ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំ ទិវាប្រាក់រៀល នៅក្រុងសែនមនោរម្យ ។
លោក លន់ សុភាព អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម រដ្ឋបាលខេត្តមណ្ឌលគិរី បានអនុវត្តតាមគោលនយោបាយអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋាន ដែលមានស្រាប់ និងកំពុងយកចិត្តទុកដាក់ខិតខំជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យ ធនាគារ និងហិរញ្ញវត្ថុ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ។
លោកអភិបាលរងខេត្ត បន្តថា បច្ចុប្បន្នខេត្តមណ្ឌលគិរី មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន១៤គ្រឹះស្ថាន ដែលកំពុងធ្វើប្រតិបត្តិការ និងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍខេត្ត តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ រួមមាន សេវាឥណទាន សន្សំ និងទូទាត់ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាសនៅគ្រប់ទីកន្លែង ក្នុងខេត្តមណ្ឌលគិរី ។
លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា មានប្រសាសន៍ថា ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាសង្គមជាតិ ជារួម អាចប្រព្រឹត្តទៅបាន ដោយទាមទារនូវវត្តមានរូបិយវត្ថុជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនីមួយៗ តែងតែមានរូបិយវត្ថុជាតិរបស់ខ្លួន ដែលតំណាងឱ្យអត្តសញ្ញាណជាតិ ។
ទេសាភិបាលរងធនាគារជាតិ បន្តថា ការប្រើប្រាស់ប្រាក់រៀល ឱ្យបានទូលំទូលាយ ប្រៀបបាននឹងការរក្សា និងចែករំលែក នូវចំណេះដឹងពីប្រវត្តិសាស្ត្រនិងវប្បធម៌កម្ពុជាដល់អ្នក ជំនាន់ក្រោយ និងទេសចរបរទេស អាចពង្រឹងនូវស្មារតីបង្រួបបង្រួមជាតិក្នុងនាមជាប្រជាជននៅ ក្នុងសង្គមជាតិតែមួយ ។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ អ្នកចូលរួមក៏បានយកក្រដាសប្រាក់រៀលចាស់ ទក់ រហែក ប្តូរយកក្រដាសប្រាក់រៀលថ្មី និងទស្សនាការប្រគុំតន្ត្រីសម្តែងដោយតារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជា លេងហ្គេមសប្បាយៗ ហើយថែមទាំងទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងប្រាក់រៀល និងប្រព័ន្ធបាគងទៀតផង ។ កម្មវិធីផ្សព្វផ្សាយស្តីពី «ប្រាក់រៀល និងប្រព័ន្ធបាគង» ត្រូវបានរៀបចំដោយ ធនាគារជាតិ នៃកម្ពុជា ដើម្បីអបអរសាទរ ខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ៕
ចែករំលែកព័តមាននេះ