ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​សង្គម​ស៊ី​វិល និង​អ្នក​ជំនាញការ​កម្ពុជា​មិន​តិច​ពាន់​នាក់​ឡើយ ដែល​កំពុង​តែ​រង​គ្រោះ​ដោយសារ​តែ​ការ​សម្រេចចិត្ត​បង្កក​ជំនួយ​របស់​លោក ដូ​ណា​ល់ ត្រាំ កាលពី​ចុង​ខែមករា ឆ្នាំ​២០២៥​កន្លង​ទៅ ក្រោយ​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាណត្តិ​ទី​២ ។ អ្នក​ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ការងារ…

បុគ្គលិក​សង្គម​ស៊ី​វិល និង​អ្នក​ជំនាញការ​កម្ពុជា​មិន​តិច​ពាន់​នាក់​ឡើយ ដែល​កំពុង​តែ​រង​គ្រោះ​ដោយសារ​តែ​ការ​សម្រេចចិត្ត​បង្កក​ជំនួយ​របស់​លោក ដូ​ណា​ល់ ត្រាំ កាលពី​ចុង​ខែមករា ឆ្នាំ​២០២៥​កន្លង​ទៅ ក្រោយ​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាណត្តិ​ទី​២ ។

អ្នក​ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ការងារ និង​បញ្ហា​ជីវភាព​រស់នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា​៩០​ថ្ងៃ​ក្រោម​ការ​សម្រេចចិត្ត​បង្កក និង​សើរើ​ឡើង​វិញ​នៃ​កម្មវិធី​ជំនួយ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រឹត​បន្តឹង​ការ​ចំណាយ​ថវិការដ្ឋ​របស់​លោក ដូ​ណា​ល់ ត្រាំ នៅ​កម្ពុជា​នៅ​ពេល​នេះ​មាន​ច្រើន​វិស័យ ។ ពួក​អ្នក​ទាំងនោះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​តាំងពី​អ្នក​បោសសំអាត​គ្រាប់​មិន​ទាន់​ផ្ទុះ បុគ្គលិក​អង្គការ​សង្គម​ស៊ី​វិល ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ការ​តស៊ូ​មតិ លទ្ធិប្រជាធិបតេយ្យ បរិស្ថាន សុខភាព កសិកម្ម និង​អប់រំ​ជាដើម ។

ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​នៃ​ការ​សម្រេចចិត្ត​បង្កក​កម្មវិធី​ជំនួយ​របស់​សហរដ្ឋអាមេរិក លោក​ទេស​រដ្ឋមន្ត្រី លី ធុ​ជ ដែល​ជា​អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​មីន​កម្ពុជា បាន​ធ្លោយ​ប្រាប់​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៥​ថា គ្រាន់តែ​សម្រាប់​កម្មវិធី​មីន​មួយ អ្នក​ដោះ​មីន​ប្រមាណ​ជា​ជាង​១០០០​នាក់​អាច​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្អាក​ការងារ​នៅ​ក្នុង​រយៈពេល​នៃ​ការ​បង្កក​ជំនួយ​នេះ ។ លោក​បាន​បង្ហើប​ថា លើ​ផ្នែក​មីន​នេះ កម្ពុជា​បាន​ទទួល​ជំនួយ​ពី​សហរដ្ឋអាមេរិក​ប្រមាណ​ជា​១០​លាន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ។

ក្រោយ​ការ​លើក​ឡើង​បែប​នេះ លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​លើក​ឡើងជា​ចំហ​ថា សកម្មភាព​របស់​ស៊ី​ម៉ាក់ ដែល​មាន​មូលដ្ឋាន​នៅ​៨​ខេត្ត គឺ​ខេត្តកំពង់ចាម ក្រចេះ មណ្ឌល​គី​រី រតនគីរី ស្ទឹង​ត្រែង ត្បូងឃ្មុំ ស្វាយ​រៀង និង​ខេត្តព្រៃវែង ត្រូវ​ផ្អាក​កិច្ច​ប្រតិបត្តិការ​បណ្តោះអាសន្ន រយៈពេល​៨៥​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥​តទៅ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ។

លោក​បាន​លើក​ឡើង​ថា ការ​ផ្អាក​ប្រតិបត្តិការ​នេះ​មូលហេតុ​អង្គការ​ជា​ដៃគូ​ដែល​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មក​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គភាព​ស៊ី​ម៉ាក់​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្អាក​ការ​ផ្តល់​ជំនួយ​ទាំងឡាយ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ពិភពលោក ក្នុង​នោះ​ក៏​ប៉ះពាល់​ដល់​បណ្តា​អង្គការ​ដៃគូ​មួយ​ចំនួន​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ។

តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​អេ​ភី បាន​ឲ្យ​ដឹង​ថា កម្មវិធី​ជំនួយ​ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋអាមេរិក​នៅ​ជុំវិញ​ពិភពលោក កំពុងធ្វើការ​សម្រេចចិត្ត​បញ្ឈប់​ការងារ​បុគ្គលិក ឬ​ផ្អាក​ប្រតិបត្តិការ ឬ​ក៏​រៀបចំ ដើម្បី​បញ្ឈប់​ប្រតិបត្តិការ ដោយសារ​ការ​បង្កក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​រដ្ឋបាល លោក ត្រាំ លើ​កម្មវិធី​ជំនួយ​បរទេស​ស្ទើរតែ​ទាំងអស់ កាលពី​ចុង​ខែមករា កន្លង​ទៅ ។
គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​ការ​សម្រេចចិត្ត​បង្កក​ជំនួយ​នេះ មាន​ប៉ះពាល់​ដល់​បុគ្គលិក និង​ប្រតិបត្តិការ​នៃ​កម្មវិធី​ទាំងអស់​ប៉ុន្មាន​នោះ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា កាលពី​រដ្ឋបាល​លោក ចូ បៃ​ដិ​ន នៅ​កាន់​អំណាច​ជា​ពិសេស គឺ​នៅ​ក្នុង​ឆ្នាំ​២០២៣ កម្មវិធី​ជំនួយ​របស់​សហរដ្ឋអាមេរិក​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា​ជាង​៧០​ពាន់​លាន​ដុល្លារ ។

សម្រាប់​កម្ពុ​ជាមួយ​គេ​ដឹង​ថា យន្តការ​នៃ​កម្មវិធី​ជំនួយ​ដែល​កម្ពុជា​ទទួល គឺ​ភាគច្រើន​តាម​រយៈ​ច្រក​មួយ គឺ​កម្មវិធី​ដែល​គ្រប់គ្រង​នឹង​ដំណើរការ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)​។

តាម​ដែល​គេ​ដឹង​ថា សម្រាប់​ឆ្នាំ​២០២៥​នេះ​ទឹកប្រាក់​ជំនួយ​ដែល​គ្រប់គ្រង​ប្រតិបត្តិការ​ដោយ USAID នៅ​ទូ​ទាំង​ពិភពលោក គឺ​មាន​ទំហំ​ប្រមាណ​ជា ២២,៦ ពាន់​លាន​ដុល្លារ ហើយ​សម្រាប់​កម្ពុជា​គេ​មិនដឹង​ប៉ុន្មាន​ឲ្យ​ប្រាកដ​នៅឡើយ ។
គួរ​រំលឹក​ថា កាលពី​ខែតុលា ឆ្នាំ​២០២៣ នៅ​ពេល​ដែល លោកស្រី សា​ម៉ា​ន​ថា ផៅ​វ័ ( Samantha Power) រដ្ឋបាល នៃ​USAID មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា គឺ​លោកស្រី បាន​ប្រកាស​ផ្តល់​ជំនួយ​ជាង​១៧ លាន​ដុល្លារ ដើម្បី​កែ​លម្អ​ការ​ថែទាំ​សុខភាព និង​២៩​លាន​ដុល្លារ​សម្រាប់​កម្មវិធី ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម និង​ស្បៀងអាហារ ។

ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID របស់​អា​មេ​រិ​ក​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​បង្កក​៩០​ថ្ងៃ​ដែរ​នោះ​ក៏​បាន​ផ្តល់​ប្រាក់​ជាង ៦​លាន​ដុល្លារ​សម្រាប់​សង្គម​ស៊ី​វិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គំនិត​ផ្តួចផ្តើម​ការងារ រួម​ជាមួយនឹង​ជំនួយ ៣​លាន​ដុល្លារ​ទៀត​សម្រាប់​គាំទ្រ​ដល់​កិច្ចសហការ និង​ឱកាស​សម្រាប់​ជន​ពិការ ។

សរុប​ទៅ​រាល់​បុគ្គលិក និង​អ្នក​ជំនាញការ​នានា​ដែល​កំពុង​តែ​ធ្វើការ​ក្រោម​ជំនួយ​ដោយ​សហរដ្ឋអាមេរិក គឺ​កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ​អត់​ការងារ​ធ្វើ មួយ​ត្រីមាស ហើយ​ក្រោយ​ពេល​កាលកំណត់​នៃ​ការ​បង្កក​នេះ​ដល់​ឱ​សាន្ត​វាទ​គេ​ក៏​នៅ​តែ​មិនដឹង​ថា តើ​លោក​ត្រាំ​នឹង​សម្រេច​យ៉ាងណា​ទៀត​នៅឡើយ​ទេ ។

ដោយឡែក​វិស័យ​ដែល​កំពុង​តែ​ជួយ​ក្រោម​គម្រោង​ជំនួយ​ខាងលើ​ក៏​មាន​ផល​ប៉ះពាល់​គួរសម​ដែរ​សម្រាប់​កម្ពុជា ដូច្នេះ​សង្ឃឹមថា ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ពិនិត្យ​ពី​ភាព​ចាំបាច់​នៃ​គម្រោង​ហើយ​សម្របសម្រួល និង​ត្រៀម​សេណា​រី​យ៉ូ​ទុកជា​មុន ដើម្បី​ធានា និង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ចំពោះ​សង្គម ជា​ពិសេស គឺ​វិស័យ​អប់រំ និង​សុខាភិបាល ដែល​ជាសរ​ស្តម្ភ​នៃ​ការ​ធានា​សុខមាលភាព​សង្គម​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ