ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិស្ស​ ប៊ែ​ល​ធី ​និទ្ទេស A ១៩១ ​រូប ចែករំលែក​បទ​ពិសោធន៍​ដល់​សិស្ស​ថ្នាក់​ទី ​១២ ​ចំនួន ២,៧៩៧​នាក់ ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ (​បាក់​ឌុ​ប​)

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​ទី ​៤ ខែមករា ឆ្នាំ ​២០២៥ មកនេះ សាលា ប៊ែ​ល​ធី…

រាជធានី​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​ទី ​៤ ខែមករា ឆ្នាំ ​២០២៥ មកនេះ សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​រៀបចំ​ពិធី​សំណេះសំណាល និង​ចែករំលែក​បទ​ពិសោធន៍ សិក្សា​របស់​សិស្ស​ប៊ែ​ល​ធី​និទ្ទេស​ A ចំនួន ១៩១​រូប ជូន​សិស្ស​ថ្នាក់​ទី ​១២ ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយមានការ​ចូលរួម​ផ្ទាល់ និង​ផ្សាយ​បន្ត (Live) ទៅ​សិស្ស​គ្រប់​សាខា សរុប​ចំនួន ២,៧៩៧​នាក់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត លី ឆេ​ង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង លោក​ជំទាវ ។

លោក ប៊ុត ឌី​ម៉​ង់ ប្រធាន​ការិយាល័យ​ចំណេះ​ទូទៅ​បានឱ្យ​ដឹង​ថា ​៖ បច្ចុប្បន្ន​នេះ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន ៣២​សាខា (២៨​សាខា កំពុង​ដំណើរការ និង ៤​សាខា​កំពុង​សាងសង់​) ដែល​មាន​បុគ្គលិក​បម្រើ​ការ​សរុប​ចំនួន ២,៨៩៦​នាក់ (​នារី ១,១០៨​នាក់​) និង​មាន​សិស្សានុសិស្ស​កំពុង​សិក្សា សរុប​ចំនួន ៦០,៥៥៩​នាក់ (​នារី ២៩,២៩២​នាក់​)​ ។

សម្រាប់​ឆ្នាំ​សិក្សា​ ២០២៣-២០២៤ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន​សិស្ស​ថ្នាក់​ទី ១២ បាន​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យម សិក្សា​ទុតិយភូមិ ចំនួន ២,៤៣១​នាក់ (​ពីរ​ពាន់​បួន​រយ​សាមសិប​មួយ​នាក់​) ក្នុង​នោះ ជាប់ ២,៣២៨​នាក់ (​ពីរ​ពាន់​បី​រយ​ម្ភៃ​ប្រាំបី​នាក់​) ស្មើនឹង ៩៥.៧៦% និង​មាន​សិស្ស​និទ្ទេស A ចំនួន ១៩១​នាក់​។ ចំពោះ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ ភូមិ​នឹង​ទទួល​បាន​សញ្ញាបត្រ​ចំនួន​ពីរ ​៖ ១-​ចេញ​ដោយ សាលា ប៊ែ​ល​ធី អន្តរជាតិ និង ២-​ចេញ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​សញ្ញាបត្រ​ទាំង​ពីរ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល (Upload) ទៅ​ក្នុង​វែ​ប​សាយ​របស់​ប៊ែ​ល​ធី ដើម្បី​ទុកជា​កាល​ប្បវត្តិ​សម្រាប់​សិស្ស គ្រប់​រូប​ទាញ​យក  (Download) ប្រើប្រាស់​ជា​ផ្លូវការ​ផង​ដែរ​ ។

ក្នុង​ពិធី​នេះ​ដែរ សិស្ស​និទ្ទេស A ចំនួន ៥​រូប តំណាង​សិស្ស​និទ្ទេស A ទាំង ១៩១​រូប បាន​ចែករំលែក​បទ​ពិសោធន៍​ជោគជ័យ ដែល​មាន​កត្តារួម​ផ្សំ​សំខាន់​ៗ ៤ គឺ ១-​ កត្តា​ខ្លួនឯង  ២-​ កត្តា​គ្រួសារ  ៣- ​កត្តា​សាលា និង ៤-​ កត្តា​សង្គម​ ៖ ១-​កត្តា​ខ្លួនឯង ​៖ ត្រូវ​ស្គាល់​ខ្លួនឯង មាន​គោលដៅ មានការ​តាំងចិត្ត ខិតខំ​សិក្សា​រៀនសូត្រ ចេះ​ស្រាវជ្រាវ និង​មាន​សុខភាព​ល្អ​, ២-​ កត្តា​គ្រួសារ​ ៖ មាតាបិតា​ផ្តល់​ឱកាស​ឱ្យ​កូន​បាន​រៀនសូត្រ​-​ធ្វើ​កិច្ចការ​ផ្ទះ ផ្តល់​ការ​ថែទាំ​-​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ជំរុញ​លើក ទឹកចិត្ត​បុត្រ​ធីតា និង​សហការ​ល្អជា​មួយ​គណៈ​គ្រប់គ្រង​សាលា​៣-​កត្តា​សាលា ​៖ មាន​អគារ​ផ្ទាល់ខ្លួន​ដែល​ធានា​និរន្ត​ភាព​សិក្សា មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ ចក្ខុវិស័យ​វែង​ឆ្ងាយ កម្មវិធី សិក្សា​ល្អ​ៗ កម្មវិធី​សិក្សា​បន្ថែម​ទាំង​ ១២ គ្រូ​មាន​សមត្ថភាព​-​បទ​ពិសោធន៍ និង​គរុកោសល្យ បំពាក់​គ្រឿង បរិក្ខា​និង​សម្ភារៈ​ឧបទ្ទេស​ទំនើប​ៗ ព្រមទាំង​មាន BELTEI App ជា​ជំនួយស្មារតី​ក្នុង​ការ​សិក្សា​, ៤-​ កត្តា​សង្គម​ ៖ ដោយ​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ ស្ថិរភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការ​ដឹកនាំ​របស់ រាជរដ្ឋាភិបាល ដែល​មាន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី និង​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ ដែល​ធ្វើ​ឱ្យ​សិស្ស​មានឱកាស​បាន​រៀនសូត្រ ខ្ជាប់ខ្ជួន​ទៅ​តាម​កម្មវិធី​សិក្សា របស់​ក្រសួង និង​សាលា​បាន​ដាក់ចុះ ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត លី ឆេ​ង បាន​កោតសរសើរ​ចំពោះ​សិស្ស​និទ្ទេស A និង​សិស្ស​ជ័យ​លា​ភី​ទាំងអស់ ដែល​បាន យកចិត្តទុកដាក់​ខិតខំ​សិក្សា​រៀនសូត្រ ស្តាប់​គ្រូ​ពន្យល់ គោរព​បទបញ្ជាផ្ទៃក្នុង មាន​វិន័យ សីលធម៌ និង​គុណធម៌​ល្អ មិន​បង្ក​ផល​លំបាក ដល់​គ្រួសារ និង​សង្គម​ជាតិ​រហូត​ទទួល​បាន​ជោគជ័យ​នា​ពេល​នេះ​។ ជា​ពិសេស​បាន​ចែករំលែក​បទ​ពិសោធន៍​ជោគជ័យ​របស់​ខ្លួន​ជូន ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ ដើម្បី​ជា​ទុន​សម្រាប់​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​នាពេល​ខាង​មុខ​។ ឯកឧត្តម​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា និង​អ្នក​អាណាព្យាបាល​ទាំងអស់ ដែល​បាន​ផ្តល់​ឱកាស និង​ជំរុញ​កូន​ៗ​ឱ្យ​សិក្សា​បន្ថែម​នៅផ្ទះ ធ្វើ​កិច្ចការ​ផ្ទះ គោរព​វិន័យ និង​សហការ​យ៉ាង​ជិត​ស្និត ​ជាមួយ​គណៈ​គ្រប់គ្រង​សាលា ប៊ែ​ល​ធី អន្តរជាតិ​គ្រប់​ទីតាំង ​។ ឯកឧត្តម​បណ្ឌិត បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ៗ​ទាំងអស់​ឱ្យ​ខិតខំ​យកចិត្តទុកដាក់​បន្ត​ការ​សិក្សា​រៀនសូត្រ​បន្ថែម​ទៀត​នៅ​ថ្នាក់ឧត្តម​សិក្សា ដោយ​ធ្វើការ​ជ្រើស រើស​នូវ​មុខ​វិជ្ជា​ណា​ ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត សម្រាប់​ធ្វើ​ជា​អាជីព​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស ជាតិ​ឱ្យ​បាន​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ​។

ជាទី​បញ្ចប់ ឯកឧត្តម​បណ្ឌិត និង​លោក​ជំទាវ បាន​ប្រគល់​លិខិត​សរសើរ​និង​ប្រាក់​រង្វាន់​ជូន​សិស្ស​និទ្ទេស A ទាំង ១៩១​រូប នាយក​សាខា និង​លោកគ្រូ​-​អ្នកគ្រូ​ថ្នាក់​ទី​ ១២ ដែល​មាន​ស្នាដៃ​បង្រៀន​សិស្ស​ទទួល​បាន​និទ្ទេស A ចំនួន ១៣៥​រូប ផង​ដែរ​ ៕ អត្ថបទសហការ