រាជធានីភ្នំពេញ ៖ ក្មេងទំនើ.ងចំនួន១៤នាក់ ត្រូវបានកម្លាំងនគរបាលកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ដោយដាក់ពិន័យកោរសក់ និងឲ្យហាត់ប្រាណ បន្ទាប់ពីក្មេងទំនើ.ងទាំងនោះបង្ហោះម៉ូតូ នៅតាមដងផ្លូវសាធារណៈ ។
តាមកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីវេលាម៉ោង ០១និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការល្បាត ដើម្បីបង្ការបង្ក្រាបក្រុមក្មេងទំនើ.ងក្នុងភូមិសាស្ត្រខណ្ឌ ជាលទ្ធផលបានឃាត់ខ្លួនក្រុមក្មេងទំនើ.ងបានចំនួន១៥នាក់ (ស្រី១នាក់) ដែលធ្វើសកម្មភាពជាក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈនៅចំណុចផ្លូវបេតុង ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្មេងទំនើ.ងទាំងនេះត្រូវបញ្ជូនបន្តទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ ក្នុងនោះក្មេងទំនើ.ង១៤នាក់ ត្រូវដាក់វិន័យរដ្ឋបាល ដោយកោសក់ ហាត់កីឡា លើកម៉ូតូដើរក្នងទីបញ្ជាការដោយស្រែកថា «ខ្ញុំក្មេងទំនើ.ងបង្ហោះម៉ូតូ កុំយកតម្រាប់តាមខ្ញុំ ពីពេលនេះទៅខ្ញុំឈប់បង្ហោះម៉ូតូហើយ» ព្រមទាំងដកហូតម៉ូតូ០៧គ្រឿង រក្សាទុក០៣ខែផងដែរ ។
សូមបញ្ជាក់ថា កន្លងមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើ.ង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើ.ងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល៣ខែចំពោះការប្រព្រឹត្តលើកទីមួយ និង៦ខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត ៕
ចែករំលែកព័តមាននេះ