ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ចេញ​ប្រតិ​កម្ម​តប​នឹង​ពាក្យ​ស​ម្ដី​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក

10 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ ប្រទេស​ចិន​បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​ៗ​តប​ទៅ​ប្រទេស​អាមេរិក​។ អ្នក​នាំ​ពាក្យ​ចិន​ លោក​ស្រី​ម៉ៅ​នីង ថ្លែង​ថា​អាមេរិក​គ្មាន​សិទ្ធិ​អី​ត្រូវ​មក​ជ្រៀត​ជ្រែក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ទេ​។ ដូច្នេះ ប្រទេស​ចិន​សូម​ស្នើ​ឱ្យ​អាមេរិក​ដក​ខ្លួន​ឱ្យ​ឆ្ងាយ​ពី​បញ្ហា​នេះ​ដើម្បី​ឱ្យ​ចិន​ និង​បណ្ដា​ប្រទេស​ដែល​មាន​ជម្លោះ​និយាយ​គ្នា​តាម​សម្រួល​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ថ្មី​…

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ ប្រទេស​ចិន​បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​ៗ​តប​ទៅ​ប្រទេស​អាមេរិក​។ អ្នក​នាំ​ពាក្យ​ចិន​ លោក​ស្រី​ម៉ៅ​នីង ថ្លែង​ថា​អាមេរិក​គ្មាន​សិទ្ធិ​អី​ត្រូវ​មក​ជ្រៀត​ជ្រែក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ទេ​។ ដូច្នេះ ប្រទេស​ចិន​សូម​ស្នើ​ឱ្យ​អាមេរិក​ដក​ខ្លួន​ឱ្យ​ឆ្ងាយ​ពី​បញ្ហា​នេះ​ដើម្បី​ឱ្យ​ចិន​ និង​បណ្ដា​ប្រទេស​ដែល​មាន​ជម្លោះ​និយាយ​គ្នា​តាម​សម្រួល​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ថ្មី​ លោក​ម៉ារ៉ាកូ រូប៊ីយ៉ូ​(Marco Rubio)​ទើប​តែ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​​​ជា​មួយ​​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​​ហ្វ៊ីលីពីន​​។​

នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ចិន កាល​ណា​អាមេរិក​នៅ​ពីក្រោយ​ប្រទេស​ដែល​មាន​ជម្លោះ​​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ពួក​គេ​នឹង​អាង​ខ្នង​អាមេរិក​នៅ​ពី​ក្រោយ​។​ ម៉្លោះ​ចរ​ចា​​​មិន​ងាយ​​​ត្រូវ​គ្នាទ​​​។ ចំណែក​ប្រទេស​ដែល​មាន​ជម្លោះ​យល់​ថា​គ្រាន់​តែ​ចាប់​ផ្ដើម​ភ្លាម​ខ្លួន​ចាញ់​ប្រៀប​ប្រទេស​ចិន​បាត់​ទៅ​ហើយ​។ ដូច្នេះ ត្រូវ​តែ​មាន​ខ្នង​មហា​អំណាច​​​ទើប​អាច​មាន​ទម្ងន់​នៅ​ក្នុង​ការ​ចរ​ចា​​។​

ក្រសួង​ការ​បរទេស​អាមេរិកថ្លែង​ថា​នៅ​ក្នុង​ការ​សន្ទនា​គ្នា​នោះ​ ​លោក​រ៉ូប៊ីយ៉ូ​ចាត់​ទុក​​ថា​សកម្ម​ភាព​យោធា​របស់​ប្រទេស​ចិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​សន្តិ​ភាព​ និង​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​ ហើយ​មិន​ស្រប​ទៅ​នឹង​បទ​បញ្ញត្តិ​ជា​អន្តរ​ជាតិ​ទេ​។ ​ជា​កិច្ច​ឆ្លើយ​តប​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​សង្កត់​ធ្ងន់​ថា​កិច្ច​សហ​ការ​យោធា​រវាង​អាមេរិក និង​ហ្វ៊ីលីពីន​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អធិប​តេយ្យ​ភាព​ជាតិ​របស់​ប្រទេស​ចិន និង​សិទ្ធិ​ស្រប​ច្បាប់​របស់​ចិន​ក្នុង​ការ​កាន់​កាប់​ដែន​សមុទ្រ​នោះ​ដែរ​។

ម៉្យាង​ទៀត​អ្នក​នាំ​ពាក្យ​រូប​នេះ​យល់​ថា​​ដែន​សមុទ្រ​ដែល​ហ្វ៊ីលីពីន​អះ​អាង​ថា​ជា​ទឹក​ដី​របស់​ខ្លួន​នោះ​ក៏​អាមេរិក​មិន​គួរ​ប្រកាស​គាំទ្រ​នោះទេ​​​​។ ទំនាក់​ទំនង​រវាង​ចិន និង​​ហ្វ៊ីលីពីន​កាល​ពី​ជំនាន់​លោ​កឌូតឺតេ​គ្រប់​គ្រង​ប្រទេស​មិន​សូវ​មាន​បញ្ហា​ទេ​។ ប៉ុន្តែ​ចាប់​តាំង​ពី​លោក​ម៉ាកូស​ឡើង​​កាន់​អំណាច​​រយៈ​ពេល​​ជាង​២​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់​ទំនង​ចាប់​ផ្ដើម​រកាំ​រកូស​ខ្លាំង​។

​ពេល​ខ្លះ​ប្រទេស​ទាំង​២​ប៉ះ​ទង្គិច​គ្នា​​​រវាង​ទូក​ល្បាត​របស់​ចិន និង​ទូក​របស់​ហ្វ៊ីលីពីន​ដែល​ដឹក​ស្បៀង​អាហារ​ទៅ​ចែក​ជូន​គ្នា​របស់​គេ​ប្រចាំ​ការ​នៅ​ក្នុង​ខ្មោច​កប៉ាល់​មួយ​គ្រឿង​។ ហ្វ៊ីលីពីន​ចាត់​ទុក​ថា​កប៉ាល់​នេះ​ជា​គោល​ចារឹក​នៃ​ព្រំ​ដែន​ទឹក​របស់​ខ្លួន​។ ​នៅ​ក្នុង​ការ​ថ្លែង​សារ​នយោបាយ​នៅ​ថ្ងៃ​នេះ អ្នក​នាំ​ពាក្យ​ចិន​ក៏​បាន​បញ្ចេញ​ប្រតិ​កម្ម​តប​ផង​ដែរ​ទៅ​នឹង​គម្រោង​ដាក់​ពង្រាយ​​ជើង​ទម្រ​​បាញ់​មីស៊ីល​របស់​អាមេរិក​ម៉ាក​​ថាយ​ហ្វុន (Typhon) នៅ​លើ​មូល​ដ្ឋាន​យោធា​ដែល​ទើប​តែ​សាង​សង់​ថ្មី​។

​ប្រទេស​ចិន​ថ្លែង​ថា​ទង្វើ​នេះ​នឹង​នាំ​ឱ្យ​មាន​ភាព​តាន​តឹង​​​​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​ និង​ការសម្ដែង​ឫទ្ធិ​ដាក់​គ្នា​ខាង​អាវុធ និង​យោធា​​។​​ ​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​ហ្វ៊ីលីពីន​ប្រាប់​ថា​មីស៊ីល​ម៉ាក​ថាយ​ហ្វុន​ជា​ប្រភេទ​កាំ​ជ្រួច​ហ្វូង​ដែល​អាច​បាញ់​ម្ដង​ៗ​​ចេញ​ច្រើន​គ្រាប់​ ហើយ​​អាច​បាញ់​បាន​​​ចម្ងាយ​រាប់​ពាន់​​គីឡូ​ម៉ែត្រ​។ ជើង​ទម្រ​​នេះ​បាន​ដឹក​ទៅ​ដល់​​​មូល​ដ្ឋាន​ទ័ព​អាកាស​របស់​ហ្វ៊ី​លី​ពី​ន​ហើយ​ហើយ​បាន​ដឹក​បន្ត​ទៅ​​កោះ​លូ​ហ្សន (Luzon) ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ប្រទេស​ចិន​។

​អ្នក​នាំ​ពាក្យ​ចិន​ចាត់​ទុក​ថា​នេះ​ជា​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ទាល់​តែ​សោះ​។​ ​ជើង​ទម្រ​បាញ់​​មីស៊ីល​នេះ​មិន​ធម្មតា​ទេ​។ វា​អាច​បាញ់​មីស៊ីល​បណ្ដែត​​ម៉ាក​​ថូម៉ា​ហក (Tomahawk) ចេញ​ពី​ទឹក​ដី​ហ្វ៊ីលីពីន​ទៅ​ដល់​ទឹក​ដី​ចិន និង​រុស្ស៊ី​។ មីស៊ីល​នេះ​ក៏​អាច​បាញ់​យន្ត​ហោះ ឬ​នាវា​ចម្បាំង​នៅ​ក្នុង​រយៈ​ចម្ងាយ​​​លើស​ពី​ពីរ​រយ​គីឡូ​ម៉ែត្រ​ផង​ដែរ​​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ