ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មន្ដ្រី​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​មិន​ត្រូវ​ប្រព្រឹត្ត​សកម្មភាពរំ​.​លោ​.​ភ​សិទ្ធិ​ជន​ជាប់​​ឃុំ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​) បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ក្នុង​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំងអស់ ត្រូវ​គោរព​តាម​វិន័យ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​ផ្សេង​ៗ ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការ​ប្រព្រឹត្ត ឬ​ធ្វើ​សកម្មភាព​ណាមួយ​នាំ​ទៅ​ដល់​ការ​រំលោភសិទ្ធិ​ជនជាប់​ឃុំ​។…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​) បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ក្នុង​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំងអស់ ត្រូវ​គោរព​តាម​វិន័យ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​ផ្សេង​ៗ ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការ​ប្រព្រឹត្ត ឬ​ធ្វើ​សកម្មភាព​ណាមួយ​នាំ​ទៅ​ដល់​ការ​រំលោភសិទ្ធិ​ជនជាប់​ឃុំ​។

ការ​លើក​ឡើង​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី កែវ រ៉េ​មី នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ការ​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៥ រួម​ជាមួយ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក ជិន ម៉ា​លី​ន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងយុត្តិធម៌​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី កែវ រ៉េ​មី បាន​បង្ហាញ​នូវ​សេចក្តី​សោមនស្ស​រីករាយ និង​សាទរ​ចំពោះ​ការ​យកចិត្តទុកដាក់ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ស្ថាប័ន ចំពោះ​ក្នុង​ការ​លើកកម្ពស់ ការ​រស់នៅ ក៏​ដូច​ជា​សិទ្ធិ​សេរីភាព​របស់​ជន​ជាប់​ឃុំ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា ការ​ចុះ​មក​ផ្ទាល់​នៅ​ម​២ ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ទាំង​ពីរ គឺ​ក្នុង​គោលបំណង​សំខាន់​មួយទៀត គឺ​ដើម្បី​នាំ​យក​សេវា​យុត្តិធម៌ និង​សេវា​សុខាភិបាល​មក​កាន់​មណ្ឌល​ផ្ទាល់​តែ​ម្តង ដែល​ស្រប​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ស្វាហាប់ និង​ថាមពល​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ «​មិន​ទុក​នរណា​ម្នាក់​ចោល​ឡើយ​» ពោល ទាំង​អ្នក​នៅ​ក្រៅ និង​អ្នក​រស់នៅ​ក្នុង​ទីកន្លែង​ឃុំឃាំង​ត្រូវ​មាន​សិទ្ធិ​ដូច​គ្នា​ក្នុង​ការ​ទទួល​បាន​សេវា​សង្គម​ផ្សេង​ៗ​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​រំលឹក​ដល់​មន្ត្រី​នៅ​ក្នុង​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំងអស់ ត្រូវ​គោរព​តាម​វិន័យ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​ផ្សេង​ៗ​នៅ​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន ដោយ ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការ​ប្រព្រឹត្ត ឬ​ធ្វើ​សកម្មភាព​ណាមួយ ដែល​នាំ​ទៅ​ដល់​ការ​រំលោភសិទ្ធិ​ជន​ជាប់​ឃុំ​។

រីឯ​ជន​ជាប់​ឃុំ​វិញ ត្រូវ​ចេះ​ភ្ញាក់រឭក និង​កែប្រែ​ខ្លួន​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ ដើម្បី​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សង្គម និង​ក្លាយជា​ពលរដ្ឋ​ល្អ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​និង​អភិវឌ្ឍន៍​ជាតិ​។ ប្រធាន​គ​.​ស​.​ម​.​ក ក៏​វាយតម្លៃ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពន្ធនាគារ មាន​លក្ខណៈ​ល្អ​ប្រសើរ ដោយ​ជន​ជាប់​ឃុំ​ទទួល​បាន​របប​អាហារ​តាម​ការ​កំណត់​របស់​ច្បាប់​ស្តី​ពី​ពន្ធនាគារ ទទួល​បានការ​បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ​ក្នុង​ពេល​ជាប់​ឃុំ​មាន​ម៉ោង​សម្រាប់​ហាត់ប្រាណ ទទួល​បាន​នូវ​ការ​ថែទាំ​ជំងឺ មាន​បណ្ណាល័យ សម្រាប់​អាន​សៀវភៅ មាន​កន្លែង​សម្រាប់​ធ្វើ​ពិធី​សាសនា​ផ្សេង​ៗ និង​មាន​សួន​កម្សាន្ត​សម្រាប់​កូន​តាម​ម្តាយ ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ