ទីក្រុងសេអ៊ូល៖ ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង លោកហានដុកស៊ូ ប្រហែលជាមិនអាចអង្គុយស្រណុកខ្លួនប៉ុន្មានទេ។ តើគាត់អាចនឹងមានជោគវាសនាដូចលោកយូនស៊ុកយូលដែរឬទេ? មហាជនកំពុងតែខ្សិបខ្សៀវគ្នាយ៉ាងផុលផុសអំពីរឿងនេះ។ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងនៅកូរ៉េខាងត្បូងប្រកាសនៅថ្ងៃនេះថាគម្រោងបោះឆ្នោតដកតំណែងរបស់លោកហានដុកស៊ូនៅតែរក្សាទុកដដែល។ គ្រាន់តែខ្លួនចង់លើកពេលពីថ្ងៃអង្គារនេះទៅចុងសប្ដាហ៍នេះវិញតែប៉ុណ្ណោះ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោកហានដុកស៊ូមិនព្រមចុះហត្ថលេខាលើក្រឹត្យស៊ើបអង្កេតលោកយូនស៊ុកយូលពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក។ ប្រធានគណបក្សប្រជាធិបតេយ្យ លោកប៉ាក់ចាន់ដេ (Park Chan-dae) ថ្លែងថាគណបក្សរបស់លោកនឹងរង់ចាំរហូតដល់ចុងសប្ដាហ៍ មុននឹងសម្រេចថាតើត្រូវបោះឆ្នោតដកតំណែងលោកហានដុកស៊ូ ឬយ៉ាងណា។
គណបក្សប្រជាធិបតេយ្យឥឡូវនេះកំពុងធ្វើព្យុះធ្វើភ្លៀងនៅក្នុងឆាកនយោបាយរបស់កូរ៉េខាងត្បូងព្រោះពួកគេអាងថាមានអ្នកតំណាងរាស្ត្រភាគច្រើននៅរដ្ឋសភា ហើយអាចនឹងជំរុញឱ្យរៀបចំការបោះឆ្នោតប្រធានាធិបតីនៅក្នុងពេលឆាប់ៗនេះ។ ពួកគេសង្ឃឹមថាអាចនឹងឈ្នះឆ្នោតព្រោះរបស់បក្សនេះជាមួយកូរ៉េខាងជើងស៊ីសង្វាក់គ្នានឹងនយោបាយរបស់លោកត្រាំ។
គណបក្សប្រជាធិបតេយ្យចោទប្រកាន់ថាបើលោកហានដុកស៊ូមិនព្រមចុះហត្ថលេខាលើក្រឹត្យស៊ើបអង្កេតទេមានន័យថាលោកក៏ចូលរួមនៅក្នុងការប្រកាសច្បាប់អាជ្ញាសឹកនោះដោយប្រយោលផងដែរ។ ពួកគេចោទថាលោកកំពុងធ្វើផ្ទុយពីឆន្ទៈរបស់ប្រជាជន។ បើញត្តិនេះទៅដល់ដៃសភា យ៉ាងយូររយៈពេល២៤ម៉ោង ឬ៧២ម៉ោង សភានឹងកោះប្រជុំដើម្បីបោះឆ្នោត។
បើសភាដកតំណែងលោកហានដោយជោគជ័យ ពេលនោះរដ្ឋមន្ត្រីហិរញ្ញវត្ថុនឹងឡើងធ្វើជាប្រធានាធិបតីស្ដីទីជំនួសលោកហាន។ នេះបើយោងទៅតាមច្បាប់របស់កូរ៉េខាងត្បូង។ ប្រធានគណបក្សប្រជាធិបតេយ្យថ្លែងថាប្រធានាធិបតីស្ដីទីហានដុកស៊ូបង្ហាញសញ្ញាច្បាស់ហើយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះថាលោកនឹងមិនអនុម័តលើក្រឹត្យស៊ើបអង្កេតនោះទេ។
មិនចាំបាច់បកស្រាយច្រើនទេ យើងអាចកាត់យល់ថាបានថាគាត់កំពុងព្យាយាមពន្យារពេល។ ប្រតិកម្មចំពោះការគំរាមដកតំណែងលោកហានដុកស៊ូ មន្ត្រីជាន់ខ្ពស់របស់លោកម្នាក់ចាត់ទុកថានេះជារឿងដែលគួរឱ្យសោកស្ដាយបំផុត។ «សព្វថ្ងៃនេះ សហគមន៍អន្តរជាតិបន្តគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយប្រធានាធិបតីស្ដីទី។ ដូច្នេះ បើរដ្ឋសភាបោះឆ្នោតដកតំណែងរបស់គាត់បានសម្រេចមែនមានន័យថាជាការរំលោភទៅលើសេចក្ដីទុកចិត្តហើយ ហើយនឹងប៉ះពាល់ចំពោះសេដ្ឋកិច្ចជាតិ»។
អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅលោកយូនស៊ុកយូលទៅបង្ហាញខ្លួននៅថ្ងៃពុធសប្ដាហ៍នេះ។ ទោះជាយ៉ាងណាក្ដី មេធាវីរបស់លោកប្រាប់អ្នកសារព័ត៌មានថាលោកយូនប្រហែលជាមិនឆ្លើយតបតាមការកោះហៅនេះទេ។ លោកកំពុងផ្ដោតសំខាន់ទៅលើការតតាំងក្ដីគ្នានៅក្នុងតុលាការធម្មនុញ្ញតែមួយមុខគត់ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក៕
ចែករំលែកព័តមាននេះ