ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​បន្តឈរជា​គោលដៅ​ទេសចរណ៍​ពេញនិយម​បំផុត​របស់​ពិភពលោក​ម្តងទៀត

13 ម៉ោង មុន

ប្រទេសបារាំង ៖ ក្រសួងទេសចរណ៍បារាំងកាលពីថ្ងៃអង្គារបានប្រកាសថា ការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅក្រុងប៉ារីស ដើរយ៉ាងសំខាន់ជួយប្រទេសបារាំងបន្តរក្សាតំណែងរបស់ខ្លួនជាគោលដៅទេសចរណ៍កំពូលរបស់ពិភពលោកប្រចាំឆ្នាំ ២០២៤ ជាមួយនឹងវត្តមានភ្ញៀវទេសចរបរទេសចំនួន ១០០លាននាក់។ នេះបើយោងតាមប្រភពពីទីភ្នាក់សារព័ត៌មាន AFP…

ប្រទេសបារាំង ៖ ក្រសួងទេសចរណ៍បារាំងកាលពីថ្ងៃអង្គារបានប្រកាសថា ការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅក្រុងប៉ារីស ដើរយ៉ាងសំខាន់ជួយប្រទេសបារាំងបន្តរក្សាតំណែងរបស់ខ្លួនជាគោលដៅទេសចរណ៍កំពូលរបស់ពិភពលោកប្រចាំឆ្នាំ ២០២៤ ជាមួយនឹងវត្តមានភ្ញៀវទេសចរបរទេសចំនួន ១០០លាននាក់។ នេះបើយោងតាមប្រភពពីទីភ្នាក់សារព័ត៌មាន AFP បានចេញផ្សាយ។

ខណៈដែលវិស័យទេសចរណ៍ពិភពលោកបានវិលត្រលប់ទៅកម្រិត មុនពេលការផ្ទុះជំងឺរាត​ត្បាត​កូវីដ១៩ ជាមួយនឹងមនុស្ស ១.៤ពាន់លាននាក់ ដែលបានធ្វើដំណើរទៅក្រៅប្រទេស។ យោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិបង្ហាញថា ប្រទេសបារាំង និងអេស្ប៉ាញ បានប្រកាសអំពីវត្តមានអ្នកភ្ញៀវទេសចរបរទេសច្រើនជាងគេបំផុតប្រចាំឆ្នាំ ២០២៤។

រដ្ឋមន្ត្រីទេសចរណ៍បារាំង លោក Nathalie Delattre បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Le Figaro ថា «ប្រទេសបារាំងនៅតែជាអ្នកដឹកនាំពិភពលោកក្នុងវិស័យទេសចរណ៍។ ហើយយើងកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លា ជាពិសេសពីប្រទេសអេស្ប៉ាញ»។

ប្រទេសអេស្ប៉ាញកាលពីសប្តាហ៍មុន បានប្រកាសអំពីវត្តមានភ្ញៀវទេសចរបរទេសមកកាន់ទឹកដីរបស់ខ្លួនចំនួន៩៤លាននាក់ នៅឆ្នាំ ២០២៤ ពោលកើនឡើង ១០% បើធៀបនឹងឆ្នាំ ២០២៣។ ប្រទេសបារាំងដែលធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក អំឡុងក្នុងខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២៤ បានស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន ២លាននាក់បន្ថែមទៀតពោលកើនឡើង ២% បើធៀបនឹងឆ្នាំ ២០២៣ ដែលខ្លួនឈរជា​គោលដៅ​ទេសចរណ៍​ពេញនិយម​បំផុត​របស់​ពិភពលោក។ ប៉ុន្តែទោះបីជាប្រទេសបារាំងមានភ្ញៀវច្រើនក៏ដោយ ក៏ពួកគេទទួលបានប្រាក់ចំណូលពីការចំណាយរបស់អ្នកភ្ញៀវបរទេសតិចជាងប្រទេសអេស្ប៉ាញ ពោលចំនួនត្រឹម ៧៤ពាន់លានដុល្លារ បើធៀបនឹងអេស្ប៉ាញរកបានរហូតដល់ ១៣១ពាន់លានដុល្លារឯណោះ។

លោក Nathalie Delattre បានបន្តថា «យើងត្រូវតែធ្វើការងារបន្ថែមទៀត ដើម្បីបង្កើនជាមធ្យមនៃការចំណាយរបស់ភ្ញៀវបរទេសម្នាក់ៗ រួមទាំងនិងធ្វើឱ្យភ្ញៀវរបស់យើងស្នាក់នៅបានយូរ»។ ក្រសួងទេសចរណ៍បារាំងបានចេញសេចក្តីថ្លែងការណ៍មួយថា វត្តមានភ្ញៀវបរទេសមកកាន់ទឹកខ្លួនបានកើនឡើងសរុប ១២% ដែលភាគច្រើនត្រូវបានជំរុញដោយពលរដ្ឋបែលហ្ស៊ិក អង់គ្លេស អាល្លឺម៉ង់ ស្វីស និងសហរដ្ឋអាមេរិក។ បើទោះបីជាមានការត្រលប់មកវិញរបស់ភ្ញៀវពីអាស៊ីក៏ដោយ ក៏ចំនួនភ្ញៀវចិនមកកាន់ប្រទេសបារាំងនៅតែមានចំនួន ៦០% ទាបជាងមុនពេលផ្ទុះជំងឺកូវីដ១៩។

ក្រសួងបន្ថែមថា ព្រិលធ្លាក់ដ៏ទាក់ទាញនៅចុងឆ្នាំ ២០២៤ បានជំរុញឱ្យមានការស្ទុះងើបឡើងវិញសម្រាប់វិស្សមកាលចុងឆ្នាំ។ ហើយទស្សនវិស័យសម្រាប់ត្រីមាសទី១ នៃឆ្នាំ ២០២៥ គឺល្អខ្លាំងណាស់ ជាមួយនឹងចំនួនភ្ញៀវបរទេសកើនឡើងគួរឱ្យកត់សម្គាល់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ