ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ និងណែនាំ​មន្ត្រី​ជំនាញ រិះរក​មធ្យោបាយ​ដើម្បី​រំដោះ​ទឹក​ចេញ​ក្រៅ​ក្រុង នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​នា​រដូវវស្សា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៥​នេះ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៥​នេះ បាន​ដឹកនាំ​មន្ទីរ​ជំនាញ រដ្ឋបាល​រាជធានី ពិសេស​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ខណ្ឌ​ប្ញ​ស្សី​កែវ ចុះ​ពិនិត្យ​នៅ​ទីតាំង​ប្រឡាយ​អូរ​អា​គុ​ជ ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ហើយ​បន្ត​រហូត​ដល់​ស្ថានីយ​បូមទឹក​គីឡូម៉ែត្រ​លេខ​៩ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ឬ​ស្សី​កែវ ខណៈ​ដែល​ស្ថានីយ​បូមទឹក គីឡូម៉ែត្រ​លេខ​៩​នេះ បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ។

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ប្រឡាយ​ជា​ច្រើន នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ឬ​ស្សី​កែវ លោក ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី ធ្វើ​យ៉ាងណា ដើម្បី​រិះរក​គ្រប់​មធ្យោបាយ​រំដោះ​ទឹក​ចេញ​ក្រៅ​ក្រុង ដោះស្រាយ​ឱ្យ​បាន​នូវ​ការ​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា​ខាង​មុខ​នេះ ។

ក្នុង​ឱកាស នៃ​ការ​ចុះ​ពិនិត្យ​ប្រឡាយ​នោះ​ដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ឱ្យ​មន្ទីរ​ជំនាញ ពង្រីក និង​ស្តារ​ប្រឡាយ​អូរ​អា​គុ​ជ រហូត​ដល់​ប្រឡាយ​មេ​ខាងជើង​រាជធានី ធ្វើការ​ដាក់​លូ​ជ្រុង ទំហំ​៤​ម៉ែត្រ កាត់​ផ្លូវ​លេខ​១០០៧ ក្នុង​ខណ្ឌ​សែន​សុខ ដើម្បី​រំដោះ​ទឹកភ្លៀង នៅ​ផ្លូវ​១៩៨៦ និង​តំបន់​មួយ​ចំនួន ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ដោយសារ​តំបន់​នេះ ឧស្សាហ៍​ទទួល​រង​ការ​លិចលង់​នៅ​ពេល​ភ្លៀង​ខ្លាំង​ម្តង​ៗ ។

ជាមួយ​គ្នា​នោះ លោក ឃួ​ង ស្រេង នូវ​បាន​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ស្តារ​ប្រឡាយ​ពោងពាយ ប្រឡាយ​អូរ​វែង ដល់​ប្រឡាយ​មេ​ខាងជើង​។ ដាក់​លូ ទំហំ​១​ម៉ែត្រ​កន្លះ កាត់​ផ្លូវ​លេខ​១០០៣ ដាក់​លូ​ជ្រុង​នៅ​ផ្លូវ​K2 ដើម្បី​ដោះស្រាយ​ការ​លិចលង់​នៅ​លើ​ផ្លូវ​ហាណូយ ធ្វើ​យ៉ាងណា​អាច​នាំ​ទឹក​ហូរ​ចូល​ទៅ​ប្រឡាយ​ពោងពាយ បន្ត​ទៅ​ស្ថានីយ​បូមទឹក​កប់​ស្រូវ និង​ស្ថានីយ​បូមទឹក​គីឡូម៉ែត្រ​លេខ​៩ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ឬ​ស្សី​កែវ ។

បន្ថែម​ពី​នេះ​ទៀត លោក ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ សិក្សា​ឱ្យ​បាន​លម្អិត​បន្ថែម​ទៀត ដើម្បី​រំដោះ​ទឹកភ្លៀង ចេញពី​ផ្លូវ​លេខ​៥៩២ នៅ​តំបន់​សាលារៀន​បឋម​សិក្សា​ទួល​គោក ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក និង​បាន​ជំរុញ​អោយ​អាជ្ញាធរ​ខណ្ឌ ធ្វើការ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ កុំ​បោះ​សំរាម ចូល​ក្នុង​ឡាយ​ទឹក​។ សូម​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ទាំងអស់​គ្នា ដើម្បី​កាត់​បន្ថយ​បាន នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ