ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព និង​អ្នកជំនាញ​ថា ការ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ គឺជា​គោលនយោបាយ​លើកកម្ពស់​ជីវភាព និង​ជំរុញ​ការ​អប់រំ​បណ្តុះបណ្តាល​ជំនាញ​ដល់​ពួក​គាត់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​, និង​អ្នកជំនាញ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​លើក​ឡើង​ថា អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ​សម្រាប់​ការ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គឺជា​រឿង​ចាំបាច់​សម្រាប់​កម្ពុជា​ ​ដើម្បី​លើកកម្ពស់​ជីវភាព និង​ជំរុញ​ការ​អប់រំ​បណ្តុះបណ្តាល​ជំនាញ ​ដល់​ពួក​គាត់​ឱ្យ​កាន់តែ​ប្រសើរ​…

រាជធានី​ភ្នំពេញ​ ៖ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​, និង​អ្នកជំនាញ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​លើក​ឡើង​ថា អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ​សម្រាប់​ការ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គឺជា​រឿង​ចាំបាច់​សម្រាប់​កម្ពុជា​ ​ដើម្បី​លើកកម្ពស់​ជីវភាព និង​ជំរុញ​ការ​អប់រំ​បណ្តុះបណ្តាល​ជំនាញ ​ដល់​ពួក​គាត់​ឱ្យ​កាន់តែ​ប្រសើរ​ ។ ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៤ បាន​ចេញ​អនុក្រឹត្យ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជា​ផ្លូវការ ​។

ការ​រៀបចំ​ឱ្យ​មានការ​ចុះបញ្ជី​ថ្នាល​ឌី​ជី​ល ​សម្រាប់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង​មិន​មានការ​បង្ខិតបង្ខំ​នោះ​ឡើយ​សម្រាប់ អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ។ នេះ​ជា​យន្តការ​ដែល​រាជរដ្ឋាភិបាល​រៀបចំ​ឡើង ដើម្បី​បង្កើត​នូវ​ទំនាក់ទំនង​រវាង​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាមួយនឹង​រាជរដ្ឋាភិបាល​ក្នុង​ការ​គិតគូរ និង​ជួយ​ដល់​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​រហ័ស​ទាន់​ពេល ​។

ក្នុង​ចំណោម​គុណ​តម្លៃ និង​កញ្ចប់​អត្ថប្រយោជន៍ នៃ​ការ​ចុះ​ឈ្មោះ​ចូល​ក្នុង​ប្រព័ន្ធ​ចំនួន ៨ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ និង​រៀបចំ​ជួយ​ដល់​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុង​នោះ​ក៏​មានការ​ផ្តល់​លទ្ធភាព​ឱ្យ​បងប្អូន​មាន​លទ្ធភាព​ក្នុង​ការ​ចូល​ជា​សមាជិក​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.), រួម​និង​ការ​បង្កើន​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស តាម​រយៈ​ការ​ពង្រឹង​ជំនាញ​ដែល​មាន​ស្រាប់ និង​ការ​ចាប់​យក​ជំនាញ​ថ្មី​ផង​ដែរ​។

លោក វន់​ ​ពៅ​  ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅ​កាត់​( IDEA) បាន​គូសបញ្ជាក់​ថា យន្តការ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​រាជរដ្ឋាភិបាល​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​បងប្អូន​ពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ក្រៅ​ប្រព័ន្ធ​។ វា​ជា​ជំហាន​ថ្មី​បន្ថែម​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​យកចិត្តទុកដាក់​លើ​សុខទុក្ខ និង​លើកកម្ពស់​ជីវភាព​របស់​ពលរដ្ឋ​ដែល​ជា​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​។

លោក វន់​ ​ពៅ មើលឃើញ​ថា​ការ​ចង.ក្រង​ទិន្នន័យ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​ការ​ប្រមូលផ្តុំ​ពួក​គេ​នៅ​ជា​ក្រុម​ដើម្បី​ត​ភ្ជាប់​ពលរដ្ឋ និង​រាជរដ្ឋាភិបាល​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​គ្នា ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​អន្តរាគមន៍ ផ្តល់​កិច្ច​គាំពារ ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ពី​រាជរដ្ឋាភិបាល​។ កន្លង​មក​តែងតែ​មានការ​លើក​ឡើង​ពី​ផល​លំបាក​នៃ​ការ​ទំនាក់ទំនង​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូច្នេះ​យន្តការ​ចុះ​ឈ្មោះ​មួយ​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ជាង​មុន​ដើម្បី​ទំនាក់ទំនង​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាមួយ​រាជរដ្ឋាភិបាល​ ។

ប្រធាន​សមាគម​រូប​នេះ បាន​គូសបញ្ជាក់​ថា​ការ​ផ្តល់​ឱ្យ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម និង​ការ​ផ្តល់​កិច្ច​គាំពារ​សង្គម​តាម​រយៈ ប​.​ស​.​ស​. ជា​រឿង​ដ៏​មាន​សារសំខាន់ និង​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ក្រុម​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ចង់បាន​បំផុត​នា​ពេល​កន្លង​មក​។ ទន្ទឹម​នេះ ក្នុង​នាម​ជា​អ្នកតំណាង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សូម​ស្វាគមន៍ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គោលនយោបាយ​ចុះ​ឈ្មោះ​ក្រុម​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ជីវភាព​ពួក​គេ ​។

ដោយឡែក លោក​បណ្ឌិត ឈ​ត ប៊ុ​ន​ថង អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លើក​ឡើង​ថា ការ​ចេញ​អនុក្រឹត្យ​ចុះបញ្ជី​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គឺ​មាន​សារសំខាន់​សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ គោលនយោបាយ​មួយ​នេះ​ដើម្បី​គ្រប់គ្រង​ឱ្យ​បាន​នូវ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មានមុខ​របរ​តូច​ៗ មាន​ចំណូល​តិចតួច ក្នុង​គោលបំណង​មិន​ទុក​ពលរដ្ឋ​ណា​ម្នាក់​ចោល​ដោយ​គ្មាន​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​នោះ​ឡើយ​ ។

លើស​ពី​នោះ​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​រូប​នេះ​ក៏​មើលឃើញ​ថា ការ​កំណត់​អត្តសញ្ញាណ ប្រភេទ​ការងារ មុខរបរ អាជីវកម្ម និង​ព័ត៌មាន​របស់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​រឿង​ចាំបាច់​មួយ​ដើម្បី​បើកចំហ​ឱ្យ​ក្រុម​ពលរដ្ឋ​ទាំងនោះ​ទទួល​បាន​កិច្ច​គាំពារ​សង្គម​ពី​សំណាក់​រាជរដ្ឋាភិបាល និង​ការ​លើកកម្ពស់​សមត្ថភាព ដើម្បី​ពង្រឹង​ជីវភាព​គ្រួសារ​របស់​ពួក​គេ ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ ៕ អត្ថបទសហការ