ទីក្រុងតូក្យូ៖ មេបងធំជប៉ុនម្នាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់ផ្សំផលិតអាវុធនុយក្លេអ៊ែរចេញពីប្រទេសភូមាពិតមែន។ នេះបើយោងតាមការប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិក។ លោកតាកេស៊ី អេប៊ីសាវ៉ា (Takeshi Ebishawa) វ័យ៦០ឆ្នាំបានឆ្លើយសារភាពទោសកំហុសគ្រប់យ៉ាងនៅចំពោះមុខតុលាការទីក្រុងញូយ៉ក។
គាត់ឆ្លើយសារភាពថាពិតជាបានរៀបចំបណ្ដាញសម្ងាត់ដើម្បីដឹកជញ្ជូនសារធាតុវិទ្យុសកម្មដែលមានដូចជាអ៊ុយរ៉ាញ៉ូម (uranium) និងភ្លុយតូនីញ៉ូម (plutonium) សម្រាប់ចម្រាញ់ធ្វើអាវុធនុយក្លេអ៊ែរចេញពីប្រទេសភូមាឆ្លងកាត់ប្រទេសដទៃទៀត។ ក្រៅពីនេះ គាត់ក៏ឆ្លើយសារភាពកំហុសពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន និងរត់ពន្ធអាវុធជាច្រើនប្រភេទប្រភេទផងដែរ។
សូមរំលឹកថាកាលពីខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរអាមេរិកបានចោទប្រកាន់មេយ៉ាគូហ្សា (Yakuza) ជប៉ុនរូបនេះពីបទរត់ពន្ធសារធាតុនុយក្លេអ៊ែរពីប្រទេសភូមាឆ្លងកាត់ប្រទេសជាច្រើន។ គោលដៅចុងក្រោយរបស់គាត់គឺដឹកជញ្ជូនទៅប្រទេសអ៊ីរ៉ង់ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។ តាំងពីឆ្នាំ២០២២ គាត់ត្រូវរដ្ឋអាជ្ញាអាមេរិកចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន និងអាវុធ។
រដ្ឋអាជ្ញារងអាមេរិក លោកអេតវើត គីម (Edward Kim) ថ្លែងថាដូចអ្វីដែលគាត់បានឆ្លើយសារភាពនៅចំពោះមុខតុលាការអីចឹងគឺថាលោកអេប៊ីសាវ៉ាហ៊ានដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរយ៉ាងគឃ្លើនឥតមានកោតក្រែងចិត្តនរណាទាំងអស់។ ជាមួយគ្នានោះ គាត់ធ្វើការយ៉ាងសកម្មដើម្បីដឹកជញ្ជូនគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន និងមេតំហ្វេតាមីនចូលប្រទេសអាមេរិក។
ជាថ្នូរត្រឡប់មកវិញ គាត់ទទួលបានអាវុធ និងមីស៊ីលដើម្បីយកទៅប្រគល់ឱ្យពួកឧទ្ទាមដែលកំពុងប្រយុទ្ធប្រឆាំងនឹងរបបសឹករបស់លោកមីនអុងឡាំង។ នៅទីបញ្ចប់ បេសកកម្មរបស់គាត់ពិតជាមិនឥតប្រយោជន៍ទេ។ គោលបំណងធំបំផុតរបស់គាត់គឺលុយ។ គាត់ជឿជាក់ថានេះជាបេសកកម្មស្វែងរកលុយពីញូយ៉កទៅតូក្យូ។ ផែនការសម្ងាត់របស់លោកអេប៊ីសាវ៉ាត្រូវបែកការណ៍ និងទប់ស្កាត់ទាន់ពេលវេលាក្រោមកិច្ចសហការរវាងអាជ្ញាធរអាមេរិកជាមួយឥណ្ឌូណេស៊ី, ជប៉ុន និងថៃ។
មានសេចក្ដីរាយការណ៍ថាពួកយ៉ាគូហ្សាជប៉ុនខាតបង់ច្រើនដោយសារការរំខាននៃរបបសឹកភូមា។ ដូច្នេះ ពួកគេចង់ងាកទៅជួយខាងក្រុមឧទ្ទាម និងក្រុមបះបោរដែលប្រឆាំងនឹងលោកមីនអុងឡាំង។ ពួកគេដឹកសារធាតុវិទ្យុសកម្មចេញពីប្រទេសភូមាយកទៅលក់នៅក្រៅប្រទេស និងជួយទិញអាវុធ និងគ្រាប់មីស៊ីលយកទៅឱ្យពួកឧទ្ទាមនៅក្នុងព្រៃ។ ជាថ្នូរត្រឡប់មកវិញ ពួកគេទទួលបានគ្រឿងញៀនហេរ៉ូអ៊ីន និងមេតំហ្វេតាមីនពីពួកឧទ្ទាម។ គ្រឿងញៀនទាំងនេះជាទំនិញដែលយ៉ាគូហ្សាដឹកទៅលក់នៅអាស៊ី និងអាមេរិកដើម្បីបានជាលុយ៕
អត្ថបទពាក់ព័ន្ធ
អាមេរិកចោទប្រកាន់មេបងធំជប៉ុនពីបទរត់ពន្ធអាវុ.ធ និងនុយក្លេអ៊ែរ
ចែករំលែកព័តមាននេះ