ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TikTok ត្រូវបានបិទនៅអាមេរិក ខណៈលោក ត្រាំ ជាមនុស្សម្នាក់គត់អាចសង្គ្រោះកម្មវិធីនេះ

12 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រភពពីសារព័ត៌មាន CNN កាលពីថ្ងៃទី១៨ ខែមករា បានឱ្យដឹងថា កម្មវិធិ TikTok ត្រូវបានបិទនៅសហរដ្ឋអាមេរិក…

0:00
0:00

សហរដ្ឋអាមេរិក ៖ ប្រភពពីសារព័ត៌មាន CNN កាលពីថ្ងៃទី១៨ ខែមករា បានឱ្យដឹងថា កម្មវិធិ TikTok ត្រូវបានបិទនៅសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍ (កាលបរិច្ឆេទក្នុងស្រុក) ពោលតិចជាងពីរម៉ោង នៅមុនពេលច្បាប់ហាមប្រាមចូលជាធរមាន។ ដូច្នេះអ្នករស់នៅសហរដ្ឋអាមេរិក មិនអាចបើកកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមបែបវីដេអូកម្សាន្តដ៏ពេញនិយមបំផុតមួយរបស់ពិភពលោកមួយនេះបានឡើយ ដោយអ្នកចូលមើលកម្មវិធី TikTok នៅអាមេរិកបានឃើញសារមួយបង្ហាញថា «សូមទោស TikTok មិនមាននៅពេលនេះឡើយ»។

សកម្មភាពឈានដល់ការបិទកម្មវិធី TikTok កើតឡើង បន្ទាប់ពីតុលាការកំពូលអាមេរិកកាលពីថ្ងៃសុក្របានតម្កល់ការហាមឃាត់កម្មវិធីមួយនេះ ដែលត្រូវបានអនុម័តដោយមានការគាំទ្រទ្វេភាគីយ៉ាងទូលំទូលាយនៅក្នុងសភា ដែលចុះហត្ថលេខាលើច្បាប់ កាលពីខែមេសា ឆ្នាំមុន ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)។

ច្បាប់នេះ រារាំងបណ្តាក្រុមហ៊ុនអាមេរិកពីការបង្ហោះ ឬបម្រើខ្លឹមសារទាំងអស់សម្រាប់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគ្រប់គ្រងដោយប្រទេសចិន ហើយនៅក្នុងករណីកម្មវិធី TikTok លុះត្រាតែក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិតរបស់ចិនមួយនេះ លក់ភាគហ៊ុនទាំងអស់ ឬសិទ្ធិគ្រប់គ្រងទៅកាន់ក្រុមហ៊ុនអាមេរិក ឬសម្ព័ន្ធមិត្តណាមួយរបស់ខ្លួន។ TikTok អះអាងថា ច្បាប់នេះរំលោភលើការការពារសិទ្ទិបញ្ចេញដោយឥតគិតថ្លៃ សម្រាប់អ្នកប្រើប្រាស់ប្រមាណ១៧០លាននាក់ នៅអាមេរិក។

យ៉ាងណាមិញ TikTok ប្រហែលជាមិនបាត់វត្តមាននៅអាមេរិកយូរនោះទេ។ ក្រុមហ៊ុនបានស្នើថា ខ្លួនអាចនឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ ហើយប្រហែលជាអាចនៅដើមសប្តាហ៍ក្រោយ។ ក្រុមហ៊ុន TikTok បានបង្ហោះសារជូនដំណឹងទៅអ្នកប្រើប្រាស់ខ្លួនកាលពីយប់ថ្ងៃសៅរ៍ថា «យើងមានសំណាងដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានបង្ហាញថា លោកនឹងធ្វើការជាមួយយើងលើដំណោះស្រាយមួយដើម្បីដាក់ដំណើរការកម្មវិធី TikTok ឡើងវិញ នៅពេលលោកចូលកាន់តំណែង។ ដូច្នេះសូមរង់ចាំទាំងអស់គ្នា!»។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ធ្លាប់ប្រកាសហើយថា លោកទំនងជាពន្យារពេលការបិទកម្មវិធី TikTok រយៈពេល៩០ថ្ងៃ បន្ទាប់ពីលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ ស្របពេលដែលលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karine Jean-Pierre បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមើលឃើញថា គ្មានហេតុផលសម្រាប់ TikTok ឬក្រុមហ៊ុនផ្សេងទៀត ដើម្បីចាត់វិធានការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ មុនពេលរដ្ឋបាលលោក ត្រាំ ចូលកាន់តំណែងឡើយ»។

លោក Shou Zi Chew នាយកប្រតិបត្តិក្រុមហ៊ុន TikTok ត្រូវបានរំពឹងថានឹងចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ផងដែរ ហើយបន្ទាប់ពីនោះ រឿងវិជ្ជមានជាច្រើនអាចនឹងកើតឡើងសម្រាប់កម្មវិធី TikTok៕ ដកស្រង់ ៖ CNN, Reuters និង BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ