ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេច៧៩,២២%ខណៈគ្រោងបើកដំណើរការបណ្តោះអាសន្ននៅខែកញ្ញាខាងមុខ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដើម​ខែមករា ឆ្នាំ​២០២៥​នេះ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ​សម្រេច​លទ្ធផល​៧៩,២២% ខណៈ​ដែល​គម្រោង​ទាំងមូល​រួម​មាន ៖…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដើម​ខែមករា ឆ្នាំ​២០២៥​នេះ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ​សម្រេច​លទ្ធផល​៧៩,២២% ខណៈ​ដែល​គម្រោង​ទាំងមូល​រួម​មាន ៖ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ ប្រវែង​១.៧៦១​ម៉ែត្រ​, ផ្លូវ​មេ​ត​ភ្ជាប់​មាន​ប្រវែង​សរុប ១៥,៤៩០ គ​.​ម (​ផ្លូវ​មេ​ត​ភ្ជាប់​ត្រើយ​ខាងកើត​ប្រវែង ៧,៦៨៤​គ​.​ម និង​ត្រើយ​ខាងលិច​ប្រវែង​៧,៨០៦​គ​.​ម​) និង​ផ្លូវ​ខ្នែង​មាន​ចំនួន​៤​ខ្សែ ប្រវែង​សរុប​១៦,២០៨ គ​.​ម សម្រេច​លទ្ធផល ៥៥,២៧% ។

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ ថា បើ​គ្មាន​ការ​ប្រែប្រួល​ទេ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ អាច​នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​បណ្តោះអាសន្ន នៅ​កំឡុង​ខែកញ្ញា ឆ្នាំ​២០២៥​ខាង​មុខ​នេះ ។

អ្នកនាំពាក្យ​បាន​បន្ត​ថា គម្រោង​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​នេះ គឺជា​គម្រោង​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​សម្រាប់​កា​រត​ភ្ជាប់​ទំនាក់ទំនង និង​ជា​ក្តី​សង្ឃឹម​រវាង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ត្រើយ​ខាងកើត និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ត្រើយ​ខាងលិច​ទាំង​កា​រត​ភ្ជាប់​តំបន់​ដាច់​ស្រយាល​នៅ​ភូមិភាគ​ឦសាន មក​កាន់​ទីប្រជុំជន ។

គម្រោង​នេះ គឺជា​ផ្នែក​មួយ​នៃ​ផ្លូវជាតិ​លេខ​៦០B ត​ភ្ជាប់​ពី​ខេត្តក្រចេះ ទៅ​ខេត្តកំពង់ធំ ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយ​ផ្លូវជាតិ​សំខាន់​ៗ​ដូច​ជា ត្រើយ​ខាងលិច ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦ ត្រង់​ផ្លូវបំបែក​កំពង់ថ្ម កំពង់ធំ ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប និង​ត​ភ្ជាប់​តាម​រយៈផ្លូវ​ខេត្ត​លេខ​២៧៩ ឆ្ពោះទៅ​កាន់​ខេត្តកំពង់ចាម ចំណែកឯ​ត្រើយ​ខាងកើត​វិញ​នោះ គឺ​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៧ ឆ្ពោះទៅ​កាន់​ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៧៣ ដោយ​ឆ្លងកាត់​ស្រុក​ឆ្លូង ស្រុក​តំបែ ឆ្ពោះទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ រួច​ត​ភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ​៧​ឆ្ពោះទៅ​កាន់​ខេត្តកំពង់ចាម ឬ​ខេត្តព្រៃវែង រួច​បន្ត​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ