ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ថា សន្តិភាព គឺ​ងាយស្រួល​និយាយ ប៉ុន្តែ​ការ​រក​សន្តិភាព​ពិតជា​ពិបាក​ណាស់ ដែល​យើង​ទាំងអស់​គ្នា ត្រូវ​តែ​រួម​គ្នា​ថែរក្សា និង​ការពារ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យើង​ត្រូវ​ចាំ​ថា ៖ «​មាន​សន្តិភាព គឺ​មាន​អ្វី​ៗ​ទាំងអស់​» សន្តិភាព គឺជា​ទ្រព្យសម្បត្តិ ដែល​មិន​អាច​កាត់ថ្លៃ​បាន​។ យើង​មិន​ត្រូវ​ឲ្យ​៥០០​ឆ្នាំ​មុន…

រាជធានី​ភ្នំពេញ ៖ យើង​ត្រូវ​ចាំ​ថា ៖ «​មាន​សន្តិភាព គឺ​មាន​អ្វី​ៗ​ទាំងអស់​» សន្តិភាព គឺជា​ទ្រព្យសម្បត្តិ ដែល​មិន​អាច​កាត់ថ្លៃ​បាន​។ យើង​មិន​ត្រូវ​ឲ្យ​៥០០​ឆ្នាំ​មុន វិល​ត្រឡប់​មក​វិញ​ទេ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក កើត ឆែ អភិបាលរង តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​បែប​នេះ នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ២០២៤ ក្នុង​ឱកាស ដែល​លោក​អញ្ជើញ​ធ្វើ​សន្តិ​សី​ទ​កាសែត ស្ដី​ពី​ការ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់ មិត្តភាព អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ នា​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ ខាង​មុខ​នេះ ។

លោក កើត ឆែ បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​បាល់ទាត់ មិត្តភាព អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» គ្រោង​នឹង​មាន​មហាជន​ចូល​ទស្សនា​ជាង ៥​ម៉ឺន​នាក់ នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ​។ ព្រឹត្តិការណ៍​នេះ អាច​ធ្វើ​ទៅ​បាន​ដោយសារ​ប្រទេស​ជាតិ​របស់​យើង​មាន​សន្តិភាព​។ បើ​គ្មាន​សន្តិភាព​ទេ គឺ​មិន​មាន​អ្វី​ទាំងអស់​។ កីឡា​រស់នៅ​ក្នុង​សន្តិភាព​។ បើ​ប្រទេស​ជាតិ​មួយ ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម គឺ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ កីឡាករ​ទាំងអស់ នឹង​ត្រូវ​ទៅ​ធ្វើសង្គ្រាម​មិន​ខាន​។ យើង​ត្រូវ​ចង​ចាំ​ថា មាន​សន្តិភាព គឺ​មាន​អ្វី​ទាំងអស់ សន្តិភាព​ជា​សម្បត្តិ ដែល​មិន​អាច​កាត់ថ្លៃ​បាន ដែល​យើង​ត្រូវ​រួម​គ្នា​ថែរក្សា​សន្តិភាព​នេះ​ឲ្យ​បាន​គង់​វង់ ក្រោយ​ពី​បាត់​អស់​រយៈពេល​៥០០​ឆ្នាំ ។

លោក កើត ឆែ បាន​បន្ត​ផង​ទៀត​ថា ពាក្យ​ថា សន្តិភាព គឺ​ងាយ​និយាយ ប៉ុន្តែ​ការ រក​សន្តិភាព​ពិតជា​ពិបាក​ណាស់​។​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំដោះប្រទេស​ជាតិ​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ឆ្នាំ​១៩៧៩ ប៉ុន្តែ​ប្រទេស​ជាតិ​ទាំងមូល មិន​ទទួល​បាន​សន្តិភាព​ពេញលេញ​នោះ​ទេ​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វែងរក​សន្តិភាព អស់​រយៈពេល​១១​ឆ្នាំ ពោល​គឺ​ចាប់ពី​ឆ្នាំ​១៩៨៧ ដល់​ឆ្នាំ​១៩៩៨ ក្រោម​គោលនយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច ទើប​ធ្វើ​អោយ​ប្រទេស​ជាតិ​មាន​សន្តិភាព​ពេញលេញ​។ គិត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា​មាន​សន្តិភាព​រយៈពេល​២៦​ឆ្នាំ​ហើយ ហើយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​២៩ ធ្នូ ជា​ទិវា​សន្តិភាព ជា​រៀង​រាល់​ឆ្នាំ​។ យើង​ប្ដេជ្ញា​រក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ និង​ការពារ​សម្ដេច​បវរ​ធិ​បតី ដែល​ជា​ស្ថាបនិក បន្ត​ការ​រក្សា​សន្តិភាព​នៅ​កម្ពុជា ។

ជា​ការ​រំលឹក​ដល់​ការ​សម្រេច​បាន នូវ​ការ​បញ្ចប់សង្គ្រាម​ទាំងស្រុង និង​ការ​កសាង​បាន នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​នយោបាយ​ឈ្នះ​-​ឈ្នះ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ។

គួរ​បញ្ជាក់​ថា នា​ថ្ងៃ​ទី​១ ខែមករា ២០២៤ រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ ជា “​ទិវា​សន្តិភាព​នៅ​កម្ពុជា​” ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺ​ការ​ស្រឡាញ់​សន្តិភាព និង​ការ​ស្អប់ខ្ពើម​សង្គ្រាម ។

ក្នុង​នោះ​ដែរ លោក ខៀវ ភា​រិ​ទ្ធិ តំណាង​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក​. បាន​លើក​ឡើង​ថា ៖​ក្រុមកីឡា​បាល់ទាត់ ស​.​ស​.​យ​.​ក​. ដឹកនាំ​ដោយ​ឯកឧត្ដម ហ៊ុន ម៉ា​នី និង​ឧបនាយករដ្ឋមន្ត្រី​មួយ​ចំនួន​ជា​អនុប្រធាន ស​.​ស​.​យ​.​ក​. ទាំងអស់​រួម​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មួយ​ចំនួន​ទៀត និង​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​បាត់​ទាត់​តារា​កម្ពុជា​នៅ​គូ​ទី​២ ។ មូលហេតុ​ជ្រើសរើស​យក​កីឡាបាល់ទាត់​មក​ប្រកួត ក្នុង​ពិធី​អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ដោយ​កីឡា​នេះ មាន​អ្នក​ទស្សនា​ច្រើន ។

លោក ហេង នរៈក​ក្ដ​ដា តំណាង​ក្រុម​កីឡាករ​តារា​កម្ពុជា ក្នុង​ឱកាស​នោះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ព្រឹត្តិការណ៍​ខាងលើ​នេះ គឺ​កើត​ចេញពី​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​កីឡាករ ដែល​ត្រូវ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​មាន​ចំនួន​៤​ក្រុម ស្មើនឹង​២​គូប្រកួត ដោយ​ប្រើ​បច្ចេកទេស នៃ​ការ​ប្រ​គួ​ត​តាម​ស្តង់ដារ អន្តរជាតិ គឺ​៩០​នាទី ចែក​ចេញ​ជា​២​តង់ ។

ក្រុមបាល់ទាត់​តារា​កម្ពុជា ធ្លាប់​បាន​បង្កើត នូវ​ព្រឹត្តិការណ៍ នៃ​ការ​ប្រកួត​ជា​ច្រើន​លើក​រួច​មក​ហើយ ដើម្បី​រក​ថវិកា​ជួយ​ទៅ​ដល់​ការងារ​សង្គម ពិសេស​ជួយ​ដល់​មន្ទីរពេទ្យ ហើយ​នៅ​ក្នុង​ពេល​នេះ ក្រុមបាល់ទាត់​តារា​កម្ពុជា មាន​កិត្តិយស​បាន​ចូល​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ខាងលើ​នេះ​ទៀត ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព ដើម្បី​អបអរសាទរ ៖ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ក្រុមបាល់ទាត់​តារា​កម្ពុជា និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ ដោយ​មានការ​ប្រកួត​ចំនួន​២​គូ ដោយ​គូ​ទី​១ ក្រុមបាល់ទាត់​គុន​ខ្មែរ ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​តារា​កម្ពុជា និង​គូ​ទី​២ ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក​. ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​តារា​កម្ពុជា ហើយ​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតី ដ៏​ខ្ពង់ខ្ពស់​សម្រាប់​ការ​ប្រកួត​គូ​ទី​២ រវាង​ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក​. និង​ក្រុមបាល់ទាត់​តារា​កម្ពុជា នៅ​វេលា​ម៉ោង​១៧:០០​នាទី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ