ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល គោរពក្រមសីលធម៌ គឺជា​រឿង​សំខាន់​បំផុត

1 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ វិស័យ​សុខាភិបាល គឺជា​វិស័យ​មួយ​ដ៏​សំខាន់ ដែល​បម្រើ​ឲ្យ​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ទូទៅ​ប្រកប​ទៅ​ដោយ​គុណភាព​ខ្ពស់ ក្នុង​ការ​ថែទាំ​សុខមាលភាព​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ ។ ក្នុង​នោះ​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ក៏​ត្រូវ​ទទួលស្គាល់​ពីក្រោម​សីលធម៌…

ខេត្តស្ទឹងត្រែង ៖ វិស័យ​សុខាភិបាល គឺជា​វិស័យ​មួយ​ដ៏​សំខាន់ ដែល​បម្រើ​ឲ្យ​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ទូទៅ​ប្រកប​ទៅ​ដោយ​គុណភាព​ខ្ពស់ ក្នុង​ការ​ថែទាំ​សុខមាលភាព​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ ។ ក្នុង​នោះ​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ក៏​ត្រូវ​ទទួលស្គាល់​ពីក្រោម​សីលធម៌ ដែន​កំណត់ និង​និយាម​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ផង​ដែរ ។

លោក​សាស្ត្រាចារ្យ​ជំនួយ តាត សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តស្ទឹងត្រែង និង​ជានា​យក​ស្ដីទី សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​ស្ទឹង​ត្រែង កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ បាន​លើក​ឡើង​អំពី​ច្បាប់ ស្ដី​ពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​របរ​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ក្រមសីលធម៌ ដែន​កំណត់ និង​និយាម​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ និង​បទដ្ឋាន​គតិ​យុ​ត្ត​នានា ដែល​គ្រូពេទ្យ​ក្នុង​សេវា​សាធារណៈ និង​ឯកជន​ក្នុង​ខេត្តស្ទឹងត្រែង ជូន​ដល់​សិស្ស​និស្សិត មុន​ពេល​បញ្ចប់​ការ​សិក្សា នៅ​សាលា​មធ្យមសិក្សា​សុខាភិបាល​ខេត្តស្ទឹងត្រែង ឲ្យ​បាន​យល់​កាន់តែ​ច្បាស់​អំពី​ភាព​ចាំបាច់ នៃ​ក្រមសីលធម៌​របស់​គ្រូពេទ្យ នៅ​ពេល​បំពេញ​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល ។

លោក​បាន​លើក​ឡើង​ថា យើង​ទាំងអស់​គ្នា សុទ្ធតែ​យល់​ឃើញ​ថា ចំណេះដឹង​ជំនាញ​វិជ្ជាជីវៈ ជា​កត្តា​សំខាន់ ចម្បង ប៉ុន្តែ​កត្តា​នេះ មិន​អាច​កាត់​ផ្តាច់ អំពី​គុណធម៌ ក្រមសីលធម៌ វិជ្ជាជីវៈ និង​បទដ្ឋាន​គតិយុត្តិ វិជ្ជាជីវៈ​នានា បាន​ឡើយ ពោល​គឺ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ទើប​ធ្វើ​ឲ្យស​កម្ម​ភាព​​ព្យាបាល ប្រកបដោយ​អាកប្បកិរិយា ទន់ភ្លន់ បង្កើត​ជា​កិត្តិយស ដ៏​ជាទី​គោរព​ស្រឡាញ់ និង​ជាទី​ពេញចិត្ត ព្រមទាំង​ទទួល​បាន​នូវ​ទំនុកចិត្ត​អំពី​អ្នកជំងឺ និង​ក្រុម​គ្រួសារ​អ្នកជំងឺ ដូច​ប្រសាសន៍​របស់​ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ផ្ដាំផ្ញើ​ជា​ប្រចាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​បុគ្គលិក នៅ​គ្រប់​មូលដ្ឋាន​សុខាភិបាល​ទាំងអស់ ឱ្យ​ចង​ចាំ នូវ​ពាក្យស្លោក​មួយ​ឃ្លា ក្នុង​ចិត្ត​ថា “​ទុក​ព្រួយ​របស់​អ្នកជំងឺ គឺជា​ទុក្ខ​ព្រួយ​របស់​គ្រូពេទ្យ​” ។

លោក​សាស្ត្រាចារ្យ ថ្លែង​បែប​នេះ​ក្នុង​ពិធី​សំណេះសំណាល​រវាង​ថ្នាក់ដឹកនាំ នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង និង​សិស្ស​និស្សិត ប្រមាណ​ជាង ១០០​នាក់ ដែល​នឹង​ត្រូវ​បញ្ចប់​ការ​សិក្សា នា​ពេល​ខ្លី​ខាង​មុខ​នេះ ។

លោក​វេជ្ជបណ្ឌិត អ៊ុ​ង សូ​វៀត ប្រធាន​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​លើក​ឡើង​ថា ច្បាប់ ស្ដី​ពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ក្រមសីលធម៌ ជា​ការ​សំខាន់​ណាស់ ច្បាប់ គឺ​ការពារ​សុខភាព និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ។

លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា មន្ត្រី​សុខាភិបាល​ក្របខ័ណ្ឌ​រដ្ឋ ដែល​ទៅ​បើក​សេវា​សុខាភិបាល​ឯកជន មាន​ជាង ១៧០​ទីតាំង ក្នុង​ចំណោម​អ្នក​ដែល​បាន​សុំ​ច្បាប់​បើក​ដំណើរការ​សេវា​សុខាភិបាល​មាន ២១២​ទីតាំង មិន​រាប់​បញ្ចូល​មន្ត្រី​ចូល​និវត្តន៍ ។

លោក​ប្រធាន​មន្ទីរ បាន​លើក​ឡើង​ទៀត​ថា អ្នក​បើក​សេវា​ឯកជន លើ​វិស័យ​សុខាភិបាល រហូត​មក​ទល់​នឹង​ពេល​នេះ ក្នុង​អាណត្តិ​ទី​៧ រយៈពេល​១​ឆ្នាំ​មក​ហើយ មិន​ទាន់​កើត​មាន​បញ្ហា​ធំដុំ​ណាមួយ​កើតឡើង​ក្នុង​ខេត្តស្ទឹងត្រែង​យើង​នៅឡើយ​ទេ ។ នេះ​ក៏​បញ្ជាក់​ដែរ​អំពី​ការ​យក​ទុកដាក់​អំពី​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ទាំង​សេវា​រដ្ឋ និង​ឯកជន ។

ជាមួយ​គ្នា​នេះ ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តស្ទឹងត្រែង និង​មន្ទីរ​សុខាភិបាល ក៏​បាន​ធ្វើ​ការងារ​ចុះបញ្ជី​ការ ការ​ផ្ដល់​អាជ្ញាប័ណ្ណ និង​ការ​ឃ្លាំមើល ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​។ ក្នុង​នោះ​បាន​ដំណើរការ​ចុះបញ្ជី និង​បន្ត​សុពលភាព​ដល់​គ្រូពេទ្យ​ទាំងអស់ ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ក្នុង​ខេត្តស្ទឹងត្រែង​។ បាន​ផ្សព្វផ្សាយ នូវ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ ក្នុង​វិស័យ​សុខាភិបាល នឹង​បាន​ចុះ​ត្រួតពិនិត្យ​ជាមួយ​ក្រុមការងារ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តស្ទឹងត្រែង ដើម្បី​ពិនិត្យ​មើល​អំពី នៃ​ភាព​ស្របច្បាប់​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ក្នុង​ការ​អនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​វិស័យ​ឯកជន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ