ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះបេក្ខជនអាយុពី ៦ ដល់ ៨១ ឆ្នាំ ជាង ១២០០ នាក់ ចូលរួមប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី ២ នៅសៀមរាប

6 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ព្រលឹមស្រាងៗថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ នេះ នៅលើបរិវេណស្ពានហាលខាងលិចប្រសាទអង្គរ ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ ព្រលឹមស្រាងៗថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ នេះ នៅលើបរិវេណស្ពានហាលខាងលិចប្រសាទអង្គរ ខេត្តសៀមរាប មានបេក្ខជន ១២២០ អង្គ/នាក់ ដែលបានមកពី ២២ រាជធានី-ខេត្ត រួមទាំងជនបរទេសផងនោះ បានចូលរួមប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី ២ ប្រកបដោយទឹកមុខរីករាយ ក្នុងនាមអ្នកស្រឡាញ់ និងអភិរក្សអក្សរសាស្ត្រខ្មែរ ។

         ស្ថិតក្នុងឯកសណ្ឋានអាវដូចៗគ្នា អង្គុយនៅលើកៅអីដែលគេរៀបចំជាជួរយ៉ាងស្អាតមើលទៅពិតជាទាក់ទាញភ្នែកអ្នកទេសចរជាតិ និងអន្តរជាតិជាខ្លាំង ។ នៅមុនពិធីប្រកួតចាប់ផ្តើម ឯកឧត្តម លឹម ប៊ុនហុក តំណាងក្រុមស្ថាបនិក «សំណេរអង្គរ» បានឱ្យដឹងថា ស្មារតី និងគោលបំណងចម្បងរបស់​ «សំណេរអង្គរ» គឺលើកតម្កើង និងអភិរក្សអក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រជាតិ គឺជាអត្តសញ្ញាណជាតិ​ ។ លោកបន្តថា ការរៀបចំសំណេរនៅលើស្ពានហាលអង្គរវត្តដ៏ស្កឹមស្កៃនេះផ្សាភ្ជាប់យ៉ាងស្អិតល្មួតរវាងតម្លៃអក្សរសាស្ត្រ វប្បធម៌ អត្តសញ្ញាណជាតិ និងអង្គរដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានគុណតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ។ លោកថា ព្រឹត្តិការណ៍ «សំណេរអង្គរ» គឺជាកម្មវិធី​ស្មគ្រចិត្តរួមគ្នាដើម្បីអក្សរសាស្ត្រជាតិ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិម៉ានី ក៏បានឱ្យដឹងដែរថា កម្មវិធីប្រកួតសរសេរតាមអាន «សំណេរអង្គរ» ត្រូវបានរៀបចំឡើងនៅទីតាំងបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រអច្ឆរិយៈ​ដែលបានសបញ្ជាក់ពីការផ្សាជាប់គ្នារវាងអត្តសញ្ញាណជាតិខ្មែរគ្រប់ប្រទេស និងគ្រប់ទម្រង់​ ដែលសុទ្ធសឹងតែជាកេរដំណែលដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន បន្សល់ទុកពីបុព្វបុរសខ្មែរ ។ កម្មវិធីនេះជាវេទិកាដ៏មានសារៈសំខាន់ដែលបានរួមចំណែកក្នុងការលើកតម្កើងវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ។ ឯកឧត្តម ហ៊ុន ម៉ានី បន្តទៀតថា កម្មវិធីប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី ២ នាពេលនេះបានបង្ហាញច្បាស់ពីមនសិការស្រឡាញ់អក្សរសាស្ត្រជាតិខ្មែរ ដែលសកម្មភាពនេះនឹងក្លាយជាចលនាស្មារតីលើកតម្កើងវប្បធម៌ជាតិរបស់ប្រជាជនខ្មែរផងដែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការចូលរួមរបស់យើងទាំងអស់គ្នាពិតជាឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ សាមគ្គីភាព និងការលើកតម្កើងអក្សរសាស្ត្រដ៏ប្រណីតដែលបុព្វបុរសរបស់យើងបានបន្សល់ទុកឱ្យ ។ ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាបានជោគជ័យក្នុងការសិក្សានៅគ្រប់កម្រិត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ការប្រកួតសរសេរតាមអានក្រោមប្រធានបទ «សំណេរអង្គរ» នៅពេលនេះឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងពាក់ព័ន្ធ ជាពិសេសអ្នកនិយមសរសេរអក្សរខ្មែរសំដៅលើកកម្ពស់សមត្ថភាពការសរសេរបានត្រឹមត្រូវតាមអក្ខារាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់ដែលទាំងអស់នេះជាបំណិនយ៉ាងសំខាន់នៅក្នុងការសរសេរអក្សរខ្មែរ និងសរសេរអក្សរសាស្ត្រខ្មែរ ។

សូមបញ្ជាក់ថា កម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី ២ នាថ្ងៃនេះ មានបេក្ខជនចូលរួមចំនួន ១ ២២០ អង្គ/នាក់ មកពី ២២ រាជធានី-ខេត្ត រួមទាំងបរទេសផងដែរ ។ ក្នុងចំណោមបេក្ខទាំងអស់ មានព្រះសង្ឃ ៨២ អង្គ ។ ព្រះសង្ឃ ៦៤ អង្គ មានព្រះជន្មច្រើនជាង ១៩ វស្សា និង ១៨ អង្គ មានព្រះជន្មក្រោម ១៨ វស្សា ។ ព្រះសង្ឃ និមន្តពីខេត្តបាត់ដំបងមានច្រើនជាងគេ​ចំនួន ២៤ អង្គ, សៀមរាប ១៦ អង្គ, បន្ទាយមានជ័យ ៩ អង្គ, រាជធានីភ្នំពេញ ៦ អង្គ, កំពង់ចាម ៥ អង្គ កណ្ដាល និងត្បូងឃ្មុំ ៤ អង្គដូចគ្នា ។ ហើយអ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ គឺបេក្ខជនចាស់ជាងគេអាយុ ៨១ ឆ្នាំ​ និងបេក្ខជនក្មេងជាងគេអាយុ ៦ ឆ្នាំ ។

គួររំឭកផងដែរថា ការប្រកួតសរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» លើកទី ១ មានបេក្ខជនចូលរួមជិត ៧០០ នាក់ ដោយបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ ដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ។ កម្មវិធីនេះរៀបចំឡើងដើម្បីលើកស្ទួយភាសាខ្មែរតាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារៈសំខាន់នៃភាសាខ្មែរ ហើយកម្មវិធីនេះក៏ជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ