ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ បាន​ចាប់យកគំនិត​ផ្តួចផ្តើមប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​កម្ពុជា

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​, ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦៥ ៖ ឆ្នាំ​ ២០២០-២០២៤ គឺជា​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ​, ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦៥ ៖ ឆ្នាំ​ ២០២០-២០២៤ គឺជា​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា បាន​ប្រឈម​មុខ​និង​ប្រយុទ្ធ​ប្រឆាំង​ជាមួយការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​ដាក់​សម្ពាធ ​និង​បង្ក​ហានិភ័យ​មក​លើ​សុខភាព អាយុជីវិត និង​ជីវភាពរស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន ​។ ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ បាន​ចាប់​យកគំនិត​ផ្តួចផ្តើម​ប្រកបដោយការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ជា​អាទិ៍ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូ​វី​ដ Stop Covid” ប្រព័ន្ធ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ និង​ការ​នាំ​ចូល ​និង​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស ​និង​ឱសថ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដ៏​គ្រោះថ្នាក់​នោះ ​។

ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​ក្នុង​ពិធី​បើក​​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល ៥​ ឆ្នាំ ២០២០-២០២៤ នៃ​ដំណើរ​ឆ្ពោះទៅ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល និង​លើក​ទិស​ដៅ​ការងារ​បន្ត នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានមានប្រសាសន៍ថា ​៖ ក្រសួង​បាន​សកម្ម​ក្នុង​ការ​គិតគូរ និង​កែប្រែ​សភាពការណ៍​វិបត្តិ​ឱ្យទៅ​ជាកាលានុវត្តភាព​សម្រាប់​ការ​អនុវត្ត​ការងារ​របស់​ក្រសួង​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ដោយ​ជំរុញ​ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដើម្បី​គាំទ្រ​កិច្ចការ​កែទម្រង់​របស់​ខ្លួន​ ។

ក្រសួង​បាន​ចាត់​ទុក​ថា ការងារ​កែទម្រង់ គឺជា​បុ​រេ​លក្ខខណ្ឌ​ដ៏​ចាំបាច់​សម្រាប់​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ការ​លើកកម្ពស់ ប្រសិទ្ធភាព និង​ផលិតភាព​កា​ងារ ​។ អាស្រ័យ​ហេតុនេះ ក្រសួង​ពិតជា​មាន​មោទនភាព ដែល​ក្នុង​រយៈពេល ៥ ​ឆ្នាំ​កន្លង​មកនេះ ជាមួយនឹង​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​អភិវឌ្ឍ​ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ក្រសួងសម្រេច​បានការ​កែ​លម្អ​និង​ពង្រឹងគុណភាព​នៃ​ការ​គ្រប់គ្រង​កិច្ចការ​ផ្ទៃក្នុង​ក្រសួង ការ​គ្រប់គ្រង​កិច្ចការ​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស ដែល​បង្កើត​បានជា​មូលដ្ឋាន​សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ និង​អភិបាលកិច្ច​លើ​វិស័យ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង ​។

ឯកឧត្តម​រដ្ឋមន្ត្រី បន្ត​ថា ជា​លទ្ធផលក្នុង​រយៈពេល​ពី​ឆ្នាំ​ ២០២០-២០២៤ ក្រសួង​សម្រេច​បានការ​រៀបចំ​កិច្ចការរដ្ឋបាលដែលធានា​បាន​រំហូរ​ការងារ​លឿន​រហ័ស និង​មាន​តម្លាភាព តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អនុម័ត​ឯកសារ​ផ្ទៃក្នុង (DWF) និង​ប្រព័ន្ធ​គ្រប់គ្រង​ផ្សេង​ទៀត ព្រមទាំង​សម្រេច​បានការ​ពង្រឹង​ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ ដោយ​ផ្តោត​ទៅ​លើការ​កែសម្រួល​យន្តការ​ប្រមូល​ចំណូល និង​ការ​គ្រប់គ្រង​ចំណាយ​ឱ្យ​ចំ​គោលដៅ​ ។ ជាក់ស្តែង​ពី​ឆ្នាំ ​២០២០-២០២៤ ក្រសួង​សម្រេច​ប្រមូល​ចំណូល​ថវិកាជាតិ​ និង​វិភាគទាន​មូលនិធិ​សរុប​បាន​ប្រមាណ ៨០៤​លាន​ដុល្លារ​អាម៉េរិក បើ​ប្រៀបធៀប​ទៅ​នឹង​ចំណូល​ថវិកាជាតិ​ និង​វិភាគទាន​មូលនិធិ​ក្នុង​រយៈពេល ២០១៥-២០១៩ ដែល​ប្រមូល​បានចំនួន​ប្រមាណ ២១៦​លាន​ដុល្លារ​អាម៉េរិក​ ។

សូម​ជម្រាប​ថា លើ​ការ​កែទម្រង់​អង្គភាព ក្រសួង​ក៏បាន​ពង្រឹង​ការងារ​និយ័ត​កម្ម​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​, ប្រែក្លាយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (NIPTICT) ទៅ​ជា​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា (CADT), បែងចែកតួនាទី​ភារកិច្ច​ការងារ​ច្បាស់លាស់​ដោយ​មិន​ឱ្យ​មានការ​ចុះ​ត្រួតពិនិត្យ​ស្ទួន​គ្នា​រវាង​អគ្គាធិការដ្ឋាន និង​នាយកដ្ឋានសវន​កម្ម​ផ្ទៃក្នុង​, កែទម្រង់​សហគ្រាស​ទូរគមនាគមន៍​កម្ពុជា និង​ប្រៃសណីយ៍​កម្ពុជា ក៏​ដូច​ជា​អង្គភាព​ផ្សេង​ៗ​ទៀត ក្រោម​ចំណុះ​របស់​ក្រសួង ដើម្បី​ជំរុញ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមិទ្ធកម្ម​ការងារ​ ។

ឯកឧត្តម ជា វ៉ា​ន់​ដេ​ត បាន​គូសបញ្ជាក់​ថា ៖ ពី​ឆ្នាំ​ ២០២០-២០២៤ ក៏​ជា​អំឡុង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត​ឯកសារ​សំខាន់​ៗ​ចំនួន​ ៤ គឺ “​ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា ២០២១-២០៣៥”, “​គោលនយោបាយ​រដ្ឋាភិបាល ឌី​ជី​ថ​ល​កម្ពុជា ២០២២-២០៣៥”, “​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍ ២០២២-២០៣០” និង “​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​ ១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា​” ដែល​ឯកសារ​ទាំង​អស់នេះ គឺជា​ប្រទីប​និង​ជា​ត្រីវិស័យ​បំភ្លឺ​ និង​នាំ​ផ្លូវ​ដល់​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ក្នុង​ការ​ជំរុញការ​អភិវឌ្ឍ​ និង​ការ​គ្រប់គ្រង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​វិស័យ​៣​ដែល​ស្ថិត​នៅ​ក្នុង​វិសាលភាព​នៃ​ការ​ទទួលខុស​ត្រូវ​របស់​ក្រសួង រួម​មាន វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ឬ​ហៅ​ថា វិស័យ​ឌី​ជី​ថ​ល ដើម្បី​រួមចំណែក​នៅ​ក្នុង​ដំណើរការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថ​ល ពលរដ្ឋ​ឌី​ជី​ថ​ល និង​ធុរកិច្ច​ឌី​ជី​ថ​ល សំដៅ​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ក្នុង​សេដ្ឋកិច្ច​និង​សង្គម​ទាំងមូល ​។

ក្នុង​ការ​ចូលរួម​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ​ដែរ​, ក្រៅពី​ការ​ជំរុញ​ការ​លើកកម្ពស់ ការ​ផ្តល់​សេវា​ប្រៃសណីយ៍​ដើម្បី​គាំទ្រ ជា​ពិសេស​ការ​ដឹក​ជញ្ជូន​គោលដៅ​ចុង​ក្រោយ ក្រសួង​ប្រៃសណីយ៍​និង ទូរគមនាគមន៍​មានការ​ទទួលខុសត្រូវ​ក្នុង​ការ​កសាង​មូលដ្ឋាន​ទ្រទ្រង់​ផ្នែក​ឌី​ជី​ថ​ល ដោយ​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ការ​ពង្រឹង​អក្ខរកម្ម​ឌី​ជី​ថ​ល ការ​បណ្តុះបណ្តាល​ជំនាញ​ពាណិជ្ជកម្ម​តាម ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ការ​បង្កើន​ការ​យល់​ដឹង​ពី​ប្រព័ន្ធ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ។

សន្តិសុខ​តាម​អន​ឡាញ ការ​ជួយ​អភិវឌ្ឍ​ថ្នាល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ការ​កសាង​ក្រប​ខណ្ឌ​បទដ្ឋាន​គតិ​យុ​ត្ត ជា​ពិសេស ច្បាប់​ស្តី​ពី​សន្តិសុខ​សាយ​បរ និង​កិច្ច​ការពារ​ទិន្នន័យ​បុគ្គល និង​ការ​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​និង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​ក្រមសីលធម៌​វិជ្ជាជីវៈ​សម្រាប់​អន្តរការី​និង​បុគ្គល​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធអេ​ឡិច​ត្រូ​និក ​។

ចាប់តាំងពី​ឆ្នាំ​ ២០២០-២០២៤ ការ​សាងសង់​ស្ថានីយ​អង់​តែ​ន និងការ​បំពាក់​គ្រឿង​បរិក្ខារ​ថ្មី​ពី​សំណាក់​ប្រតិបតិ​ករ​ទូរ​សព្ទ​ចល័ត​ធំ​ៗ​បាន​កើន​ឡើងជា​លំដាប់ ​។ ហើយ​ក្រសួង​នឹង​បន្ត​ពង្រឹង និយ័ត​កម្មវិស័យ​ទូរគមនាគមន៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដោយ​ជំរុញ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍​និង​កា​រត​ភ្ជាប់ ដើម្បី​ពង្រីក​វិសាលភាព​គ្របដណ្តប់​នៃ​សេវា​ទូរគមនាគមន៍ និង​គ្រប់គ្រង​ធនធាន​កម្រ ក្នុង​វិស័យ​ទូរគមនាគមន៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​សម្របសម្រួល គណៈកម្មាធិការ​រដ្ឋាភិបាល​ឌី​ជី​ថ​ល បាន​អភិវឌ្ឍ​ថ្នាល​និង​កម្មវិធី​ឌី​ជី​ថ​ល​ចំនួន ៥ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល ទទួលស្គាល់​ជា​ថ្នាល​និង​កម្មវិធី​របស់​រាជរដ្ឋាភិបាល ក្នុង​នោះ ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh មិន​ត្រឹមតែ​មាន ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ក្រសួង​ស្ថាប័ន​ និង​គ្រឹះស្ថាន​អប់រំ​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នាំ​មក​នូវ​កិត្តិយស និង​កិត្តិនាម​ជូន​ក្រសួង រាជរដ្ឋាភិបាល និង​ប្រទេស​ជាតិ​ក្នុង​ឆាក​អន្តរជាតិ​ផង​ដែរ​ ។

ក្រសួង​បាន​និង​កំពុង អភិវឌ្ឍ​ថ្នាល​និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល​មួយ​ចំនួន​ផ្សេង​ទៀត​ជា​បន្តបន្ទាប់ ជា​ពិសេស​បាន​គិតគូរ​ដល់​ការ អភិវឌ្ឍ​ថ្នាល DG SuperApp ដើម្បី​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នា​ពេល​ខាង​មុខ ហើយ​ក្រៅពី​នេះ​បាន​គាំទ្រ​ដល់ ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​និង​កា​រត​ភ្ជាប់​អ៊ុ​ន​ធឺ​ណិ​ត ក៏​ដូច​ជា​ជួយ​អភិវឌ្ឍ និង​ដាក់​ឱ្យ​ប្រើប្រាស់​ថ្នាល កម្មវិធី ឬ ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ទៅ​តាម​សំណូមពរ​និង​តម្រូវការ​របស់​ក្រសួង ស្ថាប័ន​ផង​ដែរ ​។ ទន្ទឹម​នឹង​នេះ ក្រសួង នឹង​បន្ត​សម្របសម្រួល និង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​បញ្ចប់សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី គោលការណ៍​នៃ​ការ​រៀបចំ​បង្កើត​អង្គភាព​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​នៅ​តាម​ក្រសួង ស្ថាប័ន ព្រមទាំង​យកចិត្តទុកដាក់ លើ​ការ​គ្រប់គ្រង​ការ​រក្សា​ទុក និង​រំហូរ​ទិន្នន័យ ដោយ​ខិតខំ​ជំរុញ​ការ​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ​ជាតិ​ឱ្យ​បាន​ឆាប់​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ពង្រឹង​សន្តិសុខ​ឌី​ជី​ថ​ល ក្រសួង​បាន​ចូលរួម​យ៉ាង​សកម្ម​ទាំង​ក្នុង​ក្រប​ខណ្ឌ​គណៈកម្មាធិការ សន្តិសុខ​ឌី​ជី​ថ​ល និង​ក្រប​ខណ្ឌ​ក្រសួង​ផ្ទាល់ ​។ ក្រសួង​បាន​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សន្តិសុខ​សាយ​ប័​រ ក៏​ដូច​ជា ឯកសារ​ចាំបាច់​ផ្សេង​ទៀត​ដែល​បម្រើ​ឱ្យ​ការ​រួមចំណែក​ដល់​ការ​ពង្រឹង​សន្តិសុខ​ឌី​ជី​ថ​ល​ ។ ព្រម​ជាមួយនឹង​ការ​បន្ត អនុវត្ត​កិច្ចការ​នេះ ក្រសួង​នឹង​បន្ត​ប្រមូលផ្តុំ​ធនធានមនុស្ស កសាង​ និង​ពង្រឹងសមត្ថភាព​ជំនាញ​ផ្នែក​សន្តិសុខ សាយ​បរ​និង​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​ដល់​សាធារណជន​ឱ្យ​បាន​យល់​ដឹង​និង​ទទួល​បាន​ចំណេះដឹង​អំពី​បញ្ហា សន្តិសុខ​សាយ​បរ​និង​ឌី​ជី​ថ​ល ​៕ អត្ថបទ​សហការ