ទីក្រុងប្រ៊ុចសែល៖ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ដែលកំពុងចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋជាសមាជិកសហភាពអឺរ៉ុបបានអំពាវនាវយ៉ាងទទូចទៅលោកត្រាំសូមលោកមេត្តាប្រកាន់ជំហរគាំទ្រខាងអ៊ុយក្រែន និងអឺរ៉ុបនៅក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន។ ការថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំធ្លាប់ប្រកាសថាលោកពិតជាអន្ទះសាចង់បញ្ចប់សង្គ្រាមនេះយ៉ាងខ្លាំង។
ថ្វីដ្បិតលោកត្រាំពុំដែលប្រកាសអំពីយន្តការ ឬវិធីដោះស្រាយជម្លោះយ៉ាងណាក្ដី ប៉ុន្តែបើតាមប្រភពផ្ទៃក្នុងបង្ហើបឱ្យដឹងថាវិធីរបស់លោកគឺកាត់ផ្ដាច់ជំនួយយោធាទៅឱ្យអ៊ុយក្រែនដើម្បីបង្ខំឱ្យអ៊ុយក្រែនចូលអង្គុយនៅតុចរចា។ ម៉្យាងទៀត លោកអាចនឹងបង្ខំឱ្យអ៊ុយក្រែនទទួលស្គាល់ទឹកដីដែលកងទ័ពរុស្ស៊ីកំពុងកាន់កាប់នោះជាទឹកដីរបស់រុស្ស៊ីដោយស្របច្បាប់។
និយាយឱ្យស្រួលស្ដាប់ លោកត្រាំចង់ឱ្យអ៊ុយក្រែនកាត់ទឹកដីរបស់ខ្លួនឱ្យរុស្ស៊ីជាថ្នូរនឹងសន្តិភាពតាមទ្រឹស្ដី «អារសាច់ជូនខ្លាទើបនៅស្រុកបាន»។ ប្រភពខ្លះបង្ហើបឱ្យដឹងថាលោកត្រាំ និងទីប្រឹក្សារបស់គាត់គ្មានសង្ឃឹមថាអ៊ុយក្រែនអាចដណ្ដើមយកទឹកដីដែលបាត់បង់ត្រឡប់មកវិញទេ។ នៅក្នុងស្ថានភាពដែលលោកហ្សេឡិនស្គីគ្មានជម្រើសអ្វីក្រៅពីធ្វើការជាមួយលោកត្រាំដើម្បីដោះស្រាយបញ្ហា លោកគ្មានអ្វីក្រៅពីអំពាវនាវឱ្យលោកត្រាំកាន់ជើងអ៊ុយក្រែននោះទេ។
លោកហ្សេឡិនស្គីថាលោកពូទីននៅពេលនេះកាន់តែមានគំនិតផ្ដេសផ្ដាសមែនទែនហើយ។ យោងតាមលោកហ្សេឡិនស្គី ភាគីទាំងបី អាមេរិក (ក្រោមការដឹកនាំរបស់ត្រាំ), សហភាពអឺរ៉ុប និងអ៊ុយក្រែនត្រូវតែរក្សាជំហរតែមួយនៅក្នុងការចរចាគ្នា។ បើសិនម្នាក់និយាយទៅលិច ម្នាក់និយាយទៅកើត ប្រាកដជាស្ដាប់គ្នាមិនបានទេ។ ធ្វើដូច្នេះ ធ្វើឱ្យលោកពូទីនចំណេញនយោបាយទៅវិញ។ លោកថាយើងត្រូវតែមានឯកភាពផ្ទៃក្នុងជាមុនសិនទើបអាចរកឃើញដំណោះស្រាយសន្តិភាព។
លោកហ្សេឡិនស្គីយល់ថាលុះត្រាតែអាមេរិក និងអឺរ៉ុបរួមកម្លាំងគ្នាទើបអាចបញ្ឈប់សកម្មភាពរបស់លោកពូទីន និងជួយសង្គ្រោះអ៊ុយក្រែនបាន។ ផ្ទុយពីលោកត្រាំដែលកំពុងសម្រួចមាត់កាត់ផ្ដាច់ជំនួយដើម្បីពន្លឿនការចរចាគ្នាឱ្យឆាប់ចប់ សហភាពអឺរ៉ុបចង់ផ្ញើសារនយោបាយច្បាស់ៗទៅលោកត្រាំថាទោះបីលោកគិតអ្វីក៏គិតទៅចុះ។ ប៉ុន្តែអឺរ៉ុបនឹងបន្តជួយអ៊ុយក្រែនដើម្បីតស៊ូនៅក្នុងសង្គ្រាម។ នៅក្នុងការចរចាគ្នា អឺរ៉ុបយល់ថាមិនត្រូវធ្វើឱ្យចាញ់ប្រៀបគេដើម្បីផ្ដោតសំខាន់ទៅលើការបញ្ចប់សង្គ្រាមតែមួយមុខនោះទេ។
អឺរ៉ុបចង់មានន័យថានៅក្នុងការចរចាគ្នានេះមិនអាចលោកត្រាំអត្តនោម័តតែពីរនាក់លោកពូទីននោះទេ។ ប៉ុន្តែត្រូវតែគោរពមតិយោបល់របស់អ៊ុយក្រែន និងគិតទៅដល់បូរណភាពទឹកដីរបស់អ៊ុយក្រែនជាបញ្ហាសំខាន់។ លោកអង់តូនីញ៉ូ កូស្តា (Antonio Costa) ដែលជាប្រធានអង្គប្រជុំលើកនេះថ្លែងថាសហភាពអឺរ៉ុបនឹងខិតខំសម្រេចឱ្យបាននូវសន្តិភាពដែលប្រកបដោយយុត្តិធម៌ និងស្ថិតស្ថេរចីរកាលយូរអង្វែង។
នៅក្នុងន័យនេះ បើគេបកស្រាយមិនច្រឡំទេ អឺរ៉ុបអាចនឹងបន្តជួយអ៊ុយក្រែននៅក្នុងសង្គ្រាមរយៈពេលវែងបើសិនលោកត្រាំឈប់ផ្ដល់ជំនួយ និងមិនព្រមសហការជាមួយអឺរ៉ុបទេ។ ចំណុចសំខាន់នៅត្រង់ជំហររបស់ថ្នាក់ដឹកនាំអ៊ុយក្រែន និងជំហររបស់ប្រជាជនអ៊ុយក្រែនទៀត។ បើអ៊ុយក្រែនចង់ងាកទៅខាងអឺរ៉ុប ហើយផាត់លោកត្រាំចោល ពេលនោះ ត្រូវតែបន្តសង្គ្រាមរយៈពេល៤ឆ្នាំទៀតរហូតដល់មានការបោះឆ្នោតនៅអាមេរិកអាណត្តិថ្មី។ តាមពិត លោកត្រាំឈ្នះឆ្នោតក៏ដោយសារលោកសន្យាដោះស្រាយបញ្ចប់សង្គ្រាមអ៊ុយក្រែន។ សង្គ្រាមនេះបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ច សង្គមកិច្ច និងមនុស្សធម៌៕
ចែករំលែកព័តមាននេះ