ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​ប្រកាស​ដំឡើង​ពន្ធ​១៥%​ទៅ​លើ​ហ្គាស និង​ធ្យូង​ថ្ម​អាមេរិក

10 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ នៅ​ទី​បំផុត​ សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​ពិភព​លោក​ចាប់​ផ្ដើម​ហើយ​។ ថ្ងៃ​នេះ ប្រទេស​ចិន​ប្រកាស​ដំឡើង​ពន្ធ​១៥%​ទៅ​លើ​ហ្គាស និង​ធ្យូង​ថ្ម​ដែល​នាំ​ចូល​ពី​ប្រទេស​អាមេរិក​​ដើម្បី​ជា​​វិធាន​ការ​វាយ​បក​​ទៅ​លើ​លោក​ត្រាំ​ដែល​ទើប​តែ​ដំឡើង​ពន្ធ​១០%​ទៅ​លើ​ទំនិញ​របស់​ប្រទេស​ចិន​។ ថ្វី​ដ្បិត​គម្រោង​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ប្រទេស​កាណាដា​ និង​ម៉ិក​ស៊ីកូ​សម្រេច​ព្យួរ​ទុក​រយៈ​ពេល​៣០​ថ្ងៃ​ ប៉ុន្តែ​ទំនិញ​របស់​ចិន​នៅ​រក្សា​ទុក​ពន្ធ​១០%​ដដែល​។ នៅ​ក្នុង​ចំណោម​មុខ​ទំនិញ​ដែល​ប្រទេស​ចិន​នឹង​ដំឡើង​ពន្ធ​នោះ​មាន​ដូច​ជា​ប្រេង​ឆៅ​​ដំឡើង​ពន្ធ​១០%,…

ទី​ក្រុង​ប៉េកាំង៖ នៅ​ទី​បំផុត​ សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​ពិភព​លោក​ចាប់​ផ្ដើម​ហើយ​។ ថ្ងៃ​នេះ ប្រទេស​ចិន​ប្រកាស​ដំឡើង​ពន្ធ​១៥%​ទៅ​លើ​ហ្គាស និង​ធ្យូង​ថ្ម​ដែល​នាំ​ចូល​ពី​ប្រទេស​អាមេរិក​​ដើម្បី​ជា​​វិធាន​ការ​វាយ​បក​​ទៅ​លើ​លោក​ត្រាំ​ដែល​ទើប​តែ​ដំឡើង​ពន្ធ​១០%​ទៅ​លើ​ទំនិញ​របស់​ប្រទេស​ចិន​។ ថ្វី​ដ្បិត​គម្រោង​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ប្រទេស​កាណាដា​ និង​ម៉ិក​ស៊ីកូ​សម្រេច​ព្យួរ​ទុក​រយៈ​ពេល​៣០​ថ្ងៃ​ ប៉ុន្តែ​ទំនិញ​របស់​ចិន​នៅ​រក្សា​ទុក​ពន្ធ​១០%​ដដែល​។

នៅ​ក្នុង​ចំណោម​មុខ​ទំនិញ​ដែល​ប្រទេស​ចិន​នឹង​ដំឡើង​ពន្ធ​នោះ​មាន​ដូច​ជា​ប្រេង​ឆៅ​​ដំឡើង​ពន្ធ​១០%, ​គ្រឿង​បរិក្ខារ​កសិកម្ម​ រថ​យន្ត​ធុន​ធំ​ និង​ឡាន​ភិក​អាប់​ក៏​ដំឡើង​​ព​ន្ធ​១០%​ដូច​គ្នា​។ ចំណែក​ធ្យូង​ថ្ម និង​ហ្គាស​ដំឡើង​ពន្ធ​១៥%​។ វិធាន​ការ​នេះ​នឹង​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ត​ទៅ​។ មាន​ន័យ​ថា​​សង្គ្រាម​ពាណិជ្ជ​កម្ម​​ចាប់​ផ្ដើម​ហើយ​រវាង​ប្រទេស​មហា​អំណាច​​​សេដ្ឋ​កិច្ច​ទាំង​២​​។

ក្រសួង​ពាណិជ្ជ​កម្ម​ចិន​ថ្លែង​ថា​ការ​​ដែល​លោក​​ត្រាំ​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​ចិន​ជា​ការ​រំលោភ​ធ្ងន់​ធ្ងរ​ទៅ​លើ​វិធាន​​របស់​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ (WTO)។​ ចំណែក​ការ​ដំឡើង​ពន្ធ​របស់​ចិន​ទៅ​លើ​ទំនិញ​អាមេរិក​គ្រាន់​តែ​ជា​វិធាន​ការ​ការ​ពារ​ខ្លួន​តែ​ប៉ុណ្ណោះ​។ ​​កាល​ពី​យប់​មិញ លោក​ត្រាំ​ប្រកាស​ព្យួរ​ទុក​ជា​បណ្ដោះ​អាសន្ន​នូវ​​គម្រោង​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​ម៉ិកស៊ីកូ និង​កាណាដា​ដោយ​សារ​ប្រទេស​ទាំង​២​បញ្ជូនក្រុម​ការ​ងារ​ទៅ​ចរ​ចា​គ្នា និង​សន្យា​រឹត​បន្តឹង​សន្តិ​សុខ​នៅ​តាម​ព្រំដែន​​​។​

ផ្ទុយ​ទៅ​វិញ ប្រទេស​ចិន​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​របស់​លោក​ត្រាំ​ដែល​ចង់​ឱ្យ​អាជ្ញា​ធរ​ចិន​ទប់​ស្កាត់​គ្រឿង​ញៀន​​នោះ​ទេ​។ សេត​វិមាន​ថ្លែង​ថា​លោក​ត្រាំ​មិន​ទាន់​សន្ទនា​គ្នា​ជា​មួយ​​លោក​ស៊ី​ជីន​ពីង​នៅ​ឡើយ​ទេ​ ហើយ​ត្រូវ​រង់​ចាំ​រហូត​ដល់​ចុង​សប្ដាហ៍​ក្រោយ​។ ​កាល​ពី​ពេល​ដឹក​នាំ​ប្រទេស​នៅ​អាណត្តិ​ទី​១​លោក​ត្រាំ​ដំឡើង​ពន្ធ​ទៅ​លើ​ប្រទេស​ចិន​ចាប់​ពី​ឆ្នាំ​២០១៨​រហូត​ដល់​លោក​ផុត​អាណត្តិ​។

​​កាល​នោះ ​ប៉ះ​ពាល់​ទៅ​លើ​មុខ​ទំនិញ​ដែល​មាន​តម្លៃ​រាប់​រយ​ពាន់​លាន​ដុល្លារ​ និង​ក៏​ប៉ះ​ពាល់​សង្វាក់​ផ្គត់​ផ្គង់​ផង​ដែរ​។ សេដ្ឋ​កិច្ច​ពិភព​លោក​រង​គ្រោះ​យ៉ាង​ដំណំ​។ ​ប្រទេស​ចិន​បញ្ជាក់​ថា​ឆ្នាំ​២០២០​​ដើម្បី​បញ្ចប់​ជម្លោះ​ពាណិជ្ជ​កម្ម​នេះ ខ្លួន​យល់​ព្រម​​​ទិញ​ទំនិញ​​អាមេរិក​២០០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​ដើម្បី​ឱ្យ​ជញ្ជីង​ពាណិជ្ជ​កម្ម​មាន​តុល្យ​ភាព​។ ប៉ុន្តែ​ផែន​ការ​នេះ​ត្រូវ​អាក់​ខាន​ទៅ​វិញ​​ដោយ​សារ​វិបត្តិ​កូវីដ​១៩​​។ ហេតុ​នេះ​​ចិន​នាំ​ទៅ​អាមេរិក​លើស​៣៦១​ពាន់​លាន​ដុល្លារ​ក្នុង​១​​ឆ្នាំ​ៗ​។

អ្នក​វិភាគ​យល់​ថា​ ប្រទេស​ចិន​ខុស​ពី​កាណាដា​​ និង​ម៉ិក​ស៊ីកូ។ ប្រទេស​ទាំង​២​នេះ​អាច​នឹង​បន្ទន់​ឥរិយា​បថ​ទៅ​តាម​ការ​ទាម​ទារ​របស់​លោក​ត្រាំ​ដោយ​សារ​កត្តា​សេដ្ឋ​កិច្ច​ ភូមិ​សាស្ត្រ និង​នយោបាយ​។ ប៉ុន្តែ​ប្រទេស​ចិន​ប្រហែល​ជា​មិន​ងាយ​នឹង​ទោរ​ទន់​ទៅ​រក​អាមេរិក​ដោយ​​ងាយ​ៗ​នោះ​ទេ​។ ទោះ​បី​ប្រទេស​ទាំង​២​អាច​នឹង​​ព្រម​ព្រៀង​គ្នា​នៅ​ក្នុង​ចំណុច​​ខ្លះ​​ក៏​ដោយ​ ក៏​ការ​ដំឡើង​ពន្ធ​ជា​ទូទៅ​មិន​អាច​បញ្ឈប់​ត្រឹម​នេះ​បាន​ឡើយ​។ លោក​ត្រាំ​ព្រមាន​ថា​នឹង​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​ចិន​រហូត​ដល់​៦០​%​។

ក្រៅ​ពី​ការ​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​អាមេរិក​ ប្រទេស​ចិន​ក៏​ត្រៀម​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ទៅ​លើ​ក្រុម​ហ៊ុន​ធំ​ៗ​របស់​អាមេរិក​ដូច​ជា​ហ្គូ​ហ្កល​, ក្រុម​ហ៊ុន​សំលៀក​បំពាក់​ និង​ក្រុម​ហ៊ុន​ជីវ​បច្ចេក​វិទ្យា​ខ្នាត​យក្ស​ជា​ដើម​​។ ចិន​ត្រៀម​ដាក់​បញ្ចូល​ក្រុម​ហ៊ុន​ទាំង​នេះ​ទៅ​ក្នុង​បញ្ជី​ក្រុម​ហ៊ុន​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​​ត​ទៅ​ទៀត​ទេ​​។ ចំណែក​វត្ថុ​ធាតុ​ដើម​ដែល​ជា​លោហ​ធាតុ​កម្រ​របស់​ចិន​ក៏​ត្រូវ​ដាក់​កំហិត​ទៅ​លើ​ការ​នាំ​ចេញ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ