្រូវ​បាន​ដំណើរការ ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ប្រទេស​ទាំង​ពីរ​ក្រោម​ទិដ្ឋភាព​២ ៖ ទី​១ គឺ​ដំណើរការ​បញ្ជូន និងទទួលយក​ពលរដ្ឋ​ខ្មែរ​ពី​អាម៉េរិក​មក​កម្ពុជា និងទី​២ គឺ​ការ​ធ្វើ​សមាហរណកម្ម​ពលរដ្ឋ​ខ្មែរ ​ដែល​ត្រូវ​បាន​បញ្ជូន​មក​វិញ ទៅ​ក្នុង​សហគមន៍​ខ្មែរ ​។

ឯកឧត្តម ​ជុំ សុន្ទរី លើក​ឡើង​ទៀត​ថា ដំណើរការ​កិច្ច​សហប្រតិបត្តិការ​ខាងលើ​នេះ ត្រូវ​បាន​អាជ្ញាធរ​របស់​ប្រ​ទស​ទាំង​ពីរ ​វាយតំលៃ​ថា បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មិន​មានការ​ប្រឈម​នឹង​បញ្ហា​អ្វី​ដែល​មិន​អាច​ដោះស្រាយ​បាន​នោះ​ឡើយ​ ។​ ទាក់ទង​នឹង​បច្ចុប្បន្ន​នេះ ក្រសួងការបរទេស មិន​ទាន់​ទទួល​បានការ​ជូន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ពី​ភាគី​អាម៉េរិក ទន្ទឹម​នឹង​នេះ​ កម្ពុជា​ក៏​បាន​បង្ហាញ​នូវ​ការ​តាំងចិត្ត និង​ឆ​ន្ទះ ​បន្ត​កិច្ច​សហប្រតិបត្តិការ នេះ​ដោយ​អិត​មាន​ងាករេ​ឡើយ ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​អគ្គនាយករ​ដ្ឋា​ន​អន្តោប្រវេសន៍​អាម៉េរិក ICE អាម៉េរិក​ត្រៀម​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ​ចេញពី​អាម៉េរិក​ ប្រមាណ ១​លាន​៤​សែន​នាក់ ទៅ​ប្រទេស​កំណើត​វិញ​។ នៅ​ក្នុង​ចំណោម​មនុស្ស​ជាង​១​លាន​នាក់​នោះ មាន​ជនជាតិ​ខ្មែរ​ប្រមាណ ១ ៧៤៧​នាក់ ហើយ​ប្រទេស​ជិតខាង​កម្ពុជា ដូច​ជា​ឡាវ មាន​ប្រមាណ ៤ ៨៥០​នាក់ ថៃ​ប្រមាណ ៦១៩​នាក់ និង​វៀតណាម​ប្រមាណ ៨ ៦៧៥​នាក់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ