រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសចេញនូវសេចក្តីជូនដំណឹងស្តីពីការអនុវត្តដកបណ្ណបើកបរយានយន្តដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ចាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដោយអង្គភាពនគរបាលចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ។
ក្នុងសេចក្តីជូនដំណឹងនោះ អគ្គស្នងការនគរបាលជាតិក៏សំណូមពរដល់ម្ចាស់យានយន្តដែលមានប័ណ្ណបើកបរជិតអស់ពិន្ទុទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញនៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ផន រឹម បានលើកឡើងថា ជម្រាបជូនសាធារណជន និងបណ្តាញផ្សព្វផ្សាយនានាមេត្តាជ្រាបថា ក្នុងការអនុវត្តការដកពិន្ទុបណ្ណបើកបរ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ មកទល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នគរបាលចរាចរណ៍បានអនុវត្តដកពិន្ទុប័ណ្ណបើកបរសរុបចំនួន៧៤៥០៤ករណី។ ក្នុងនោះ ប័ណ្ណបើកបរមានពិន្ទុសល់សូន្យចំនួន១២៣២ករណី ។
លោកបានបញ្ជាក់ថា «ខ្ញុំបាទក៏សូមជម្រាបជូនបន្ថែមថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៃការអនុវត្តការដកពិន្ទុ មណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ទទួលបានការស្នើសុំពីប្រជាពលរដ្ឋក្នុងការបណ្តុះបណ្តាល ដើម្បីបន្ថែមពិន្ទុ និងប្រឡងយកប័ណ្ណបើកបរសារជាថ្មីឡើងវិញនៅឡើយ»៕
ចែករំលែកព័តមាននេះ