ខេត្តត្បូងឃ្មុំ ៖ ពីមួយឆ្នាំទៅមួយឆ្នាំទិដ្ឋភាពកន្លែងចាប់ត្រីនៅបឹងក្រមក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ត្រូវបានរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់បង្កើតនៅប្រពៃណីចាប់ត្រីតាមទំនៀមទម្លាប់បុរាណខ្មែរដោយប្រើឧបករណ៍អង្រួត ឈ្នាង ដើម្បីចាប់យកត្រីសម្រាប់អាំងទទួលទាន ដោយមានភាពសប្បាយរីករាយ អ្វីដែលចាប់អារម្មណ៍នោះនៅឆ្នាំ២០២៦ ខាងមុខអ្នកណាដែលចាប់ត្រីបានច្រើនជាងគេនិងមានប្រគល់ពានរង្វាន់ថែមទៀត។
លោកអ៊ួច យឿន មេឃុំជាំក្រវៀនមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី០២ កុម្ភៈថា: ក្រោមការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត បានប្រែក្លាយកន្លែងដែលស្ងប់ស្ងាត់ទៅជាតំបន់ទេសចរណ៍មួយដល់ទាក់ទាញឲ្យមនុស្សមកកំសាន្តលេងក្នុងពិធីចាប់ត្រីតាមប្រពៃណីពីបុរាណកាលមកដល់សព្វថ្ងៃនេះគឺមានអាយុកាលរាប់រយឆ្នាំហើយ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី០១កុម្ភៈ ឆ្នាំ២០២៥ ត្រូវបានឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត អភិបាលស្រុក ព្រមទាំងមន្ត្រីតាមនានាជុំវិញខេត្តបានមកចុះចាប់ត្រីក្នុងទឹកមុខស្រស់ញញឹម។
លោកមេឃុំជាំក្រវៀន មានប្រសាសន៏រំលឹកថា ក្នុងគ្រាដែលរូបលោកកើតមកពីកុមារភាពដឹងក្តីឃើញវិធីចាប់ត្រីតាមប្រពៃណីនៅបឹងក្រមនេះគឺមុនជីដូនជីតារបស់លោកម៉្លេះ កាលពីសង្គមចាស់ទិដ្ឋភាពនៅកន្លែងបឹងក្រម នេះសំបូរទៅដោយព្រៃឈើតូចធំ មានម្លប់ត្រឈឹងប្រឈៃហើយពេលដែលមានពិធីចាប់ត្រីម្ដងៗគឺអ្នកស្រុកតែងតែនាំគ្នាបរទេះគោមកដើម្បីចូលរួមចាប់ត្រីមុនពេលពីទៅបីថ្ងៃ គ្រានោះត្រីសំបូរណាស់បើអ្នកប្រើអង្រុតចាប់ត្រីមានទំហំរហូតដល់ប៉ុនកំភួនជើងមនុស្សចាស់ឯណោះ។តែក្រោយមកដោយសារប្រទេសឆ្លងកាត់ពីសម័យកាលមួយទៅសម័យកាលមួយទីតាំងកន្លែងចាប់ត្រីព្រៃឈើធំៗ ត្រូវបានគេកាប់តែសព្វថ្ងៃនៅសល់តែព្រៃឈើតូចៗហើយត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ខិតខំដាំបណ្ដុះបន្ថែមទៀត។
ជាក់ស្ដែងនៅកន្លែងបឹងក្រម ដែលប្រារព្ធពិធីចាប់ត្រីនេះត្រូវបានកម្លាំងអាជ្ញាធរមូលដ្ឋានដេកយាមរយៈពេលជាងមួយខែមុនពេលចាប់ត្រី ដើម្បីការពារកុំឲ្យប្រជាពលរដ្ឋខិលខូចចូលទៅចាប់ត្រី។
លោកមេឃុំលើកឡើងថាពិធីចាប់ត្រីនៅបឹងក្រមនេះដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០១កុម្ភៈគឺមានប្រជាពលរដ្ឋឆ្ងាយជិតក្នុងនោះមានមកពីខេត្តត្បូងឃ្មុំកំពង់ចាម ក្រចេះ ព្រៃវែង ស្វាយរៀងសៀមរាបនិងមួយផ្នែកមកពីវៀតណាមក៏បានចូលរួមចាប់ត្រីដើម្បីបង្កើតនូវភាពសប្បាយរីករាយតាមប្រពៃណីរបស់ខ្មែរដូនតាយើង ដែលមានរហូតទៅដល់ជាង ១២ម៉ឺននាក់ឯណោះ។ ក្នុងពេលអញ្ជើញចុះចាប់ត្រីតាមបែបបុរាណនេះឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះនាំគ្នាស្រឡាញ់បរិស្ថាននៅជុំវិញខ្លួន ហើយនៅឆ្នាំ២០២៦ ពិធីចាប់ត្រីតាមបែបបុរាណនេះនឹងធ្វើឡើងឲ្យបានធំជាងនេះបន្ថែមទៀតតាមគោលការណ៍របស់រដ្ឋបាលខេត្ត អ្នកដែលបានចាប់ច្រើនជាងគេមានប្រគល់មានរង្វាន់អមដោយថវិកា។
ក្រោយពិធីចាប់ត្រីចប់អាជ្ញាធរមូលដ្ឋានត្រូវបានយាមនៅតំបន់នេះថែរក្សារហូតពេលដល់រដូវភ្លៀងធ្លាក់មកដល់ទើបនាំគ្នាចាកចេញ ក្នុងរដូវវស្សានៅបឹងក្រមនេះ មានទឹកច្រើនហើយប្រជាពលរដ្ឋខ្លះបានជិះទូកកំសាន្តលេងជាលក្ខណៈគ្រួសារ។ សូមបញ្ជាក់ថាបឹងក្រមគឺជាបឹងនៅក្រោមគេបង្អស់ពេលរដូវភ្លៀងធ្លាក់ម្ដងៗទឹកតែងតែហូរចាកពីតំបន់ផ្សេងៗ មកក្នុងបងក្រមដោយនាំត្រីមកជាមួយ។
តែសព្វថ្ងៃនេះនៅត្រពាំងផ្នែកខាងលើមានពលរដ្ឋខ្លះគេបានបិទខ្ទប់ដាក់លបនិងព្រួលជាហេតុធ្វើឲ្យត្រីមិនអាចហូរចុះមកបានគិតថានេះធ្វើឲ្យត្រីរៀងខ្សត់។ជាធម្មតារាល់ឆ្នាំពេលទឹកចាប់ផ្ដើមស្រកចុះត្រូវបានគេលែងកូនត្រីចម្រុះដើម្បីឲ្យបង្កើតផលត្រីសម្រាប់ត្រៀមចាប់តាមបែបប្រពៃណី។
លោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តវិញបានឲ្យដឹងដែរថារាល់ពេលមានពិធីចាប់ត្រីតាមបែបបុរាណដោយប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារក្នុងនោះមានអង្រុតនិងឈ្នាងគឺសង្កេតឃើញពលរដ្ឋ មកពីគ្រប់ទិសទីចុះចាប់ត្រីបានក្នុងនោះមានដូចជាត្រីរ៉ស់ ត្រីតាឱនត្រីក្រាញ់និងត្រីអណ្ដែង រូបលោកនិងមន្ត្រីជាច្រើនអ្នកនៅមន្ទីរកសិកម្មគឺបានចូលរួមចាប់ត្រីដើម្បីបង្កើតនូវភាពសប្បាយរីករាយរាល់ឆ្នាំផងដែរ។លោកថាដីនៅតំបន់នេះពិបាកក្នុងការដាំដុះកូនឈើបន្តិច ដោយសារជាប្រភេទដីក្រាំងរឹងក្នុងរដូវប្រាំងនិងបែកភួកក្នុងរដូវវស្សា ។
លោកប្រធានមន្ទីរលើកឡើងទៀតថារាល់ឆ្នាំក្នុងរដូវវស្សាខាងជំនាញជលផលខេត្តតែងតែនាំយកកូនត្រីមកលេងនៅតំបន់នេះ ដើម្បីឲ្យបង្កើតកូនចៅបានច្រើនងាយស្រួលពេលចុះចាប់ក្នុងពិធីចាប់ត្រីគឺបានផលច្រើន ។ ចំពោះទិដ្ឋភាពកន្លែងចាប់ត្រីនៅបង្ក្រំនេះឃើញថាការរៀបចំសណ្ដាប់ធ្នាប់គឺបានប្រព្រឹត្តទៅមានភាពល្អប្រសើរក្រោមការយកចិត្តទុកដាក់ការពារសន្តិសុខពីសំណាក់កម្លាំងនគរបាលនិងអាវុធហត្ថ ៕
ចែករំលែកព័តមាននេះ