ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ​កម្ពុជា​-​ប៉ា​គី​ស្ថាន ​គួរតែ​ចាប់​យក​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​វិ​និយោគ​ជា​កំណល់​លើកកម្ពស់​ទំនាក់ទំនង​នយោបាយ

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ​ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​ផ្តល់​អនុសាសន៍​ថា កម្ពុជា​-​ប៉ា​គី​ស្ថាន ​គួរតែ​ចាប់​យក​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ​ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​ផ្តល់​អនុសាសន៍​ថា កម្ពុជា​-​ប៉ា​គី​ស្ថាន ​គួរតែ​ចាប់​យក​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ជា​កំណល់​លើកកម្ពស់​ទំនាក់ទំនង​នយោបាយ​រវាង​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត ​។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ខណៈ​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម ជែ​ម កា​ម៉ា​ល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ប៉ា​គី​ស្ថាន ចូល​ជួប​សម្តែង​ការ​គួរសម នា​ព្រឹក​ថ្ងៃ​ទី​២០ ​ខែមករា ឆ្នាំ​២០២៥​ នៅ​វិមាន​ព្រឹទ្ធសភា ។

នៅ​ក្នុង​ជំនួប​ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ប៉ា​គី​ស្ថាន ​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ភាព​រីក​ចម្រើន​អស្ចារ្យ​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ​។ ឯកឧត្តម ​បាន​លើក​ឡើងថា ​ប៉ា​គី​ស្ថាន ​នឹង​ខិតខំ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​តំបន់ រួម​ទាំង​កម្ពុជា ដោយ​សង្កេត​ឃើញ​អំពី​កាលានុវត្តភាព​ជា​ច្រើន​រវាង​ប្រទេស​ទាំង​ពីរ និង​ផល​បច្ច័យ​សេដ្ឋកិច្ច​របស់​តំបន់ ដែល​កើត​ចេញពី​គោលនយោបាយ​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​ ។

នៅ​ក្នុង​ន័យ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​បន្ថែម​ថា ប៉ា​គី​ស្ថាន​នឹង​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​វិនិយោគ​ជាមួយ​កម្ពុជា តាម​រយៈ​ការ​ជំរុញ​ធុរជន​ប៉ា​គី​ស្ថាន​ មក​ទស្សនកិច្ច​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​ធុរជន​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ឱ្យ​ក្លាយជា​មូលដ្ឋាន នៃ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ​។

ដោយ​កម្ពុជា និង​ប៉ា​គី​ស្ថាន ទទួល​បាន​របប​អនុគ្រោះ​ពន្ធ (GSP) នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​បន្ថែម​ថា កម្ពុជា និង​ប៉ា​គី​ស្ថាន គួរ​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​នូវរបប​អនុគ្រោះ​ពន្ធ​នេះ ​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​អំពី​ភាព​ស្រ​ដៀង​គ្នា ​នៃ​សេដ្ឋកិច្ច​ប៉ា​គី​ស្ថាន និង​កម្ពុជា ដូច​ជា​ការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម វាយនភ័ណ្ឌ និង​កាត់ដេរ​ស្បែកជើង​ជាដើម​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប៉ា​គី​ស្ថាន និង​កិច្ច​ខិតខំ​ប្រឹង ប្រែង​របស់​ប៉ា​គី​ស្ថាន ​នៅ​ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ​ជាមួយ​បណ្តា​ប្រទេស និង​តំបន់​នានា ​។

នៅ​ក្នុង​ជំនួប​នោះ​ដែរ ​សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ ឯកឧត្តម​រដ្ឋមន្ត្រី ចំពោះ​ការ​លើក​ឡើង​អំពីវឌ្ឍនភាព ​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ ជា​ពិសេស ការ​វាយតម្លៃ​ខ្ពស់​លើ​តួនាទី​សំខាន់​របស់សម្តេច ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​។

នៅ​ក្នុង​បរិបទ​នេះ សម្តេចបាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ​ នៃ​ប្រទេស​ទាំង​ពីរ​ នឹង​ពិភាក្សា​គ្នា​ ពិនិត្យ​លទ្ធភាព​ជ្រើសរើស​យក​វិស័យ​ណា ​ដែល​ប្រទេស​ទាំង​ពីរ ​ធ្វើ​កិច្ច​សហប្រតិបត្តិការជាមួយ​គ្នា​បាន ដើម្បី​ឱ្យ​ស័ក្តិសម​ទៅ​នឹង​សក្តានុពល ​ដែល​ប្រទេស​ទាំង​ពីរ​មាន ​។

សម្តេច បាន​បន្ថែម​ថា នៅ​ពេល​ខាង​មុខ គណៈកម្មាធិការ​ចម្រុះ គួរ​ធ្វើការ​ពិនិត្យ​លើកិច្ចព្រមព្រៀង ស្តី​ពី​ការ​គាំពារ​អ្នក​វិនិយោគ និង​ការ​មិន​យកពន្ធ​ត្រួតស៊ីគ្នា​ជាដើម​ ​ដើម្បី​ជំរុញ​ការ​វិនិយោគ​ទ្វេភាគី និង​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ ​ទៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​ពិភពលោក បន្ថែម​ទៀត ​។

ទន្ទឹម​គ្នា​នេះ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង ​ដើម្បី​ជា​ការ​គិតគូរ​ពិចារណា​ផង​ដែរ ​អំពី​ភាព​ប្រហាក់ប្រហែល​គ្នា ឬ​លក្ខណៈ​ស្រ​ដៀង​គ្នា ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​-​ប៉ា​គី​ស្ថាន ដែល​ភាគី​ទាំង​ពីរ​ ត្រូវធ្វើយ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​-​ប៉ា​គី​ស្ថាន មាន​លក្ខណៈ​បំពេញបន្ថែម​ឱ្យ​គ្នា ជា​ជាង​ការ​ប្រកួតប្រជែង​គ្នា ដើម្បី​ចៀសវាង​ នូវ​ការ​ប៉ះពាល់​ទៅ​លើ​ផលប្រយោជន៍ ​នៃ​ប្រទេស​ទាំង​ពីរ ​។

ឆ្លៀតឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី អំពី​កា​រវិ​វ​ឌ្ឍ​វិស័យសេដ្ឋកិច្ច និង​ពាណិ​ជ្ជ​កម្ម​របស់​កម្ពុជា ដែល​មានការ​រីក​ចម្រើន​ជា​លំដាប់​ក្នុង​រយៈពេល​កន្លង​មក ​។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​អំពី​ការ​ខិតខំ​ពង្រឹង​ភាព​ធន់ ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា តប​ទៅ​នឹង​របត់​នយោបាយ​សេដ្ឋកិច្ច​របស់​ប្រទេស​ធំ​ៗ និង​ស្ថានភាព ​នៃ​របប​អនុគ្រោះ​ពន្ធ​ផង​ដែរ​។ សម្តេច​តេ​ជោ ក៏​បាន​ជម្រាប​ជូន​អំពី​ប្រវត្តិសាស្ត្រ និង​ការ​កសាង និង​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ក ម្ពុ​ជា​រយៈពេល​វែង និង​មូលដ្ឋាន​ នៃ​ការ​ផ្ទេរអំណាច​របស់​សម្តេច ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ជំ នា​ន់​ថ្មី​ ។

សម្តេច​ក៏​បាន​សម្តែង​ នូវ​ភាព​ជឿជាក់​ចំពោះ​សមត្ថភាព​របស់​ថ្នាក់ដឹកនាំ​ជំនាន់​ថ្មី​ទាំងនោះ ក្នុង​កិច្ច​ខិតខំ​លើកកម្ពស់​ការ​អភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ​ ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ផង​ដែរ​ អំពី​ស្ថានភាព​គោលនយោបាយ​សេដ្ឋកិច្ច​អន្តរជាតិ​នានា ដូច​ជា​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក តាម​រយៈ​ការ​ឡើង​កាន់​តំណែង​សា​ជា​ថ្មី​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​កា​រវិ​វត្ត​របស់​ក្រុម​ប្រទេស BRICS​ ជាដើម ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ