ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរស់នៅភូមិប្រាសាទកើត និងភូមិប្រាសាទលិច នៃឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បានរៀបរាប់ថា សព្វថ្ងៃនេះការរស់នៅរបស់ពួកគាត់ មានបញ្ហាប្រឈមធំមួយ គឺអត់មានស្ពានឆ្លងទន្លេតូចដោយរាល់ថ្ងៃពួកគាត់ត្រូវជិះទូកដឆ្លងទៅវិញទៅមក ទាំងថ្ងៃទាំងយប់មានការលំបាកខ្លាំងណាស់ ។
ពលរដ្ឋទាំងនេះបានរៀបរាប់ថា ការជិះទូកដរឆ្លងទន្លេ វាប្រថុយ និងគ្រោះថ្នាក់ខ្លាំងណាស់ ពិសេសនៅខែទឹកឡើងដែលទឹកទន្លេហូរខ្លាំង ហើយបើមានអ្នកជំងឺឈឺស្កាត់នៅពេលយប់ គឺរឹតតែពិបាក ទម្រាំហៅម្ចាស់ទូកដមកបានទម្រាំបានទៅដល់ពេទ្យចំណាយពេលរាប់ម៉ោង ទាំងដែលមណ្ឌលសុខភាព នៅត្រើយម្ខាងទន្លេមើលឃើញ និងភ្នែកសោះ ។
ដោយឡែក កសិករធ្វើស្រែ នៅភូមិប្រាសាទកើតនេះបានបញ្ជាក់ថា ពួកគាត់ធ្វើស្រែទាំងប្រាំងទាំងវស្សាបានផលល្អណាស់ ព្រោះមានទឹកទន្លេស្រោចស្របគ្រប់គ្រាន់ ប៉ុន្តែពួកគាត់ប្រឈមនឹងបញ្ហាធំមួយ គឺធ្វើស្រូវបានហើយ ពិបាកដឹកយកទៅលក់ ព្រោះគ្មានស្ពានឆ្លងទន្លេតូច រាល់ថ្ងៃឈ្មួញចូលមកប្រមូលទិញគេឲ្យតម្លៃថោកជាងស្រែ ដែលនៅជាប់ផ្លូវ បើចង់បានតម្លៃថ្លៃ ត្រូវដឹកស្រូវតាមទូកដឆ្លងទន្លេតូចយកទៅលក់នៅត្រើយម្ខាង តែត្រូវចំណាយពេលយូរ និងប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ។
ដោយសារតែមានការលំបាកខ្លាំងបែបនេះទើបប្រជាពលរដ្ឋនៅភូមិប្រាសាទកើត និងភូមិប្រាសាទលិចបាននាំគ្នាសំណូមពរឲ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធមេត្តាជួយសាងសង់ស្ពានឆ្លងទន្លេតូចនេះមួយផង ដើម្បីឲ្យពួកគាត់អាចធ្វើដំណើរទៅមកបានស្រួល កាត់បន្ថយការចំណាយបានច្រើន និងអាចជៀសផុតពីគ្រោះថ្នាក់ផងដែរ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងពេលធ្វើវេទិកាពីគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រៃវែង នាពេលថ្មីៗកន្លងទៅនេះ លោកមេភូមិប្រាសាទកើត និងភូមិប្រាសាទលិច ក៏បានឡើងស្នើសុំឲ្យអាជ្ញាធរខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងជួយសាងសង់ស្ពានឆ្លងទន្លេតូចនេះដែរ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងពីរភូមិ ហើយក្នុងពេលនោះលោក ឡុក វុទ្ធី ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងបានប្រាប់ឲ្យអាជ្ញាធរឃុំ ធ្វើលិខិតស្នើសុំតាមរយៈរដ្ឋបាលស្រុក និងខេត្ត ហើយលោក និងចាត់ឱ្យមន្ត្រីជំនាញចុះមកសិក្សាមើល ។
ពាក់ព័ន្ធករណីនេះលោក កែវ ពិសី អភិបាលស្រុកពាមរក៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ មករា ថា រហូតមកដល់ពេលនេះ អាជ្ញាធរឃុំបន្លិចប្រាសាទនៅមិនទាន់បានដាក់សំណើស្នើសុំស្ពានឆ្លងទន្លេតូចនេះមកកាន់រដ្ឋបាលស្រុកនៅឡើយទេ ដូច្នេះហើយទើបមិនទាន់មានមន្ត្រីជំនាញចុះទៅពិនិត្យមើល ។
ទោះជាយ៉ាងណា លោកអភិបាលស្រុកបានបញ្ជាក់ថា លោកនឹងព្យាយាមជំរុញទៅអាជ្ញាធរឃុំឱ្យប្រញាប់ធ្វើសំណើនោះឲ្យបានលឿន ដើម្បីឲ្យមន្ទីរជំនាញឆាប់បានចុះមកសិក្សា ហើយប្រជាពលរដ្ឋក៏ឆាប់បានស្ពានប្រើប្រាស់លែងលំបាកតទៅទៀត ៕
ចែករំលែកព័តមាននេះ