ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជាង​៨៩០​គ្រួសារ នៅ​ស្រុក​សៀម​បូក ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី

21 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជា​ជាង​៨៩០​គ្រួសារ រស់នៅ​ស្រុក​សៀម​បូក បាន​ទ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​(​ប្លង់​រឹង​) ចេញពី​មន្ទីរ​ដែនដី នគ​រូបនី​យ​កម្ម និង​សំណង់​ខេត្ត ដើម្បី​បាន​កាន់កាប់​ស្របច្បាប់​ផ្ទាល់ខ្លួន ។…

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជា​ជាង​៨៩០​គ្រួសារ រស់នៅ​ស្រុក​សៀម​បូក បាន​ទ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​(​ប្លង់​រឹង​) ចេញពី​មន្ទីរ​ដែនដី នគ​រូបនី​យ​កម្ម និង​សំណង់​ខេត្ត ដើម្បី​បាន​កាន់កាប់​ស្របច្បាប់​ផ្ទាល់ខ្លួន ។

ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ខាងលើ ប្រមុខ​ថ្នាក់ដឹកនាំ​ខេត្ត បាន​សង្កត់ធ្ងន់ និង​ផ្ដល់​សិទ្ធិ​ទៅ​ប្រជាពលរដ្ឋ អាច​រាយ​ការ​ទាក់ទង​ជូន​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត ភ្លាម ប្រសិនបើ​មាន​មន្ត្រី​ណា​ទាមទារ​យក​ថវិកា​ខុស​ពី​គោ​លន​យោ​បាល​ដីធ្លី ដែល​មាន​តារាង​បិទ​បង្ហាញ​នោះ ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តស្ទឹងត្រែង លោក ផៃ ប៊ុ​ន​ឈឿ​ន បាន​មាន​ប្រសាសន៍​កាល​ថ្ងៃ​ទី​៨ មក​រា ២០២៥ ថា ៖ នេះ​ជា​ការ​គ្រប់គ្រង​ឱ្យ​មាន​តម្លាភាព​ត្រឹមត្រូវ ហើយ​ប័ណ្ណកម្មសិទ្ធិ​ជា​ប្លង់​រឹង ដែល​ចែក​ជូន​នេះ​ជា​ទម្រង់​ផ្នែក​ច្បាប់ លើ​វិស័យ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​កាន់កាប់​ស្របច្បាប់ ជា​ដី​របស់​ខ្លួន និង​គ្មាន​ការ​កាប់​ទន្ទ្រាន​ពី​អ្នក​ដទៃ​ទៀត​ឡើយ ។

លោក​ថា វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ មាន​ផលប្រយោជន៍​សំខាន់​សម្រាប់​បងប្អូន​យើង​បន្ត​អនុវត្ត​ចែក​ដី​កម្មសិទ្ធិ​របស់​ខ្លួន​នេះ ទៅ​ឱ្យ​កូនចៅ​បន្ត​បាន ហើយ​អាច​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​ផ្សេង​ៗ​ទៀត ទៅ​តាម​និ​តិ​វិធី​ច្បាប់ ។

លោក សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង មាន​ប្រសាសន៍​ថា លទ្ធផល ដែល​បងប្អូន​ទទួល​បាន​នេះ គឺ​កើត​ចេញពី​ការ​យកចិត្តទុកដាក់​របស់ រាជរដ្ឋាភិបាល និង​ការ​ចុះ​អនុវត្ត​ផ្ទាល់​ពី​មន្ត្រី​ជំនាញ​ផ្នែក​សុរិយោដី មន្ត្រី​ជំនាញ​ថ្នាក់ ខេត្ត ក្រុង ស្រុក​។ នៅ​ពេល​បងប្អូន​ទទួល​បាន​វិ​ញ្ញាប​ន​ប័ត្រ​ស្របច្បាប់​នេះ​ហើយ សូម​យក​ទៅ​ទុកដាក់​ថែរក្សា​ឲ្យ​បាន​គត់​មុត ហើយ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​យក​ទៅ​បញ្ចាំ គ្មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ផ្ទុយ​និង​ច្បាប់ នាំ​ឲ្យ​កើតរឿង​រ៉ាវ ពិបាក​ក្នុង​ការ​ដោះស្រាយ ដោយសារ​តែ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​នោះ ។

លោកស្រី ពៅ យឿ​ន ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដំរី​ផុង ឃុំ​កោះ​សំពាយ​សាទរ​ក្នុង​ការ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ស្របច្បាប់​នេះ ព្រោះ​ស្ទើរតែ​មួយ​ជីវិត​ទៅ​ហើយ ការ​រស់នៅ​លើ​ដីធ្លី ពុំដែល​បាន​គិត​ពី​សុវត្ថិភាព​ផ្នែក​ច្បាប់​នោះ​ទេ ។

លោកស្រី​សប្បាយចិត្ត និង​ថែរក្សា​ប័ណ្ណ​នេះ​ឲ្យ​បាន​ល្អ ព្រោះ​បាន​ផ្ដល់​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ដល់​ការ​រស់នៅ និង​ចៀសវាង​ពី​ទំនាស់​ដីធ្លី​ផ្សេង​ៗ ដែល​កើត​មាន​ឡើង​ដោយសារ​ព្រំ​ដី ។

សូម​បញ្ជាក់​ថា ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចំនួន​ជាង​២,៤០០​ក្បាលដី ត្រូវ​បាន​ចែក​ជូន​ប្រជាពលរដ្ឋ ចំនួន​ជាង​៨៩៨​គ្រួសារ រស់នៅ​ភូមិ​ដំរី​ផុង ភូមិ​កោះសំពាយ ឃុំ​កោះ​សំពាយ និង​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ក្នុងស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ដើម្បី​ធានា​ផ្នែក​ច្បាប់ ក្នុង​ការ​គ្រប់គ្រង​ដីធ្លី សម្រាប់​ការ​រស់នៅ និង​អាស្រ័យ​ផល​មាន​សុវត្ថិភាព​ទៅ​តាម​គ្រួសារ​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ