ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រោងចក្រ​បោកគក់មួយ ​បង្ហូរកាកសំណល់​​ចូលស្ទឹង កំពុងមានប្រតិកម្មធ្ងន់ធ្ងរ​

16 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រសួងបរិស្ថាន បានសម្រេចឱ្យក្រុមហ៊ុន ជីងលូ បញ្ឈប់ការបង្ហូរកាកសំណល់រាវ(ទឹកកខ្វក់) ចូលទៅក្នុងប្រឡាយ៦១ ជាបណ្តោះអាសន្ន ដើម្បីរៀបចំឧបករណ៍បច្ចេកទេសតាមដានជាថ្មី ពិសេសបញ្ជៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ…

ខេត្តកំពង់ស្ពឺ ៖ ក្រសួងបរិស្ថាន បានសម្រេចឱ្យក្រុមហ៊ុន ជីងលូ បញ្ឈប់ការបង្ហូរកាកសំណល់រាវ(ទឹកកខ្វក់) ចូលទៅក្នុងប្រឡាយ៦១ ជាបណ្តោះអាសន្ន ដើម្បីរៀបចំឧបករណ៍បច្ចេកទេសតាមដានជាថ្មី ពិសេសបញ្ជៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងជីវចម្រុះ តាមបណ្តោយសណ្តស្ទឹងតូច។ ការសម្រេចនេះធ្វើឡើងក្រោយមានការចុះត្រួតពិនិត្យប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរោងចក្រ និងប្រព័ន្ធលូបង្ហូរកាកសំណល់រាវចេញពីរោងចក្រទៅក្នុងប្រឡាយ៦១ ហើយបន្តធ្លាក់ចូលទៅក្នុងស្ទឹងតូច ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក សារុន សំបូរ ប្រធាននាយកដ្ឋានបរិស្ថាន បានឱ្យដឹងថា ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យតាមដានការអនុវត្តវិធានការកែប្រែបច្ចេកទេសលើការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់របស់សួនឧស្សាហកម្ម JIN LU YAUN ENERGY ENVIRONMENT PROTECTION CO.,LTD ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចំនួន ១២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ផលប៉ះពាល់នេះត្រូវបានប្រជាពលរដ្ឋទទួចលើកឡើងថា មានការបង្ហូរកាកសំណល់រាវ(ទឹកកខ្វក់)ចូលទៅក្នុងប្រឡាយទឹក និងស្ទឹង ពិសេសនៅពេលយប់ ដោយក្នុងនោះបានសុំឱ្យមានការអន្តរាគមន៍បន្ទាន់ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកប្រធាននាយកដ្ឋានបរិស្ថាន បានបន្តទៀតថា ក្រោយមានការស្នើសុំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់បទបញ្ជាទៅដល់អាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ពិសេសក្រសួងបរិស្ថាន ត្រូវចុះបន្ទាន់ទៅដល់ទីតាំងរោងចក្រ ហើយត្រូវរកឱ្យឃើញនូវមូលហេតុដែលបង្កឱ្យទឹកមានពណ៌ក្រម៉ៅ និងមានក្លិនស្អុយខ្លាំង មិនអាចប្រើប្រាស់ក្នុងការស្រោចស្រពផលដំណាំ ពិសេសការប្រើប្រាស់ប្រចាំថ្ងៃ។ ក្រោយការចុះពិនិត្យ ក្រុមការងារចម្រុះនៃអាជ្ញាធរខេត្ត និងស្រុកទាំងពីរដឹកនាំដោយក្រសួងបរិស្ថាន បានរកឃើញថាកាកសំណល់រាវដែលបង្ហូរចេញពីរោងចក្របោកគក់ខាងលើ ពិតជាបានបង្កឱ្យទឹកប្រឡាយ និងស្ទឹងព្រែកត្នោត ប្រែជាខ្មៅ និងមានក្លិនស្អុយអូសាវែលទៅក្នុងទឹក ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រើប្រាស់ប្រចាំថ្ងៃ ពិសេសពលរដ្ឋក្នុងឃុំទាំង១២ ក្នុងស្រុកកណ្តាលស្ទឹង។

ដោយមូលហេតុនេះ ក្រសួងបានសម្រេចផ្អាកការបង្ហូរកាកសំណល់រាវ(ទឹកកខ្វក់) ចេញពីរោងចក្របោកគក់នេះជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ តទៅ តែរោងចក្រអាចនៅដំណើរការជាធម្មតា ដើម្បីរៀបចំប្រព័ន្ធបច្ចេកទេសត្រួតពិនិត្យ និងទុកពេលឱ្យទឹកអាចវិលទៅសភាពដើម ហើយរោងចក្រអាចដំណើរបានជាប្រក្រតីឡើងវិញនៅក្រោយការរៀបចំប្រព័ន្ធបច្ចេកទេសត្រួតពិនិត្យបានរួចរាល់ និងមានការជូនដំណឹងជាថ្មីពីក្រសួង ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ