រឿងរ៉ាវចម្រូងចម្រាសពាក់ព័ន្ធនឹងបទស៊ីសំណូកពេលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅតាមដងផ្លូវនៅប្រទេសថៃ កំពុងកើតមានជាបន្តបន្ទុយគ្នាយ៉ាងរដឹកតាមបណ្តាញសង្គម ដោយថ្មីបំផុតក្នុងក្រោយនេះបានឈានទៅដកបញ្ឈរជើងមន្ត្រីប៉ូលិសចរាចរណ៍ផ្លូវគោក១៨នាក់នៅខេត្ត Udon Thani និង អធិការរងផ្នែកចរាចរណ៍ម្នាក់នៅខេត្ត Nonthaburi។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រោយពីផេកទំព័រហ្វេសប៊ុក «E-Sor Khayee Laek ឬ E-Sor crushing news បានបង្ហោះវីដេអូឃ្លីបមួយបង្ហាញពីប៉ូលិសចរាចរណ៍ដែលកំពុងចុះអនុវត្តច្បាប់នៅ Udon Thani ផ្តល់ជូនជម្រើសអោយអ្នកបើកបរដែលល្មើសច្បាប់ដែលត្រូវទទួលរងការផាកពិន័យ ដោយអនុញ្ញាតអោយពួកគេបង់ប្រាក់ភ្លាមៗទៅអោយប៉ូលិសនៅនឹងកន្លែងជាថ្នូរនឹងការមិនចេញវិក័យប័ត្រផាកពិន័យត្រឹមត្រូវទៅតាមផ្លូវច្បាប់ ។
ក្រោយបែកធ្លាយវីដេអូ បង្កឱ្យមានមតិរិះគន់ដូចទឹកបាក់ទំនប់ពីសំណាក់មហាជនលើបណ្តាញសង្គមក្នុងប្រទេសថៃ ហើយបានថ្កោលទោសចំពោះការអនុវត្តច្បាប់ដោយពុករលួយយកលុយចូលហោប៉ៅខ្លួនឯងពីសំណាក់ក្រុមប៉ូលិសចរាចរណ៍ទាំងនោះ និងបានអំពាវនាវឱ្យស្ថាប័នប៉ូលិសចាត់វិធានការក្តៅ រហូតធ្វើឱ្យមន្ត្រីប៉ូលិសចរាចរណ៍សរុបចំនួន១៨នាក់ ត្រូវបានដកបញ្ឈរជើងពីការងារ ដើម្បីរង់ចាំការស៊ើបអង្កេត។
លោកវរសេនីយ៍ឯក ផាត់ថា ណាវង្ស ចាន់ផុន ស្នងការនគរបាលខេត្ត Udon Thani បានបញ្ជាក់ថា ហេតុការណ៍នេះ ពិតជាបានកើតឡើងនៅថ្ងៃទី២១ ខែធ្នូ នៅលើផ្លូវចូលក្រុង ពី Nong Khai មក Udonthani ហើយលោកពិតជាថ្លែងអំណរគុណចំពោះអ្នកទម្លាយវីដេអូ ដែលបានលាតត្រដាងពីការប្រព្រឹត្តខុសដើម្បីវែងមុខអ្នកទទួលខុសត្រូវ ។
លោកបាននិយាយបែបហួសចិត្តថា នេះជាលើកទីមួយហើយ ដែលលោកបានដឹងឮថា មន្ត្រីក្រោមឱវាទប្រព្រឹត្តរឿងអសកម្មបែបនេះ ចាប់តាំងពីឡើងកាន់តំណែងអស់រយៈពេល១៨ខែមក ហើយពេលនេះលោកបានបញ្ជាឲ្យមានការដាក់ពិន័យចំពោះមន្ត្រីចរាចរណ៍ដែលពាក់ព័ន្ធទាំងអស់ និងផ្អាកការងាររបស់ពួកគេជាបណ្ដោះអាសន្ន ។
លោកស្នងការអះអាងថា កិច្ចប្រជុំជាមួយមន្ត្រីចរាចរណ៍ទាំងអស់នៅស្នងការខេត្តនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែធ្នូ ដើម្បីត្រួតពិនិត្យបទប្បញ្ញត្តិ និងគោលការណ៍ណែនាំ ។ លោកបានបន្តថា ការផ្តោតសំខាន់គឺដើម្បីធានាថា មានកម្លាំងប៉ូលិសចរាចរណ៍គ្រប់គ្រាន់សម្រាប់បំពេញការងារនៅក្នុងយុទ្ធនាការសុវត្ថិភាពចរាចរណ៍ «ប្រាំពីរថ្ងៃគ្រោះថ្នាក់» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកលខាងមុខ ។
ជាក់ស្តែងនៅពេលនេះ គោលដៅត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ក្នុងខេត្ត Udon Thani កំពុងត្រូវបានដាក់ពង្រាយនៅទីតាំងសំខាន់ចំនួន៤ ដើម្បីធានាការអនុវត្តច្បាប់ និងសុវត្ថិភាពចរាចរណ៍។ លោកអធិការក៏បានលើកទឹកចិត្តឲ្យសាធារណជន ត្រូវរាយការណ៍ពីទង្វើមិនប្រក្រតីរបស់នគរបាលចរាចរណ៍នៅតាមដងផ្លូវ។
ទន្ទឹមនឹងនោះ នៅខេត្ត Nonthaburi មន្ត្រីនគរបាលចរាចរណ៍ម្នាក់ក៏ត្រូវបានប្រជាពលរដ្ឋថតបាន
វីដេអូសកម្មភាពនៃការប្រមូលប្រាក់ផាកពិន័យចរាចរណ៍ដោយមិនបានចេញវិក័យបត្រ ។ មន្ត្រីរូបនេះ ត្រូវគេស្គាល់ថា មានតំណែងជាអធិការរងផ្នែកចរាចរណ៍ ហើយនៅថ្ងៃទី២៣ ធ្នូ ត្រូវបានថ្នាក់លើចេញបញ្ជាឱ្យផ្ទេរទៅប្រចាំការនៅការរិយាល័យ ដោយរង់ចាំការស៊ើបអង្កេតដូចករណីមន្ត្រីនៅខេត្ត Udonthaniដែរ៕
ចែករំលែកព័តមាននេះ