ទីក្រុងវ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅទីក្រុងឡូសអេនជើឡេស រដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងដល់៦នាក់ហើយបន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះប្រទះឃើញសាកសពជនរងគ្រោះនៅក្នុងផ្ទះមួយនៃតំបន់ម៉ាលីប៊ូ (Malibu) ដែលត្រូវដុតកម្ទេចដោយភ្លើងឈ្មោះផាលីសាត ហ្វាយអឺ (Palisades Fire)។ ក្រៅពីនេះ សាកសពជនរងគ្រោះ៥នាក់ទៀតត្រូវគេប្រទះឃើញនៅតំបន់អាល់តាដេណា (Altadena) ដែលដុតកម្ទេចដោយភ្លើងឆេះព្រៃឈ្មោះអ៊ីតុន ហ្វាយអឺ (Eaton Fire)។
មន្ត្រីថ្នាក់មូលដ្ឋានជឿជាក់ថាចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀតព្រោះភ្លើងឆេះព្រៃលើកនេះមានសភាពខ្លាំងក្លាឆេះយ៉ាងតិច៦កន្លែងព្រមៗគ្នា និងបំផ្លាញអគាររាប់ពាន់ខ្នង។ យោងតាមតួលេខត្រួសៗ ផ្ទះ២ពាន់ខ្នងសុទ្ធតែផ្ទះវីឡាល្អៗរបស់តារាហូលីវូតល្បីៗត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់។ មនុស្សជាង១,៣សែននាក់ត្រូវតែជម្លៀសខ្លួនចេញជាបន្ទាន់ដោយមិនត្រូវស្ដាយស្រណោះទ្រព្យសម្បត្តិទេ។ ក្រៅពីនេះ មនុស្ស៤,៥សែននាក់ទៀតគ្មានភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់។
នៅក្នុងស្ថានភាពនេះ អាជ្ញាធរត្រូវតែបង្ខំចិត្តបញ្ចេញអ្នកជាប់ឃុំនៅមន្ទីរអប់រំកែប្រែនៃរដ្ឋកាលីហ្វ័រញ៉ាដើម្បីចូលរួមពន្លត់ភ្លើងឆេះព្រៃជាមួយភ្នាក់ងារអគ្គិភ័យដែលមានគ្នា១៤០០នាក់។ អាជ្ញាធរបញ្ជាក់ថាអ្នកជាប់ឃុំដែលបញ្ចេញមកប្រើមានចំនួន៧៨៣នាក់។ ទន្ទឹមនឹងនោះក៏មានអ្នកឆ្លៀតឱកាសគាស់ផ្ទះដែលម្ចាស់ទុកចោលដើម្បីលួចឥវ៉ាន់។ សមត្ថកិច្ចចាប់ខ្លួនពួកគេយ៉ាងតិចម្ភៃនាក់។
ពីទីក្រុងវ៉ាស៊ីនតោន លោកបៃដិនប្រកាសថារដ្ឋាភិបាលសហព័ន្ធនឹងចេញថ្លៃខូចខាត១០០%សម្រាប់អ្នកដែលរងគ្រោះដោយភ្លើងឆេះព្រៃទូទាំងទីក្រុងឡូសអេនជើឡេសរយៈពេល១៨០ថ្ងៃ។ ប៉ុន្តែមែនទែនទៅលោកនៅសល់ពេលតែ៩ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវចាកចេញពីសេតវិមានហើយ។ ដូច្នេះ កិច្ចការនេះប្រហែលជាត្រូវធ្លាក់ទៅលើលោកត្រាំជាអ្នករ៉ាប់រងធ្វើ។
យោងតាមលោកបៃដិន រដ្ឋាភិបាលនឹងជួយចេញថ្លៃប្រមូលសំរាម និងគំនរបាក់បែកក្រោយពេលភ្លើងឆេះ ជួយកាត់បន្ថយគ្រោះភ័យក្រោយពេលឆេះ និងវិធានការនានាដើម្បីធានាអាយុជីវិត និងទ្រព្យសម្បត្តិ។ លោកនឹងដាក់សំណើទៅសភាដើម្បិជួយដោះស្រាយបញ្ហាភ្លើងឆេះព្រៃលើកនេះ។ អ្នកតំណាងរាស្ត្រត្រូវតែអនុម័តជំនួយបន្ថែមទៀតដើម្បីពន្លឿនការពន្លត់ភ្លើង។
ភ្លើង២កន្លែងដែលកំពុងឆាបឆេះខ្លាំងជាងគេគឺភ្លើងឈ្មោះផាលីសាត ហ្វាយអឺ (Palisades Fire) ឆេះនៅចន្លោះតំបន់សាន់តា ម៉ូនីកា និងម៉ាលីប៊ូ (Santa Monica & Malibu) និងភ្លើងឈ្មោះអ៊ីតុន ហ្វាយអឺ (Eaton Fire) ឆេះនៅភាគខាងកើតទីក្រុងឡូសអេនជើឡេស។ ភ្លើងទាំង២នេះដុតបំផ្លាញព្រៃ និងផ្ទះនៅលើផ្ទៃដីជាង១ម៉ឺនហិចតារ។ អាជ្ញាធរប្រកាសប្រាប់ទៅមនុស្ស២សែននាក់ទៀតដែលរស់នៅក្នុងតំបន់ប្រឈមត្រូវតែត្រៀមខ្លួនចាកចេញពីផ្ទះរបស់ពួកគេនៅពេលដែលមិនទាន់ហួសពេល៕
ចែករំលែកព័តមាននេះ