ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​ពិនិត្យ​​វឌ្ឍនៈភាព ​នៃ​គម្រោង​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» មហាជនគ្រោង​​ចូលរួម​​ជាង​៥​ម៉ឺន​នាក់

14 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ​ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ នា​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ…

រាជធានីភ្នំពេញ ​៖ ​ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ នា​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ មាន​ភាព​រលូន ​និង​ទទួល​បាន​ជោគជ័យ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បន្ត​រៀបចំ​កិច្ចប្រជុំ​ជា​ថ្មី​ម្តងទៀត ដើម្បី​ពិនិត្យ​ពី​វឌ្ឍនៈភាព ​នៃ​គម្រោង​នេះ ខណៈ​ដែល​គម្រោង​នេះ​នឹង​មាន​មហាជន​ចូលរួម​ប្រមាណ​ជាង​៥​ម៉ឺន​នាក់ ​។

កិច្ចប្រជុំ​ពី​វឌ្ឍនៈភាព ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២៣ ​ធ្នូ​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាពឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ឧបនាយករដ្ឋមន្ត្រី​,​ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តមនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និងលោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​។

ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន​ បាន​មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​ឡើង​ នូវ​ព្រឹត្តិការណ៍​បាល់ទាត់​នេះ គឺ​ដើម្បី​អបអរសាទរ​ ខួប​២៦​ឆ្នាំ ទិវា​សន្តិភាព ​នៅ​កម្ពុជា។ ​ដូច្នេះ​ព្រឹត្តិការណ៍​បាល់ទាត់​នេះ ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ភាព​គគ្រឹក​គ្រេង ​ជាមួយ​ការ​ប្រគុំ​តន្ត្រី បុរាណ សម័យ ដែល​រៀបចំ​ឡើង ​ដោយ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​។ ចំពោះ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​វិញ​ ត្រូវ​តែ​ពង្រឹង​អោយ​បាន​ម៉ឹង​ម៉ាត់​បំផុត ដោយ​ព្រឹត្តិការណ៍​នេះ ​នឹង​មាន​មហាជន​ចូលរួម ប្រមាណ​ជាង​៥​ម៉ឺន​នាក់ តំណាង​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ ក៏​បាន​ចូលរួម ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ហើយ​សម្ដេច​នឹង​អញ្ជើញ​ប្រគល់​បាល់ ជូន​ក្រុមកីឡា ថតរូប​អនុស្សាវរីយ៍​ និង​សំណេះសំណាល ក្នុង​ព្រឹត្តិការណ៍​នេះ​ ។

លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ចំពោះ​ព្រឹត្តិការណ៍​បាល់ទាត់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រួចរាល់ ទាំង​ការ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ ការ​តុបតែង ការ​ដាក់​ភ្លើង​បំភ្លឺ​សាធារណៈ ការ​រៀបចំ​ចំណត​យានយន្ត និង​ការ​ត្រៀមកម្លាំង​កម្មករ​ដើម្បី​សម្អាត អនាម័យ​បរិស្ថាន​ ជាដើម​។​ ព្រឹត្តិការណ៍​នេះ មាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​ ៥​ម៉ឺន​នាក់ រដ្ឋបាល​រាជធានី​ភ្នំពេញ ​ក៏​បាន​ត្រៀម ​អាវយឺត​ ចំនួន​៥​ម៉ឺន​អាវ ដើម្បី​ចែក​ជូន​ផង​ដែរ ​។

ឯកឧត្តម ​ហ៊ុន ម៉ា​នី ក្នុង​ឱកាស​នោះ បាន​ស្នើ​សូម​ឱ្យធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​នេះ​ អោយ​បាន​ទូលំទូលាយ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ បាន​យល់​ពី​ខ្លឹមសារ ​នៃ​ព្រឹត្តិការណ៍​នេះ​ច្បាស់នោះ ​គឺការ​អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ថ្ងៃ​ទី​២៩ ខែធ្នូ ១៩៩៨ ​ខួប​ទី​២៦​ឆ្នាំ ​។

គួរ​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព ដើម្បី​អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ សាលា​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ក្រុមបាល់ទាត់​តារា​កម្ពុជា និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ ដោយ​មានការ​ប្រកួត​ចំនួន​២​គូ ដោយ​គូ​ទី​១ ក្រុមបាល់ទាត់​គុន​ខ្មែរ​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់ តារា​កម្ពុជា និង​គូ​ទី​២ ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក​. ​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​តារា​កម្ពុជា ដោយ​គ្រោង អ្នកចូលរួម​ប្រមាណ​៤​ម៉ឺន ទៅ​៥​ម៉ឺន​នាក់ ​ហើយ​សម្តេច​ធិ​បតី ​នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតី ដ៏​ខ្ពង់ខ្ពស់​សម្រាប់​ការ​ប្រកួត​គូ​ទី​២ រវាង​ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក​. និង​ក្រុមបាល់ទាត់​តារា​កម្ពុជា នៅ​វេលា​ម៉ោង​១៧:០០​នាទី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ