ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានតែអ្នកធ្លាប់កើតទេទើបយល់ ! ជំងឺបូសអន្ទង់នៅតំបន់រន្ធទ្វារបាត អាចព្យាបាលជាដាច់ដែរឬទេ?

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មនុស្ស​ជា​ច្រើន​តែងតែ​គិត​ថា ជំងឺ​បូស​នៅ​បរិវេណ​រន្ធ​បាត និង​បូស​អន្ទង់ ជា​ជំងឺ​មួយ​ដែល​ព្យាបាល ហើយ​ភាគច្រើន​តែងតែ​លាប់​មក​វិញ ឬ​ព្យាបាល​មិនជា ប៉ុន្តែ​ការ​គិត​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ ។…

រាជធានីភ្នំពេញ ៖ មនុស្ស​ជា​ច្រើន​តែងតែ​គិត​ថា ជំងឺ​បូស​នៅ​បរិវេណ​រន្ធ​បាត និង​បូស​អន្ទង់ ជា​ជំងឺ​មួយ​ដែល​ព្យាបាល ហើយ​ភាគច្រើន​តែងតែ​លាប់​មក​វិញ ឬ​ព្យាបាល​មិនជា ប៉ុន្តែ​ការ​គិត​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ ។ នេះបើយោងតាមផេកមន្ទីរពេទ្យ​កាល់​ម៉ែ​តបានបង្ហោះ កាលពីថ្ងៃទី០៣ ខែកុម្ភៈនេះ ។

១- បូស​អន្ទង់​ជា​អ្វី?
វា គឺជា​បូស​កើត​នៅ​ម្ដុំ​ទ្វារ​លាមក ដែល​កើតឡើង​ដោយ​ការ​ស៊ី​ចាក់​រូង​ពី​ក្នុង​រន្ធ​បាត​ចេញ​មក​ខាងក្រៅ ។ ជំងឺ​នេះ​កើត​មាន​ភាគច្រើន​ចំពោះ​មនុស្ស​ពេញវ័យ ក៏​ប៉ុន្តែ​វា​ក៏​អាច​កើត​មាន​លើ​ក្មេង​តូច​ៗ​ផង​ដែរ ។
២- រោគ​សញ្ញា​បូស​អន្ទង់ ៖

-មាន​ដុំ​ពក​ហើម និង​ឈឺ​នៅ​តំបន់​បាត​ដែល​ទើបតែ​កើត​មាន​ថ្មី​ៗ

-ឈឺចាប់​នៅ​ខាងក្នុង​បាត​ដែល​ទើបតែ​កើត​មាន​ថ្មី​ៗ

-មាន​ហូរ​ខ្ទុះ​នៅ​បាត ឬ​មាន​អារម្មណ៍​ថា សើម​ជាប់​ជា​ប្រចាំ​នៅ​បាត

-រមាស់​នៅ​បាត

៣- មូលហេតុ ៖
ជា​ធម្មតា​នៅ​ខាងក្នុង​រន្ធ​បាត​របស់​មនុស្ស​គ្រប់​គ្នា គឺ​មាន​ក្រពេញ​ធម្មជាតិ​តូច​ៗ​ជា​ច្រើន ។ គេ​សន្និដ្ឋាន​ថា ជំងឺ​បូស​អន្ទង់​បណ្ដាល​មក​ពី​ការ​ស្ទះ​រន្ធ​នៃ​ក្រពេញ​តូច​ៗ​ទាំងនេះ​ដែល​បង្ក​ឲ្យ​មាន​ខ្ទុះ​ស៊ី​ចាក់​រូង​ចេញ​មក​ខាងក្រៅ ។

៤- វិធី​ព្យាបាល ៖
ការ​ព្យាបាល​តែ​មួយ​គត់​ដែល​មាន​ប្រសិទ្ធភាព គឺ​ការ​វះកាត់ រីឯ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ (Antibiotiques) តែ​មួយ​មុខ​គត់ គឺ​មិន​មាន​ប្រសិទ្ធភាព​អោយ​ជំងឺ​នេះ​ជា​សះស្បើយ​នោះ​ទេ ។ ការ​វះ​បូស​អន្ទង់​មាន​ពីរ​ប្រភេទ គឺ​ការ​វះ​បង្ហូរ​ខ្ទុះ​បន្ថយ​ការ​ឈឺចាប់​បណ្តោះអាសន្ន និង​ការ​វះ​ឲ្យ​ជា​សះស្បើយ ។

ចំពោះ​ការ​វះ​បង្ហូរ​ខ្ទុះ​បន្ថយ​ការ​ឈឺចាប់ ៖
ការ​វះ​នេះ​ធ្វើ​នៅ​ពេល​ដែល​បូស​កំពុង​តែ​ហើម និង​ឈឺ ។ យើង​គ្រាន់តែ​ចាក់​ថ្នាំស្ពឹក​វះ​ផ្នែក​ខាងក្រៅ និង​ចោះ​បង្ហូរ​ខ្ទុះ​ចេញ ក៏​ប៉ុន្តែ​វា​មិនមែន​ជា​វិធី​ព្យាបាល​ឲ្យ​ជា​សះស្បើយ​នោះ​ទេ វា​គ្រាន់តែ​ជា​ការ​វះ​បន្ធូរបន្ថយ​ការ​ឈឺចាប់​ប៉ុណ្ណោះ ។ បូស​នេះ​នឹង​លាប់​មក​វិញ ប្រសិនបើ​មិន​ធ្វើការ​វះ​ផ្ដាច់​ផ្លូវ​រូង​របស់​វា​ទេ ។

ចំណែក​ការ​វះកាត់​ផ្ដាច់​ផ្លូវ​រូង​បូស​អន្ទង់ (Fistulotomie)៖
នេះ​ជា​វិធី​តែ​មួយ​គត់​ព្យាបាល​ឲ្យ​ជា​សះស្បើយ និង​មិន​លាប់​ឡើង​វិញ ។ ការ​វះ​នេះ​ខុស​ពី​ការ​វះ​ខាងក្រៅ​បង្ហូរ​ខ្ទុះ​ចេញ គឺ​ត្រូវ​វះកាត់​ផ្ដាច់​ផ្លូវ​រូង និង​ប្រភព​ដើម​នៃ​បូស​ដែល​ស្ថិត​នៅ​ខាងក្នុង​រន្ធ​បាត ។ វិធី​វះកាត់ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់វះកាត់ ប្រើ​ថ្នាំ​ឲ្យ​ស្ពឹក​ត្រឹម​ចង្កេះ​ចុះ​ក្រោម និង​វះ​ដោយ​គ្មាន​ការ​ឈឺចាប់ ។ បន្ទាប់​ពី​វះកាត់​តម្រូវ​ឲ្យ​សម្រាក​តាមដាន​នៅ​មន្ទីរពេទ្យ​តែ​១​ថ្ងៃ​ប៉ុណ្ណោះ រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​ធ្វើ​ការងារ​ផ្សេង​ៗ​បានជា​ធម្មតា ។
៥- ផលវិបាក​នៃ​បូស​អន្ទង់ ៖

គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត ៖
ក្នុង​ករណី​ដែល​បូស​កំពុង​តែ​ហើម​ឈឺ ហើយ​មិន​បាន​វះ​បង្ហូរ​ខ្ទុះ​ចេញ លេបថ្នាំ​អូស​បន្លាយ​ពេលវេលា បូស​នោះ​អាច​រាលដាល​ធំ​បង្ក​ឲ្យ​ស្លោក​ពេញ​តំបន់​បាត (Cellulite ou Gangrène de Fournier) និង​ឆ្លង​មេរោគ​ចូល​ក្នុង​ឈាម​ដែល​អាច​បណ្ដាល​ឲ្យ​ស្លា​.​ប់​បាន ។

ករណី​នេះ​ងាយ​នឹង​កើត​មាន ជា​ពិសេស​ចំពោះ​មនុស្ស​ដែល​ខ្សោយ​ប្រព័ន្ធ​ការពារ​ដូច​ជា មនុស្ស​ចាស់ជរា អ្នកជំងឺ​ទឹកនោមផ្អែម អ្នកជំងឺ​ប្តូរ​ប្រឹស​បេះដូង និង​អ្នក​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ប្រភេទ AINS មិន​បាន​ត្រឹមត្រូវ ។

៦- អនុសាសន៍​៖
មាន​តែ​ការ​វះកាត់​តែ​មួយ​មុខ​គត់ ដែល​អាច​ព្យាបាល​បូស​អន្ទង់​អោយ​មាន​ប្រសិទ្ធភាព និង​ជា​សះស្បើយ ។

ដោយឡែក «​ប្រសិនបើ​លោក​អ្នកមាន​បញ្ហា ឬ​រោគ​សញ្ញា​ដូចដែល​បាន​រៀបរាប់​ខាងលើ សូម​មេត្តា​ប្រញាប់​មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស ដើម្បី​ទទួល​បាន​នូវ​រោគវិនិច្ឆ័យ និង​វិធីសាស្ត្រ​ព្យាបាល​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ