ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីកយកដីដឹកលក់ហួសក្បាលប្រេតទៅហើយ អត់មានច្បាប់ទេ សង្ស័យចែកគ្នារស់ទេដឹង

10 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ក្រុមថៅកែគ្រឿងចក្រ កំពុងនាំគ្នាជីកកាយយកអាចម៍ដីធ្វើអាជីវកម្មដឹកជញ្ជូនយកទៅលក់បន្តចេញពីរណ្តៅមួយកន្លែង សង្ស័យគ្មានច្បាប់អនុញ្ញាត ធ្វើឱ្យប្រជាពលរដ្ឋប្រតិកម្ម ហើយរថយន្តភាគច្រើនគ្មានស្លាកលេខ ដឹកមិនគ្របតង់តាមស្តង់ដាលក្ខណៈបច្ចេកទេសនោះទេ អាជ្ញាធរនិងជំនាញហាក់មើលរំលង ប្រជាពលរដ្ឋស្នើឲ្យជំនាញពាក់ព័ន្ធចុះពិនិត្យមើលផង។ ប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថារណ្តៅដីដែលក្រុមឈ្មួញកំពុងធ្វើសកម្មភាពជីកាយយកអាចម៍ដីលក់នេះស្ថិតនៅក្នុងភូមិលាវ…

ខេត្តកំពង់ស្ពឺ៖ ក្រុមថៅកែគ្រឿងចក្រ កំពុងនាំគ្នាជីកកាយយកអាចម៍ដីធ្វើអាជីវកម្មដឹកជញ្ជូនយកទៅលក់បន្តចេញពីរណ្តៅមួយកន្លែង សង្ស័យគ្មានច្បាប់អនុញ្ញាត ធ្វើឱ្យប្រជាពលរដ្ឋប្រតិកម្ម ហើយរថយន្តភាគច្រើនគ្មានស្លាកលេខ ដឹកមិនគ្របតង់តាមស្តង់ដាលក្ខណៈបច្ចេកទេសនោះទេ អាជ្ញាធរនិងជំនាញហាក់មើលរំលង ប្រជាពលរដ្ឋស្នើឲ្យជំនាញពាក់ព័ន្ធចុះពិនិត្យមើលផង។

ប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថារណ្តៅដីដែលក្រុមឈ្មួញកំពុងធ្វើសកម្មភាពជីកាយយកអាចម៍ដីលក់នេះស្ថិតនៅក្នុងភូមិលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រុមថៅកែគ្រឿងចក្របាននឹងកំពុងធ្វើសកម្មភាពជីកកាយយកអាចម៍ដីលក់ដើម្បីយកលុយដាក់ហោប៉ៅខ្លួនឯង ប៉ុន្តែសង្ស័យធ្វើឱ្យបាត់បង់ចំណូលរបស់រដ្ឋ ដែលគេសង្ស័យថាមានការឃុបឃិតជាមួយមន្ត្រីជំនាញស្រុក ឬខេត្តហើយមើលទៅ ទើបក្រុមថៅកែគ្រឿងចក្រ បានធ្វើសកម្មភាពបានយ៉ាងរលូនមិនខ្លាចញញើតច្បាប់ទាល់តែសោះ ធ្វើឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ មានសភាពហុយ ព្រោះរថយន្តដឹកដីនោះបើកលឿន មិនគ្របតង់ឱ្យបានត្រឹមត្រូវ ។

ប្រជាពលរដ្ឋបានបង្ហើបទៀតថា រណ្តៅដីដែលក្រុមឈ្មួញជីកកាយខាងលើនេះមានជម្រៅជ្រៅ ប្រវែងប្រហែល៥ទៅ៦ម៉ែត្រ ដល់ក្បាលប្រេតទៅហើយ ណាមួយរណ្តៅដីនេះក្រុមគ្រឿងចក្រមិនបានធ្វើការជីកកាយទុកជើងទេដែលជំនាញបានកំណត់ឡើយ ហើយមួយវិញទៀតរណ្តៅដីនោះមានទំហំធំប្រហែលជិត៣ហិកតាទៅហើយប្រឈមហានិភ័យណាស់ សំខាន់គឺបាក់ដីស្រែ ដីភូមិអ្នកស្រុកក្នុងរដូវវស្សា។

ប្រជាពលរដ្ឋបាមក្តីបារម្ភថា ប្រសិនបើមានសត្វមាន់ ជ្រូក គោ របស់ពួកគាត់ ឬមនុស្ស​បានធ្លាក់ចូលក្នុងរណ្តៅដីដែលក្រុមថៅកែកំពុងជីកកាយនោះ ប្រាកដ ឡើងមិនរួច ហើយ ងាប់ជាក់ជាមិនខាន ទើបពួកគាត់ធ្វើការសំណូមពរ និងស្នើសុំឲ្យអស់លោក អាជ្ញាធរឃុំ -ស្រុក- ខេត្តនឹងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចាត់មន្ត្រីចុះពិនិត្យមើលផង ពីព្រោះថាប្រជាពលរដ្ឋពួកគាត់មានព្រួយបារម្ភខ្លាចថ្ងៃក្រោយអាចមានផលប៉ះពាល់ដល់ការបាក់ដីស្រែ ឬបាក់លំនៅឋានដែលពួកគាត់កំពុងរស់នៅក្បែរនោះផងដែរ ព្រោះជីកអត់មានជើងទេសម្រាប់ជាជម្រាល ។

ពាក់ព័ន្ធនិងការលើកឡើង និងការស្នើសុំរបស់ប្រជាពលរដ្ឋទៅអាជ្ញាធរ និងមន្ត្រីជំនាញ ក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺបានទូរស័ព្ទទៅលោក ជា សុខុម អភិបាលរងស្រុកបសេដ្ឋ លោកបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៩ ខែមករាឆ្នាំ២០២៥ម្សិលមិញនេះ ថាក្រុមថៅកែគ្រឿងចក្រដែលកំពុងជីកកាយយកអាចម៍ដីធ្វើអាជីវកម្មនេះកំពុងតែរត់ការធ្វើច្បាប់ហើយ។ ប៉ុន្តែខាងអាជ្ញាធរស្រុក អនុញ្ញាតត្រឹមតែទំហំ០១ហិកតាម្តង ហើយបញ្ហាជីកកាយកាប់យកអាចម៍ដីអនុញ្ញាតជម្រៅតែមួយដៃអេសស្កាវទ័រ(ប្រហែល៣~៤ម៉ែត្រ) តែប៉ុណ្ណោះនិងឲ្យធ្វើជើងទេឲ្យបានត្រឹមត្រូវតាមក្បួនបច្ចេកទេស លើពីរនេះទុកឲ្យខាងជំនាញអនុវត្តតាមច្បាប់។

ចំណែកលោក ប៊ិញ ជីវតុង ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ខាងក្រុមគ្រឿងដែលកំពុងជីកកាយយកអាចម៍ដីធ្វើអាជីវកម្មខាងលើមិនទាន់ឃើញមកសុំច្បាប់នោះទេ ហើយលោកនិងចាត់ឱ្យមន្ត្រីជំនាញចុះទៅពិនិត្យមើល ប្រសិនបើមានករណីដូចការលើកឡើង និងចោទប្រកាន់របស់ប្រជាពលរដ្ឋពិតប្រាកដមែននោះ លោកនឹងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវីធីដោយមិនលើកលែងនោះឡើយ ។

ប្រសិនអាជ្ញាធរដោះស្រាយបែបណា យើងនឹងចុះផ្សាយបន្តទៀត ។​

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ