រាជធានីភ្នំពេញ ៖ ជីវិតប្តីប្រពន្ធភាគច្រើន ក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយ អ្នកខ្លះតែងតែមានគគ្រោងក្នុងការយកបុត្រ ដើម្បីទុកជាចំណងដៃ ដោយហេតុមួយចំនួនអ្នកខ្លះចង់បានកូនស្រីមុន ឯអ្នកខ្លះទៀតចង់កូនប្រុស ហើយអ្នកខ្លះចង់ឱ្យកូនកើតចំថ្ងៃល្អអ៊ីចឹងទៅ ។
កាលពីពេលថ្មីៗកន្លងមកនេះ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានមានសង្ឃដីកានៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះអង្គ ៖ កើតកូនថ្ងៃហុងស៊ុយល្អ អាហ្នឹងបើកូនហ្នឹងមានបុណ្យ មក កើតថ្ងៃណាក៏គេល្អដែរ ។ ហើយយើងមើលព្រះពុទ្ធអង្គ ប្រសូត្រថ្ងៃ១៥កើត ខែវិសាខ ហើយចុះខ្វះអីមនុស្សដែលកើតថ្ងៃ១៥កើត ខែវិសាខដែរ ហើយមិនបានត្រាស់ដូចព្រះទៅ ប៉ុន្តែអាហ្នឹងវានៅលើបុណ្យបារមីរបស់យើងរៀងៗខ្លួនតើ ។
ជាមួយគ្នានោះដែរ ព្រះអង្គ គូ សុភាព បានមានសង្ឃដីកាបន្តថា ៖ អាហ្នឹងយើងមិនចេះអីហ្នឹងទេ គ្រាន់តែថា ពេលខ្លះកូនហ្នឹងវាមិនទាន់ដល់ថ្ងៃ ដល់ខែ ឱ្យកើតមុន ពេទ្យប្រាប់ចឹងតើ (ពេទ្យឆ្មប) លេងពេលខ្លះឱ្យកើតមុនពេលកំណត់ ដល់ទៅចឹង វាទៅជាប៉ះពាល់ដល់សុខភាពកូន អាចប៉ះពាល់ដល់សុខភាពម្តាយ ។
លើសពីនេះទៅទៀត ព្រះអង្គ គូ សុភាព មានសង្ឃដីកាបន្ថែម ៖ មានញោមម្នាក់នោះគាត់ចង់បានចំថ្ងៃល្អ (សម្រាលកូន) ហើយកូនវាអត់ទាន់គ្រប់ពេលកើត ដល់ចឹងកូនរាងទន់ និងខួរក្បាលគ្នាអត់ល្អ ហើយកើតមកត្រូវចិញ្ចឹមក្នុងកែវ ហើយវេទនាថែមបណ្តោយ ។
ជាចុងក្រោយនេះ ព្រះអង្គ គូ សុភាព បានមានសង្ឃដីកា ៖ អាត្មាថា ញាតិញោមអើយ ! បើថា រើសម៉ោង ពេលថ្ងៃ ធ្វើផ្ទះ ធ្វើសម្បែង ធ្វើពិធីការកូន ការចៅ អាត្មាមិនឃាត់ទេ តែបើរឿងប្រសូត្របុត្រ មិនគួរទេ ពីព្រោះអាហ្នឹង វាជារឿងធម្មជាតិ ដូចផ្លែឈើ តែវាដល់ម៉ោង ដល់ពេលវាទុំវាជ្រុះហើយ ដូចថ្ងៃដែលត្រូវវាលិច វាលិចហើយ បើត្រូវវារះ វារះហើយ យើងចាំបាច់ទៅបន់ស្រន់ អុជធូប វះកាត់ថ្ងៃឱ្យឆាប់រះអីវា ។ ហើយបើញាតិញោមជឿក៏ប្រយ័ត្នប្រយែង ព្រោះពេលខ្លះ វាធ្វើឱ្យយើង បាត់បង់ការត្រិះរិះពិចារណា វាជាគ្រោះថ្នាក់វិញ ចង់បានហុងស៊ុយបែរជាបាត់ហុងស៊ុយទៅវិញ ៕
ចែករំលែកព័តមាននេះ