រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានក្រើនរំឭកពីការប្រុងប្រយ័ត្ន និងការបង្ការការចម្លងជំងឺគ្រុនឈាម នៅដើមឆ្នាំ២០២៥នេះជាមួយនឹងការកើតមូសមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ ។យោងតាមសេចក្តីណែនាំក្រើនរំឭកស្តីពីការប្រុងប្រយ័ត្ន និងការបង្ការការចម្លងជំងឺគ្រុនឈាម នាដើមឆ្នាំ២០២៥ របស់ក្រសួងសុខាភិបាលបានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បានផ្តល់ លទ្ធភាពក្នុងការបង្កាត់ពូជ ការកកើតមូស និងបម្លាស់ទីនៃមូស រួមជាមួយនឹងនិន្នាការនៃការកើនឡើងចំនួនមូស ដែលភាគច្រើនបំផុតជាប្រភេទមូសអង្កាម ក្នុងអំឡុងពេលរដូវប្រាំងគិតចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា ។
ជាបន្ថែមក្នុងរដូវប្រាំង លំហូរប្រព័ន្ធលូបង្ហូរទឹកខ្សោយ ឬស្ទះដក់ទឹកមានក្លិនស្អុយ តាមថ្លុកដក់ទឹកស្អុយ ឬវត្ថុដក់ទឹកយូរមានក្លិនស្អុយ ដែលក្លាយជាជម្រកសម្រាប់មូសអង្កាមរស់នៅ និងបង្កបង្កើតកូនចៅនៅកន្លែងដែលមានទឹកដក់ក្លិនស្អុយ ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរដូវប្រាំងនេះ ក៏មានវត្តមានមូសខ្លាខ្លះៗនៅតាមពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស ។
សេចក្ដីណែនាំបន្តថា ក្រុមការងារឆ្លើយតបរបស់ក្រសួងសុខាភិបាល បាននិងកំពុងផ្តល់អន្តរាគមន៍ឆ្លើយតប ដោយសហការជាមួយក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តាមដានស្ថានភាពជំងឺបង្កដោយមូស និងស្ថានភាពមូស ធ្វើការបាញ់ថ្នាំសម្លាប់មូស ផ្សព្វផ្សាយសារអប់រំសុខភាព និងចលនាសហគមន៍ ចូលរួមលុបបំបាត់ប្រភពកកើតមូសនារដូវក្តៅនេះ ដែលដើរតួជាមូសអង្កាម ដែលចូលចិត្តរស់នៅតាមទឹកស្អុយ ។
ក្រសួងសុខាភិបាលបានណែនាំថា ៖
វិធានការទី១-ម្ចាស់ផ្ទះ ឬម្ចាស់អាជីវកម្មនានាត្រូវធានាឱ្យបានថា ប្រព័ន្ធលូបង្ហូរទឹកមិនមានការស្ទះ ដែលអាចបង្កឱ្យមានទឹកដក់ ដែលអំណោយផលក្នុងការកកើតមូស ។ ប្រសិនបើប្រព័ន្ធលូសាធារណៈមានការកកស្ទះ ត្រូវមានវិធានការជាបន្ទាន់ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ។
វិធានការទី២-អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជាពាង អាងទឹក ថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្របឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាតសម្លាប់ដង្កូវទឹកនៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន ។
វិធានការទី៣-ម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករកម្មការិនីទាំងអស់ ដែលកំពុងបំពេញការងារនៅតាមការដ្ឋានសំណង់ទាំងអស់ ត្រូវធ្វើអនាម័យបរិស្ថានឱ្យបានស្អាត នៅក្នុងបរិវេណការដ្ឋានសំណង់របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុកដាក់សម្ភារៈសំណង់ដែលអាចដក់ទឹក នៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីកុំឱ្យដក់ទឹក ។
វិធានការទី៤-ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកជុំជិតខ្លួនយើង ដែលអាចងាយនឹងខាំយើង ។
វិធានការទី៥-ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យយឺតជាង៤៨ម៉ោង បន្ទាប់ពីក្ដៅខ្លួន) ៕
ចែករំលែកព័តមាននេះ