រាជធានីភ្នំពេញ ៖ ទណ្ឌិតចំនួន ២៤០នាក់ ត្រូវបានក្រសួងយុត្តិធម៌ បន្ធូរបន្ថយទោស និងការលើកលែង ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧មករា) ឆ្នាំ២០២៥ ។
នៅទីស្តីការក្រសួងយុត្តិធម៌ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ តំណាងអយ្យការទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤ ប្រធានមណ្ឌលអប់រំកែប្រែទាំង៤ និងមន្ត្រីជំនាញមួយចំនួន ។
ក្នុងកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ៣៣៥ នាក់ (ស្រី ៣៩ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២៣ និងមណ្ឌលអប់រំកែប្រែចំនួន៤។
ក្រោមពីពិនិត្យយ៉ាងម៉ត់ចត់គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិតដែលមានលក្ខណះសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន ២៤០ នាក់ (ស្រី ២៦ នាក់) ក្នុងនោះរួមមាន ៖
១-ទណ្ឌិតចំនួន ១៨៣ នាក់ (ស្រី ១៥ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ ។
២-ទណ្ឌិតចំនួន ៥២ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ ។
៣-ទណ្ឌិតចំនួន ៥ នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ ។
ដោយឡែកចំពោះទណ្ឌិតចំនួន ៩៥ នាក់ (ស្រី ១៣ នាក់) ផ្សេងទៀត ដែលគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសបាន គឺសុទ្ធតែជាទណ្ឌិតដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន, ករណីក្មេងទំនើង, ករណីឃាតកម្ម, ហិង្សាមានស្ថានទម្ងន់ទោស, ករណីជួញដូរមនុស្ស, ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុករំលោភសេពសន្ថវៈលើកូនរបស់ខ្លួន ជាដើម ។
ទន្ទឹមនេះ គណៈកម្មការថ្នាក់ជាតិ ក៏បានសម្រេចបញ្ចូលទណ្ឌិតចំនួន ២នាក់ ដែលបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈលើកូនស្រី បង្កើតខ្លួន ទៅក្នុងបញ្ជីឈ្មោះទណ្ឌិត ដែលមិនអាចទទួលបានការបន្ធូរបន្ថយទោស ឬលើកលែងទោស (Black List)។
ក្រសួងយុត្តិធម៌ បានឲ្យដឹងថា គិតមកដល់ ពេលបច្ចុប្បន្ននេះមានទណ្ឌិត ដែលត្រូវបានដាក់ចូលក្នុងបញ្ជីឈ្មោះ (Black List) មានចំនួន ៦៨នាក់ ដែលសុទ្ធសឹងតែជាទណ្ឌិត ដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ, សាហាវឃោរឃៅ ដែលពាក់ព័ន្ធនឹងករណីឃាតកម្ម, ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុក ឬ ជីតា រំលោភសេពសន្ថវៈលើកូន ឬ ចៅរបស់ខ្លួនជាដើម ។
ជាមួយគ្នានោះដែរ ក្នុងកិច្ចប្រជុំនេះគណៈកម្មការថ្នាក់ជាតិ បានធ្វើការពិនិត្យលើគោលការណ៍មួយចំនួន ដែលបានអនុវត្តនាពេលកន្លងមក និងបានសម្រេចដាក់ចេញនូវគោលការណ៍ ពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិត ដែលបានប្រព្រឹត្តអំពើដូចខាងក្រោម ៖
ឧក្រិដ្ឋជនគ្រឿងញៀន, អំពើសាហាវយង់ឃ្នង, ករណីមិនរាងចាល, ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
, ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ, ជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ, ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ, ជនរងគ្រោះជាសាច់សាលោហិត, ករណីរំលោភបូក, ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត និងទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដង លើសពី១ភាគ៣ នៃរយៈពេលផ្តន្ទាទោស។
ក្រសួងយុត្តិធម៌ បានលើកឡើងថា ចំពោះសំណើលើកលែងទោស គណៈកម្មការជាតិនឹងបន្តរឹតបន្តឹងក្នុងការពិនិត្យ លើកលែងតែករណីចាំបាច់មួយចំនួន ឬហេតុផលមនុស្សធម៌ តែប៉ុណ្ណោះ ។
បន្តកំណត់ដាក់បញ្ជូលក្នុងបញ្ជីឈ្មោះ Blacklist នូវទណ្ឌិតទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើស ៖ បទឧក្រិដ្ឋ ដែលជាអំពើសាហាវយ៉ង់ឃ្នង, អំពើរំលោភផ្លូវភេទ លើជនរងគ្រោះជាសាច់សាលោហិតបង្កើតរបស់ខ្លួន ។
ក្រសួងបានបន្ថែមពីនេះទៀត ក្នុងពេលឆាប់ៗខាងមុខ គណៈកម្មការថ្នាក់ជាតិ គ្រោងនឹងរៀបចំកិច្ចប្រជុំពិសេសពាក់ព័ន្ធនឹងទណ្ឌិតជាស្ត្រីនៅក្នុងពន្ធនាគារ ដោយផ្តោតជាសំខាន់ទៅលើទណ្ឌិតជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតាមម្តាយ មកពិនិត្យ និងពិភាក្សា ដើម្បីទទួលបានការអនុគ្រោះទោស ៕
ចែករំលែកព័តមាននេះ