ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកចូលរួមធ្វើខ្លែងឯកត្រៀមសម្រាប់ព្រឹត្តិ ការណ៍បង្ហោះខ្លែងនៅសៀមរាប

15 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរសឈ្មោះ​អ៊ូច វ៉ា វ័យ ៧៦ឆ្នាំ រស់នៅ​ភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ បុរសឈ្មោះ​អ៊ូច វ៉ា វ័យ ៧៦ឆ្នាំ រស់នៅ​ភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ស្ម័​គ្រចិត្តចូលរួម ​ផលិត​ខ្លែង​​ឯកសម្រាប​់​ព្រឹត្តិការណ៍បង្ហោះ​ក្លែង​ឯក ។ ព្រឹត្តិការណ៍នេះ​​ចាប់ពី​​ថ្ងៃទី២៧ ដល់​​ទី​២៩ ខែធ្នូ ឆ្នាំ២០២៤ ស្ថិត​នៅ​ក្នុង​បរិវេណព្រ​លាន​​​យន្តហោះ​ចាស់​ក្នុងភូមិ​គោកដូង សង្កាត់ ទឹក​វិល ក្រុង​សៀមរាប ។

ថ្មីៗកន្លងមក​លោក​អ៊ូច វ៉ា ​ឱ្យ​ដឹង​ថា ការ​ធ្វើ​ខ្លែង​ឯក​​​មាន​គ្នា​ចំនួន៤នាក់ មក​ពីស្រុកសូទ្រនិគម ស្រុក​​​បន្ទាយ​ស្រី ក្រុង​រុន​តា​ឯក និងស្រុក​ប្រាសាទ​​​បាគង ។ គាត់ថា«មិនមែន​ស្រួលដូច​គេ​និយាយ​ទេ​បង​ប្អូន ។ ខ្លែង​ឯកមួយ យើង​ធ្វើ​ឡើងក្នុង រយៈពេល៣ទៅ៤​ថ្ងៃ ទើប​រួចរាល់» ។

បុរស​ដដែល​រៀបរាប់ថា ខ្លែងឯកធ្វើ​ឡើង​ដោយ​យកឫ​ស្សីមក​បិត​ឱ្យ​តូច​ល្មម ,​បាយ​​ម៉ាន និងក្រណាត់ ។ មានគ្រឿងទាំងនេះហើយ​យក​មកបិទភ្ជាប់​ជាមួយ​គ្នា និងតខ្សែឱ្យ​វែង ទើប​យក​ទៅ​បង្ហោះ​ ។
អ្នកស្រីម៉​ន មុន្នីរួត អាយុ​៥៨ឆ្នាំ បានចូលរួម​ជួយ​ធ្វើ​ខ្លែង​ជូន​កូនសិស្ស និងក្រុម​យុវជន​ស្ម័គ្រចិត្តស​.​ស​.​យ​.​ក​.​ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ព្រឹ​ត្តិការណ៍បង្ហោះ​ខ្លែង​ឯក ។ អ្នក​​ស្រី​ចេះ​បិតឫស្សី​មក​ពីលោក​​តាឈ្មោះអ៊ូច វ៉ា វ័យ៧៦ឆ្នាំ រស់នៅ​ភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ។​

រដ្ឋបាល​ខេត្ត​សៀមរាប បាន​សហការ​ជាមួយ​​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិ​ល្បៈខេត្ត ​ត្រៀម​​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​បង្ហោះ​ខ្លែង​ឯក និងក្លែង​សេរី ហៅក្លែងស្វ័យរិន នៅ​ព្រ​លាន​​យន្តហោះខេត្តសៀមរាបចាស់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី២៧ ដល់ទី២៩ ខែធ្នូ​នេះ ។

រដ្ឋបាល​ខេត្តសៀមរាបរៀប​ចំ​​ពិធី​បុណ្យ​​បង្ហោះ​ខ្លែងឯកនេះ​ឡើង ក្នុង​គោល​បំណង​ធ្វើការ​ផ​្សព្វផ្សាយ​អំពី​ប្រវត្តិ​ខ្លែងឯក​ខ្មែរ​​យើង ដែល​​ដូនតា​បាន​ចារឹក​​​នៅ​​តាម​​​ប្រាង្គ​ប្រាសាទ និងរក្សា​នូវ​ទំនៀមទម្លាប់​ប្រពៃណី​វប្បធម៌ អរិយធម៌​របស់​ដូនតា​ខ្មែរ ។

​លោកមួន សុភាព ប្រធាន​​​មន្ទីរ​វប្បធម៌ និងវិចិត្រ​សិ​ល្បៈខេត្ត​សៀម​​រាប ឱ្យ​ដឹង​អំពី​ប្រវត្តិ​នៃ​ការ​បង្ហោះ​ខ្លែង គឺជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​​យើង​តាំងពី​សម័យ​នគរភ្នំ​មកម៉្លេះ ។ ខ្លែង គឺជា​វត្ថុ​លេង​ម្យ៉ាងដែ​លអាច​ហោះ​បាន​ដោយសារ​កម្លាំង​ខ្យល់​ទាញ​យឹត​តាម​រយៈ​ខ្សែ​ដែលគេ​ចង់​ភ្ជាប់​នឹង​តួ​របស់​វា​ ។ ក្រៅពី​ត្រូវ​បាន​​ប្រើ​សម្រាប់​លេង​កម្សាន្ត វា​ក៏​ជា​សិល្បៈ​មួយ​ប្រភេទ​​ក្នុង​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​ទៀត​ផង ។

ភាគច្រើន​គេ​តែង​បង្ហោះ​​ខ្លែងឯក​លេង​កម្សាន្តក្នុង​រដូវ​លំហើយ ចាប់ផ្ដើម​រាប់​ពី​ថ្ងៃ​ពាក់កណ្ដាល​ខែកញ្ញា ដល់​ពាក់កណ្ដាល​ខែធ្នូ ហើយ​ពេល​ខ្លះ​ខ្មែរ​យើង​លេង​បន្ត​រហូត​ដល់​រដូវ​បន្ទាប់​ទៀត​ គឺ​សិ​សិ​ររដូវ ។

ពិធី​បង្ហោះ​ខ្លែងឯក និង​ខ្លែង​សេរី នៅ​ខេត្តសៀមរាប​មានកម្ម​វិធី​ដង្ហែ​ក្បួន​ខ្លែងឯក ​ខ្លែង​សេរី និងតុក្តា​យក្ស ព្រម​ទាំង​នៅពេល​រាត្រី​មានការ​សម្តែង​សិ​ល្បៈល្ខោន​បាសាក់ និងការ​តាំង​ពិ​ព័រ​ណ៍ ការ​បង្ហាញ​ពី​របៀប​ធ្វើ​ខ្លែងឯក​ផង ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ