ខេត្តក្រចេះ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការនគរបាលខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ពន្លាតដែនដី តាមចាប់ជនដៃដល់ បានចំនួន២នាក់ ដែលជាក្រុមក្មេងទំនើង ក្នុងសកម្មភាពកាប់មនុស្សស្លា.ប់ម្នាក់ កាលពីពេលថ្មីៗកន្លងទៅ ស្ថិតនៅចំណុចផ្លូវលំ ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ច អោយដឹងថា ជនសង្ស័័យដែលត្រូវបានចាប់ខ្លួនខាងលើ រួមមាន ៖ ទី១. ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ និងទី២. ឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦៖១០នាទី នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានករណីក្មេងទំនើងកាប់គ្នា បង្កឡើងដោយជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ០១គ្រឿង ចាំស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បណ្តាលឲ្យស្លា.ប់នៅនិងកន្លែង។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យក៏បាននាំគ្នារត់គេចខ្លួន ដោយបន្សល់
ទុកវត្ថុតាង រួមមាន ៖ ដាវចំនួន០១ដើម កាំបិតផ្គាក់ ចំនួន០១ដើម និងដំបងឈើ ចំនួន០១ដើម ។
ក្រោយពីមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុក
ដាក់រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ លុះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំស
ហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ នៅចំណុចភូមិខ្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
យោងតាមចម្លើយរបស់ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦និង១០នាទី ពួកខ្លួនពិតជាបានធ្វើសកម្ម
ភាព កាប់ទៅលើជនរងគ្រោះ ឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ប្រាកដមែន។ មូលហេតុដោយសារតែ កន្លងមក ជនរងគ្រោះបានធ្វើសកម្មភាពកាប់មកលើពួកខ្លួន ទើបពួកខ្លួនមានការគុំគួន រហូតដល់មានករណីខាងលើកើតឡើង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជាម្ចាស់ករណីកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ